website_news:2017210803

ក្រសួងមហាផ្ទៃទុកឲ្យលោក ហ៊ុន សែន ជាអ្នកសម្រេចថាទុក ឬបិទអង្គការ AIM

http://www.rfa.org/khmer/news/human-rights/ ដោយ ប្រាជ្ញ ចេវ 2017-08-18

ក្រសួងមហាផ្ទៃ បញ្ចប់ការស៊ើបអង្កេតលើអង្គការរបស់អាមេរិក ឈ្មោះ មេត្រីអន្តរជាតិ (AIM) និងប្រគល់របាយការណ៍នោះជូនទៅលោក ហ៊ុន សែន ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីសម្រេចចិត្តផ្លូវការថា គួរទុក ឬបិទអង្គការនេះ? មន្ត្រីនៃអង្គការ AIM រំពឹងថា លោក ហ៊ុន សែន នឹងសម្រេចចិត្តទុកឲ្យអង្គការនេះនៅតែអាចបន្តបេសកកម្មជួយជនរងគ្រោះនៅកម្ពុជា ដដែល។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៨ ខែសីហា ថា កាលពីប៉ុន្មានថ្ងៃមុន ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំមួយជាមួយក្រសួងពាក់ព័ន្ធ ៥ក្រសួង ដើម្បីពិនិត្យមើលសកម្មភាពរបស់អង្គការមេត្រីអន្តរជាតិ។ អ្វីលើសពីនេះ លោកមិនធ្វើទាន់បង្ហាញឲ្យដឹងនៅឡើយទេ។ យ៉ាងក៏ដោយចុះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការស្រាវជ្រាវនោះទំនងមិនបង្ហាញលទ្ធផលអវិជ្ជមានពេកនោះទេ។

ចំណែករដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង និយាយជាមួយកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា ក្រសួងមហាផ្ទៃ កំពុងរៀបចំរបាយការណ៍ស្ដីពីលទ្ធផលដែលខ្លួនបានរកឃើញដាក់ជូនលោក ហ៊ុន សែន ដើម្បីផ្ដល់ការសម្រេចថា គួរទុកឲ្យអង្គការនេះបន្តបេសកកម្មរបស់ខ្លួន ឬបញ្ឈប់សកម្មភាពរបស់អង្គការនេះ។ អ្នកស្រីថែមទាំងប្រាប់ថា អង្គការ AIM បានផ្ញើលិខិតសុំទោសរដ្ឋាភិបាល ប្រសិនបើអ្វីដែលខ្លួនបានធ្វើកន្លងមកប៉ះពាល់ដល់ស្ត្រីខ្មែរ ឬពលរដ្ឋកម្ពុជា។

អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានទេ នៅថ្ងៃទី១៨ ខែសីហា ដោយទូរស័ព្ទមិនអាចហៅចូលបាន។

ចំណែករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលកាន់សំណុំរឿងនេះ លោក ប៉ុល លឹម ប្រាប់ថា ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះលោកត្រូវបំពេញបេសកកម្មការងារនៅខេត្ត ដូច្នេះលោកមិនទាន់បានដឹងពីការវិវឌ្ឍន៍ក្រោយនេះបានទេ៖ «ខ្ញុំគ្មានយោបល់យ៉ាងម៉េចទេ ខ្ញុំរវល់ចុះខេត្ត ចង់ដឹងយ៉ាងម៉េចសួរទៅលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ»។

មន្ត្រីនៃអង្គការមេត្រីអន្តរជាតិ ប្រចាំក្រុងភ្នំពេញ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ដោយក្ដីរំពឹងថា លោក ហ៊ុន សែន នឹងបន្តទុកឲ្យអង្គការ AIM បន្តបេសកកម្មរបស់ខ្លួនបន្តទៀត។

កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា លោកមិនអាចទទួលយកបានឡើយនូវការប្រមាថរបស់អង្គការ AIM បន្ទាប់ពីអង្គការមួយនេះបានផ្ដល់ព័ត៌មានដល់ទូរទស្សន៍ ស៊ី.អិន.អិន (CNN) របស់អាមេរិក និង អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC NEWS) ដែលបានផ្សាយថា “ក្មេងស្រីកម្ពុជា ត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ”។ លោក ហ៊ុន សែន ចោទថា ការផ្ដល់ព័ត៌មាន និងការចុះផ្សាយបែបនេះ គឺជាការប្រមាថកិត្តិយសស្ត្រីខ្មែរដ៏ធ្ងន់ធ្ងរមួយ ហើយលោកបានបញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បិទអង្គការមួយនេះ ដោយមិនអាចអត់ឱនឲ្យបានឡើយ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា រដ្ឋាភិបាលគួរមានវិធានការរដ្ឋបាលណាមួយលើអង្គការ AIM ជាជាងការបិទអង្គការនេះចោល៖ «អ៊ីចឹងខ្ញុំគិតថា ប្រសិនជាបិទអង្គការពិតជាមានការគួរឲ្យសោកស្ដាយ ប៉ុន្តែយើងមានវិធានការត្រឹមកម្រិតណាមួយជាការល្អណាស់»។

អង្គការមេត្រីអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា Agape International Mission ដែលមានទីតាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាតំបន់ធ្លាប់ល្បីឈ្មោះករណីជួញដូរផ្លូវភេទ។ អង្គការនេះបានជួយច្រើនដល់កុមារ និងស្ត្រីតាមរយៈការបង្រៀន និងផ្ដល់ជំនាញ។ អង្គការនេះមានច្រើនអគារបណ្ដុះបណ្ដាល ដូចជាសាលារៀន កន្លែងកាត់ដេរ និងកន្លែងស្នាក់នៅជាដើម។

ដូចគ្នានេះដែរ គេហទំព័រផ្លូវការរបស់អង្គការមេត្រីអន្តរជាតិ បង្ហាញថា អង្គការនេះមានក្លឹបកុមារមជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងសាលបង្វឹកប្រដាល់ និងកន្លែងហាត់ប្រាណជាដើម។ អង្គការ AIM ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៨ ធ្វើការផ្នែកមនុស្សធម៌ និងបានផ្ដើមបេសកកម្មខ្លាំងប្រឆាំងនឹងការជួញដូរផ្លូវភេទនៅកម្ពុជា ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន៕

website_news/2017210803.txt · Last modified: 2017/09/01 12:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki