website_news:20170208010

លោក ហ៊ុន សែន បញ្ជាឲ្យធ្វើការស៊ើបអង្កេត ដើម្បីឈានទៅបិទអង្គការ AIM

http://www.postkhmer.com/ Wed, 2 August 2017 សុទ្ធ គឹមសឿន

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការ «មេត្រីអន្ដរជាតិមណ្ឌលបណ្ដុះបណ្ដាល» ហៅកាត់ថា AIM ជាបន្ទាន់ដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលចំពោះអ្វីដែលលោកហៅថាអង្គការនេះបានប្រមាថយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពរបស់អង្គការនេះថាស្ត្រីជាម្ដាយកម្ពុជាបានយកកូនរបស់ខ្លួនលក់ឲ្យធ្វើជាស្រីពេស្យាបម្រើផ្លូវភេទ។ លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលធ្វើឡើងនៅកោះពេជ្រ កាលពីម្សិលមិញដោយលោកបានគំរាមបិទអង្គការក្រៅរដ្ឋាភិបាល AIM បន្ទាប់ពីស្ថានីយទូរទស្សន៍ CNN និង ABC News បានផ្សាយព័ត៌មានដោយផ្អែកលើប្រភពរបស់អង្គការនេះកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៧ នេះក្រោមចំណងជើងថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ»។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមលោកជានាយករដ្ឋមន្ត្រីលោកមិនអាចទទួលយកបានទេនូវការប្រមាថរបស់អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការចុះផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ CNN និង ABC ដោយនិយាយថាស្ត្រីជាម្ដាយនៅកម្ពុជាយកកូនរបស់ខ្លួនទៅលក់ធ្វើជាស្រីពេស្យា។ លោកថ្លែងថា៖ «កម្ពុជាដែលអ្នកឯងប្រើប្រាស់ពាក្យថាកម្ពុជាបានយកកូនទៅលក់ អ៊ីចឹងខ្ញុំចង់កត់សម្គាល់មើលថា តើបណ្ដាបក្សនយោបាយនានានៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលប្រតិកម្មយ៉ាងម៉េច? ព្រោះគេកំពុងតែប្រមាថប្រពន្ធ កូន ប្អូន និងសាច់ញាតិរបស់ខ្លួន តើគិតយ៉ាងម៉េច? បើអ្នកឯងទទួលយកភាសាហ្នឹង អ៊ីចឹងបានសេចក្ដីថាបក្សប្រឆាំង ឬបក្សនយោបាយនានា និងអង្គការក្រៅរដ្ឋាភិបាលសុទ្ធតែមានកូន មានម្ដាយ យកកូនទៅលក់ឲ្យធ្វើស្រីពេស្យាដែរហើយគឺវាមានន័យអ៊ីចឹង»។ បន្ថែមលើនេះលោក ហ៊ុន សែន បានស្នើឲ្យស្ថានទូតអាមេរិកធ្វើការស្រាវជ្រាវលើបញ្ហានេះព្រោះលោកមិនអាចទទួលយកបានទេនូវការប្រមាថដ៏ធំមួយនេះ ហើយលោកនឹងឈានទៅបិទអង្គការក្រៅរដ្ឋាភិបាលដែលមានការពាក់ព័ន្ធ ដោយលោកបានផ្ដាំផ្ញើទៅស្ថានទូតអាមេរិកថា កុំបង្កើតបញ្ហាច្រើនពេក បើគ្រាន់តែយកខ្មែរទៅធ្វើដើមទុនដើម្បីទៅរៃអង្គាសថវិកាពីក្រៅនោះ។

លោកបញ្ជាក់ថា៖ «អ៊ីចឹងឥឡូវនេះអង្គការមួយនេះត្រូវតែស្ថិតនៅក្នុងការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ហើយខ្ញុំដាក់បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសពិនិត្យមើលឲ្យបិទចោលភ្លាមៗនូវទង្វើបែបនេះគឺយើងមិនអាចទទួលយកបានទេ បើទោះជាប្រទេសរបស់ខ្ញុំក្រ ប៉ុន្ដែអ្នកឯងមិនអាចប្រមាថជនជាតិខ្ញុំបានទេ អ្នកឯងបានធ្វើរឿងទម្លាក់គ្រាប់បែកមួយហើយឥឡូវមានរឿងហ្នឹងមួយទៀត»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក គៀត ច័ន្ទថារិទ្ធ និងអ្នកនាំពាក្យក្រសួងការបទេស លោក ជុំ សុន្ទរី មិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេកាលពីម្សិលមិញដោយទូរស័ព្ទមិនមានអ្នកទទួល។

ប៉ុន្ដែលោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ ថាក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញករណីអង្គការខាងលើនេះមានប្រព្រឹត្តកំហុសឆ្គង ហើយបញ្ចេញព័ត៌មានបំផ្លើសបង្ខូចកិត្តិយសដល់កម្ពុជាទាក់ទងនឹងករណីខាងលើនេះពិតប្រាកដមែននោះ។

ស្របពេលជាមួយគ្នានេះដែរក្រសួងកិច្ចការនារីកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍ថា អង្គការ AIM បានបំភ្លៃព័ត៌មានជុំវិញវីដេអូឯកសារ «ក្មេងស្រីកម្ពុជាត្រូវបានម្តាយលក់ឱ្យបម្រើផ្លូវភេទ» ដែលផ្សាយនៅលើទូរទស្សន៍ CNN និង ABC ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះក្រសួងកិច្ចការនារីបានស្នើឱ្យមានវិធានការផ្លូវច្បាប់លើអង្គការ និងបុគ្គលដឹកនាំរបស់អង្គការនេះ។

លោក អំ សំអាត ប្រធានផ្នែកអង្កេតអង្គការលីកាដូបានថ្លែងថាបើសិនជាមានការបិទភ្លាមៗ វាហាក់ដូចជាឆាប់ពេក រដ្ឋាភិបាលគួរតែមានការស៊ើបអង្កេតរកភ័ស្តុតាងឲ្យបានច្បាស់លាស់ចំពោះអង្គការណាមួយដែលបានប្រព្រឹត្តខុសច្បាប់ ដើម្បីកុំឲ្យមានការរិះគន់មកលើរដ្ឋាភិបាល និងធ្វើឲ្យមានការភាន់ច្រឡំចំពោះមតិជាតិ និងអន្តរជាតិ។ លោកបន្តថា៖ «បើយើងមានការស៊ើបអង្កេតឲ្យមានតម្លាភាពមួយកើតឡើងហើយបង្ហាញភ័ស្តុតាង និងបញ្ហាទាំងអស់នោះទៅមហាជនបានយល់ច្បាស់ វាជាការល្អច្រើន។ ដូចខ្ញុំបានជម្រាបអ៊ីចឹងថា បើយើងមិនបានស៊ើបឲ្យបានច្បាស់លាស់ទេគឺនឹងមានការរិះគន់រដ្ឋាភិបាល និងមានការភាន់ច្រឡំក៏ដូចជាការគំរាមកំហែងដល់អង្គការផ្សេងៗទៀតដែរ»។

លោក Arend Zwartjie អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថាយើងបានដឹងពីសកម្មភាពរបស់អង្គការ AIM គឺសំដៅលើសកម្មភាព និងគោលបំណងរបស់ពួកគាត់។ ប្រទេសកម្ពុជា បានបោះជំហានយ៉ាងឆាប់រហ័សក្នុងការប្រឆាំងនឹងការជួញដូរផ្លូវភេទកុមារ ដូចដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ថ្មីៗនេះ។ ទោះយ៉ាងណា លោកថា កម្កុជាក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ «ប៉ុន្ដែ យើងជឿថា អង្គការក្រៅរដ្ឋាភិបាលមានការប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិគឺជាផ្នែកមួយដ៏សំខាន់នៃដំណោះស្រាយ»។

សហស្ថាបនិកនៃអង្គការមេត្រីអន្ដរជាតិមណ្ឌលបណ្ដុះបណ្ដាល Agape International Missions (AIM) លោក Don Brewsters និងលោកស្រី Bridget Brewsters មិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

ប៉ុន្ដែលោក រស់ ច័ន្ទត្រា អាយុ ៣១ ឆ្នាំដែលប្រពន្ធរបស់លោកបានស្នាក់នៅក្នុងអង្គការ AIM រយៈពេល ១៤ ឆ្នាំនោះបានឲ្យដឹងថាមុនពេលចូលមករស់នៅជាមួយអង្គការនេះប្រពន្ធរបស់លោកបានចាកចេញពីគ្រួសារក្រីក្រមួយនៅខេត្តដាច់ស្រយាល ប៉ុន្ដែរហូតមកដល់ពេលនេះប្រពន្ធរបស់លោកបានរស់នៅក្រោមដំបូលអង្គការនេះដោយមានការងារធ្វើសមរម្យដែលអាចចិញ្ចឹមគ្រួសារបានទៀតផង។ លោក រស់ ច័ន្ទត្រា បន្តថា៖ «អង្គការ AIM បានជួយប្រពន្ធខ្ញុំច្រើនណាស់ បន្ទាប់ពីគាត់ចាកចេញពីគ្រួសារតាំងពីកុមារភាពមកហើយឥឡូវគាត់មានការងារធ្វើទៀត បើគេបិទអង្គការនេះទៅមិនដឹងទៅណាទៀតទេគ្រួសារខ្ញុំ»៕ រាយការណ៍បន្ថែមដោយ គង់ មេត្តា

website_news/20170208010.txt · Last modified: 2017/09/11 12:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki