website_news:2017010405

ទូតកម្ពុជានៅកូរ៉េ ទាមទារប្រាក់ធានារ៉ាប់រង ជូនពលករខ្មែរ២នាក់ ដែលបាត់បង់ជីវិត

(http://dap-news.com/kh) ថ្ងៃពុធ, 04 មករា ២០១៧ 11:38 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ កំពុងរៀបចំឯកសារ ដើម្បីទាមទារប្រាក់ធានា រ៉ាប់រង ដល់ក្រុមគ្រួសារនៃសពពលករខ្មែរ២នាក់ ដែលបំរើការងារនៅសាធារណរដ្ឋកូរ៉េ ហើយបានបាត់បង់ជីវិត ដោយសារជំងឺគាំងបេះដូង។

យោងតាមសេចក្តីជូនដំណឹង របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោកជុំ សន្ទរីនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កម្មករឈ្មោះ ខេង បូរ៉ា អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N1051435 មកពី ខេត្តកណ្តាល ធ្វើការផ្នែកឧស្សាហកម្មនៅតំបន់ Ulsan បានបាត់បង់ជីវិត នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៦។ ស្ថានទូតកំពុងរៀបចំឯកសារជូនក្រុមគ្រួសារសព ដើម្បីដឹកសពមកកម្ពុជា។

ចំណែក ឈ្មោះ យឹង សារ៉េត អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N1123173 មកពីខេត្តកំពង់ចាម ធ្វើការ ផ្នែកកសិកម្មនៅតំបន់ Incheon បានបាត់បង់ជីវិត នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ ស្ថានទូតកំពុងរង់ ចាំលិខិតផ្ទេរសិទ្ធិពីក្រុមគ្រួសារសព មុននឹងចេញលិខិតបូជាសពជាផ្លូវការ។ ស្ថានទូតបានបញ្ជាក់ថា តាមសំណូមពររបស់ស្ថានទូត ក្រុមហ៊ុនធានារ៉ាប់រង Samsung តែងតែ ផ្ទេរប្រាក់ធានា រ៉ាប់រងទៅកាន់គណនីរបស់ក្រុមគ្រួសារសពដោយផ្ទាល់តែម្តង។ តាមការឲ្យដឹងពីស្ថានទូត កន្លងមក ពលករដែលបាត់បង់ជីវិត ភាគច្រើនដោយសារជំងឺគាំងបេះដូង ដែល បណ្តាល មកពីកត្តាមួយចំនួនដូចជា៖ របបអាហារមិនគ្រប់គ្រាន់និងមិនទៀងទាត់ (ដោយសារខំសន្សំ សំចៃថវិកា) ការគេងមិនគ្រប់គ្រាន់ អាកាសធាតុ ត្រជាក់ខ្លាំង ធ្លាប់មានប្រវត្តិគាំងបេះដូង ប្រតិកម្មថ្នាំ ឬមានជម្ងឺប្រចាំកាយ ។ល។

ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ នឹងបន្ដសហការជាមួយគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូន ពលករទៅបរទេសដើម្បីបន្ដផ្សព្វផ្សាយពីការថែរក្សាសុខភាពដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ជាពិសេស នៅរដូវត្រជាក់ និងបន្តស្វែងរកដំណោះស្រាយជាមួយអាជ្ញាធរកូរ៉េ៕

website_news/2017010405.txt · Last modified: 2017/09/06 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki