website_news:2017220801

សម្តេចក្រឡាហោម: សម្តេចនាយករដ្ឋមន្ត្រី សម្រេចឲ្យអង្គការអេអាយអឹមបន្តនៅកម្ពុជា

http://www.rasmeinews.com/ August 21, 2017

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែសីហា ថា ទាក់ទងអង្គការមេត្រីអន្តរជាតិ ឬអេអាយអឹម(AIM) សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យបន្ត ហើយអង្គការបានធ្វើសន្និសីទកាសែតដើម្បីបកស្រាយបំភ្លឺបញ្ហានានាដែលមានកន្លងទៅដោយខ្លួន។ ការផ្តល់សំភាសន៍ដល់រស្មីកម្ពុជា បានធ្វើនៅក្រៅជំនួបពិភាក្សាការងារជា មួយកញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅរសៀលថ្ងៃទី២១ សីហា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្តេចបានប្រគល់ការងារនេះ ឲ្យទៅអគ្គស្នងការនគរបាលជាតិ ដើម្បីទាក់ទងជាមួយអង្គការមេត្រីអន្តរជាតិ (AIM) ពីព្រោះអគ្គស្នងការនគរបាលជាតិ មានចុះអនុស្សរណៈ (MOU) ជាមួយអង្គការ AIM។ ការថ្លែងបញ្ជាក់របស់សម្តេចក្រឡាហោម គឺស្របពេលដែលលោក Don Brewster ប្រធានអង្គការមេត្រីអន្តរជាតិ (AIM) បានធ្វើសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការរបស់ខ្លួនដើម្បីបកស្រាយ ចំពោះការផ្សាយព័ត៌មានខុស ពីការពិតរបស់ទូរទស្សន៍ CNN និងទូរទស្សន៍ ABC NEWS កាលពីពេលថ្មីៗ កន្លងមកនេះ។

ការធ្វើសន្និសីទកាសែតរបស់ប្រធានអង្គការមេត្រីអន្តរជាតិ គឺបន្ទាប់ពីការផ្សាយរបស់ទូរទស្សន៍ CNN និង ABC News ដែលបានផ្សាយព័ត៌មានបំភ្លៃ និងមួលបង្កាច់សេចក្តីថ្លៃថ្នូររបស់អ្នកម្តាយ និងស្ត្រីខ្មែរ ក្រោមចំណងជើង នៃអត្ថបទរបស់ខ្លួន ដែលបានសរសេរថា “ស្ត្រីកម្ពុជាត្រូវបានម្តាយយកទៅលក់ផ្លូវភេទ ដើម្បីយកលុយ “នេះក៏ជាការបំភ្លៃ ប្រឌិត និងបង្ខូចកិត្តិយសប្រទេសកម្ពុជាទាំងមូលដែរ។ លោក Don Brewster បានថ្លែងថា លោកនឹងសរសេលិខិតជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តែងសោកស្តាយ ដែលទូរទស្សន៍ CNN & ABC NEWS ដែលបានដាក់អត្តសញ្ញាណខុស គឺមិនមែនក្មេងស្រីកម្ពុជា គឺជាក្មេងស្រីវៀតណាម។ លោកសូមទោសចំពោះស្ត្រីកម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា ជាការពិតណាស់ ទឹកចិត្តរបស់ខ្ញុំ ដែលមានចំពោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឬសេចក្តីស្រលាញ់ សេចក្តីគោរព ដែលមានចំពោះប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា។ ទឹកចិត្តមនុស្សធម៌ក្នុងនាមជាអង្គការមនុស្សធម៌ បម្រើជួយរួមចំណែកជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាជនរងគ្រោះ”។

សូមជម្រាបថា ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ខ្លាំងៗលើបណ្ដាញសារព័ត៌មាន CNN ផងដែរ ចំពោះការផ្សាយព័ត៌មាន ដែលថា ស្ត្រីកម្ពុជា យកកូនទៅលក់ (ព័ត៌មានមិនពិត) ហើយបានជំរុញឱ្យស្ថានទូតអាមេរិក ធ្វើការស៊ើបអង្កេតផ្ទាល់ខ្លួន លើអង្គការមេត្រីអន្តរជាតិ (AIM) ដែលចុះបំពេញការងារផ្ទាល់ ភាគច្រើន ក្នុងប្រទេសកម្ពុជា ប៉ុន្តែមានទីស្នាក់ការកណ្តាល នៅរដ្ឋកាលីហ្វ័រញ៉ា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំមិនអាចទទួលយបានទេ ដែលធ្វើការចុះផ្សាយរបស់អង្គការមួយ បញ្ចាំងតាមទូរទស្សន៍ CNN ក៏ដូចជា ABC ដោយនិយាយថា ម្តាយយកកូនទៅលក់ធ្វើស្រីពេស្យានោះ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។ ខ្ញុំដាក់បញ្ជាឱ្យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ពិនិត្យមើល ហើយបិទចោលភ្លាមៗ។ មិនឱ្យអ្នកឯងប្រមាថ ជនជាតិខ្ញុំបាននោះទេ៕ MN ដោយៈមុនីរ័ត្ន

website_news/2017220801.txt · Last modified: 2017/09/01 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki