website_news:2017011002

ទូតខ្មែរប្រចាំនៅថៃ ជួយរៀបចំមាតុភូមិនិវត្តន៍ ពលករខ្មែរចាញ់បោកមេខ្យល់ និងរងការវាយធ្វើបាប

(http://dap-news.com/kh) ថ្ងៃច័ន្ទ, 09 មករា ២០១៧ 15:39 ដោយ: ដើមអម្ពិល ID:014

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានរៀបចំមាតុភូមិនិវត្តន៍ ពលករខ្មែរចំនួន ២នាក់ ក្រោយពីពួកគេត្រូវបានមេខ្យល់បោក និងនាំទៅធ្វើការសំណង់នៅទីប្រទេសថៃ ខណៈម្នាក់ទៀត បានរងការវាយធ្វើបាប ពេលកំពុងធ្វើការងារ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ពលករដែលជាជនរងគ្រោះ ទី១. ឈ្មោះ វ.ល ភេទប្រុស អាយុ៣១ឆ្នាំ មកពី ស្រុកបវិល ខេត្តបាត់ដំបង និងទី២. ធ.ផ ភេទប្រុស អាយុ២១ឆ្នាំ មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពួកគេទាំង២នាក់ ត្រូវបានមេខ្យល់ ល្បួងឲ្យមកធ្វើការដោយខុសច្បាប់ នៅការដ្ឋានសំណង់មួយក្នុងក្រុងបាងកក ដើម្បីបានប្រាក់ឈ្នួល ៣០០បាត ក្នុង១ថ្ងៃ ។ សេចក្តីជូនដំណឹង បានបន្តថា រយៈពេលមួយខែដំបូង ពលករទាំងពីរទទួលបានប្រាក់ឈ្នួល២៧០បាត ក្នុង១ថ្ងៃ តែក្រោយមកពុំមានការបើកប្រាក់ឈ្មួល ទើបពួកគាត់រត់ចេញ ទៅសុំជ្រកកោននៅវត្តមួយក្នុងក្រុងបាងកក ហើយត្រូវបានព្រះសង្ឃថៃ ជួយបញ្ជូនតាមតាក់ស៊ីមកស្ថានទូត ។ ស្ថានទូតបានផ្តល់កន្លែង ស្នាក់នៅ និងបាយទឹក បានណែនាំឲ្យពួកគាត់ទៅរកការងារធ្វើនៅកម្ពុជា និងឈប់ប្រថុយប្រថាន ទៅធ្វើការខុសច្បាប់ នៅបរទេសទៀត ចេញលិខិតបើកផ្លូវ ឧបត្ថម្ភថវិកា ១៥០០បាត/ម្នាក់ និងសម្របសម្រួល ជាមួយស្ថានអគ្គកុងស៊ុល ប្រចាំនៅខេត្តសាកែវ ជួយបញ្ជូនពលករទាំងពីរ ត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៧ ។

ពាក់ព័ន្ធករណីមួយទៀត ស្ថានទូត បានទទួលព័ត៌មានថា នៅយប់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៦ ពលករឈ្មោះ ប.ឆ.ន អាយុ២៤ឆ្នាំ មកពីស្រុកកំពង់ត្រាច ខេត្តកំពត កាន់ប័ណ្ណស្នាក់នៅបណ្តោះអាសន្ន (ប័ណ្ណស៊ីជំពូ) ធ្វើការផ្នែកនេសាទនៅខេត្តត្រាត និងបន្ទាប់មកធ្វើការដោយខុសច្បាប់នៅភោជនីយដ្ឋានមួយ ក្នុងក្រុងបាងកក ត្រូវបានពលករថៃព្រួតវាយ និងកាប់របួសជាទម្ងន់ ។

ក្រោយទទួលបានដំណឹងនេះ ស្ថានទូតបានចាត់តំណាង ទៅសួរសុខទុក្ខពលកររងគ្រោះ នៅមន្ទីរពេទ្យរ៉ាចវិធី ។ ថ្លៃព្យាបាលបីថ្ងៃគឺចំនួន ៣១.០០០បាត និងដោយសាម៉ីខ្លួន មានលទ្ធភាពបង់តែ ១២.០០០បាត ស្ថានទូតបានសម្របសម្រួល ជាមួយថៅកែភោជនីយដ្ឋានជួយចេញបង្រ្គប់ ។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ សាច់ញាតិរបស់ជនរងគ្រោះ បានសម្រេចនាំសាម៉ីខ្លួន ទៅបន្តព្យាបាលនៅមន្ទីរពេទ្យខេត្តច័ន្ទបុរីវិញ ដើម្បីសម្រាលការចំណាយថ្លៃព្យាបាល ហើយគ្រោងវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីបានជាសះស្បើយ។ ស្ថានទូតបានចេញលិខិត បើកផ្លូវជូនសាម៉ីខ្លួន និងភរិយា ដែលជាពលករខុសច្បាប់ដូចគ្នា ដើម្បីរួមដំណើរវិលត្រឡប់មកកម្ពុជាវិញ ក្រោយការព្យាបាល ៕

website_news/2017011002.txt · Last modified: 2017/09/06 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki