website_news:20170208002

លោក ហ៊ុន សែន បណ្ដេញអង្គការអាមេរិកមួយចេញពីកម្ពុជារឿងថាស្ត្រីខ្មែរលក់កូនធ្វើស្ត្រីពេស្យា

http://www.rfa.org/khmer/news/ ដោយ ថា កិត្យា 2017-08-01

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យបណ្ដេញអង្គការអាមេរិក មួយឈ្មោះមេត្រីអន្តរជាតិ (Agape International Missions) ចេញពីកម្ពុជា ដែលលោកចោទថា អង្គការនេះប្រមាថស្ត្រីខ្មែរនៅកម្ពុជា ថាម្ដាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ។ រីឯមន្ត្រីអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលស៊ើបអង្កេតដោយឯករាជ្យ ស្វែងរកការពិត ដើម្បីជៀសវាងការចោទប្រកាន់ពីមជ្ឈដ្ឋាននានាថា វិធានការនេះហាក់បង្កប់នូវរូបភាពគំរាមកំហែងដល់អង្គការសង្គមស៊ីវិល។ លោក ហ៊ុន សែន អះអាងថា ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីកម្ពុជា គឺមិនអាចទទួលយកបានឡើយនូវការប្រមាថរបស់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ មេត្រីអន្តរជាតិ ហៅកាត់ថា (AIM) បន្ទាប់ពីអង្គការមួយនេះ បានផ្ដល់ព័ត៌មានដល់ទូរទស្សន៍ ស៊ី.អិន.អិន (CNN) របស់អាមេរិក និងអេ.ប៊ី.ស៊ី អូស្ត្រាលី (ABC NEWS) ដែលបានផ្សាយថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ»។

លោក ហ៊ុន សែន ចោទថា ការផ្ដល់ព័ត៌មាន និងការចុះផ្សាយបែបនេះ គឺជាការប្រមាថកិត្តិយសស្ត្រីខ្មែរដ៏ធ្ងន់ធ្ងរមួយ ហើយលោកបានបញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បិទអង្គការមួយនេះ ដោយមិនអាចអត់ឱនឲ្យបានឡើយ៖ «ឥឡូវអត់ទេ អង្គការមួយនេះត្រូវតែស្ថិតក្នុងស្ថានភាពនៃការស៊ើបអង្កេត។ ខ្ញុំដាក់បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ពិនិត្យមើលហើយបិទចោលភ្លាមៗនូវទង្វើបែបនេះ គឺមិនអាចទទួលយកកើតទេ»។ លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅព្រឹកថ្ងៃទី១ ខែសីហា នាកោះពេជ្រ។ លោក ហ៊ុន សែន ក៏ស្នើដល់ស្ថានទូតអាមេរិក ស៊ើបអង្កេតចំពោះអង្គការនេះ។ បន្ថែមពីនេះ លោកថា នឹងឈានដល់បិទអង្គការដទៃផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ ហើយនិងទទួលចិញ្ចឹមកុមារទាំងអស់ពីអង្គការដែលបិទ។

កាលពីថ្ងៃទី២៥ ខែកក្កដា ទូរទស្សន៍ ស៊ី.អិន.អិន បានចុះផ្សាយរបាយការណ៍មួយដោយដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» ដោយមានបញ្ចូលរបាយការណ៍របស់អង្គការមេត្រីអន្តរជាតិ និងសម្ភាសស្ត្រីជាជនជាតិវៀតណាម រស់នៅកម្ពុជា មួយចំនួនផង។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម មានប្រសាសន៍ថា លោកមិនអាចប្រាប់លម្អិតបានទេ ខណៈដែលមន្ត្រីជំនាញកំពុងស្រាវជ្រាវអំពីប្រវត្តិរបស់អង្គការ AIM នៅឡើយ ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី៖ «មិនដឹងទេ ទាល់តែមើលខ្លឹមសារឡើងវិញទាំងអស់ ទី១ ច្បាប់បានចុះអត់? ទី២ ខុសស្អីខ្លះអ៊ីចឹងណា!»។

ជុំវិញករណីទាំងអស់នេះ ខាងអង្គការមេត្រីអន្តរជាតិ បានសម្រេចមិនផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអាស៊ីសេរី ឡើយ ដោយរង់ចាំការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ សិន។

រីឯប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោកមិនគាំទ្រចំពោះអង្គការណាដែលធ្វើខុសច្បាប់នោះទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានការស៊ើបអង្កេតដោយឯករាជ្យដើម្បីបង្ហាញភស្តុតាងដល់សាធារណមតិជាតិ និងអន្តរជាតិ ឲ្យបានដឹងថា តើការស្រាវជ្រាវនោះបានរកឃើញបទល្មើសអ្វីខ្លះ ហើយសកម្មភាពអង្គការនោះបានប៉ះពាល់ដល់កិត្តិយសជាតិ និងប្រជាជនកម្ពុជា កម្រិតណា? លោកបន្តថា ប្រសិនបើរដ្ឋាភិបាលឆាប់រហ័សក្នុងការបិទដោយមិនមានការស៊ើបអង្កេត និងបង្ហាញភស្តុតាងត្រឹមត្រូវទេ អាចនឹងបណ្ដាលឲ្យមានការយល់ច្រឡំថា ការបិទនេះ គឺពាក់ព័ន្ធនឹងការគំរាមកំហែងដល់អង្គការក្រៅរដ្ឋាភិបាល៖ «ប្រទេសយើងមានច្បាប់ និងមានអាជ្ញាធរជំនាញ ចឹងទោះយ៉ាងណា យើងត្រូវតែមានការស៊ើបអង្កេតមួយឡើង មុននឹងសម្រេចបិទ។ គឺយើងត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់ ហើយចង្អុលបង្ហាញអំពីភស្តុតាង និងបទល្មើសទាំងឡាយ ក៏ដូចជាច្បាប់ អ៊ិន.ជី.អូ (NGO) ដើម្បីឲ្យបង្ហាញដើម្បីកុំឲ្យសាធារណមតិជាតិ និងអន្តរជាតិគេមានការយល់ច្រឡំ»។

អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានទេ នៅថ្ងៃទី១ ខែសីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។

អង្គការមេត្រីអន្តរជាតិ បានបង្កើតនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៨៨ ដែលជាអង្គការមនុស្សធម៌មួយមានទីស្នាក់ការនៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ២០០៥ មកទល់បច្ចុប្បន្ន អង្គការនេះបានបង្វែរមកផ្ដោតលើកិច្ចការប្រឆាំងនឹងអំពើទាសភាពផ្លូវភេទលើកុមារ។

ទាក់ទិនករណីនេះដែរ ស្ថានទូតសហរដ្ឋអាមេរិក បានឆ្លើយតបតាមសារអេឡិចត្រូនិក (Email) ថា ប្រទេសកម្ពុជា បានបោះជំហានគួរឲ្យគាប់ចិត្តចំពោះសកម្មភាពការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរផ្លូវភេទកុមារដូចដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ជាច្រើនពេលថ្មីៗនេះ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានមោទនភាពចំពោះការចូលរួមក្នុងកិច្ចការទាំងនេះ។ ទោះបីជាយ៉ាងណា ឧបសគ្គនៅតែកើតមាននៅឡើយ។ ស្ថានទូតសហរដ្ឋអាមេរិក ជឿជាក់ថា អង្គការក្រៅរដ្ឋាភិបាលដែលសកម្ម ហើយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហារំលោភបំពានលើកុមារ៕

website_news/20170208002.txt · Last modified: 2017/09/08 11:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki