__**[[:Start|Home]]**__ ====== គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ====== គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បង្កើតឡើងដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០១៤ ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​ គ.ជ.ប.ជ ដែលមានក្រសួង ២២ និង​​អង្គភាពជំនាញ ៥ ជាសមាជិក ។ * [[Work Group|ក្រុម​ការងារ​ជំនាញ​អន្តរក្រសួង ស្ថាប័នទាំង ០៦]] * [[formal letter|លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ]] គ.ជ.ប.ជ ជាយន្តការជាតិតែមួយ ដែលទទួលខុសត្រូវជំរុញការអនុវត្តច្បាប់ គោលនយោបាយជាតិ និងអន្តរជាតិ ផែនការ គោលនយោបាយរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ វាយតម្លៃយ៉ាងល្អិតល្អន់ លើស្ថានភាព លទ្ធផល និងភាពប្រឈមទាំងឡាយក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់រូបភាពដែលកើតមានឡើងនៅក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា។ ===== ប្រវត្តិ គ.ជ.ប.ជ ===== មុននឹងមាន គ.ជ.ប.ជ សព្វថ្ងៃ ប្រទេសកម្ពុជាមាន ‌"គណៈកម្មាធិការជាតិដឹកនាំការបង្រ្កាបអំពើជួញដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទក្នុងប្រទេសកម្ពុជា (ប.ជ.រ.ព.ភ)" ដោយអនុក្រឹត្យលេខ ១៦២ អនក្រ/បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៩ ដែលដឹកនាំដោយ សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងមានរដ្ឋមន្រ្តីក្រសួងមួយចំនួន និងថ្នាក់ដឹកនាំតំណាងក្រសួងចំនួន១៤ជាសមាជិក។ នៅក្នុងឆ្នាំ២០១៤ គណៈកម្មាធិការជាតិ (ប.ជ.រ.ព.ភ) បានរៀបចំទៅជាគណៈកម្មាធិការជាតិ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ "ស្ដីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស" ហៅកាត់ថា គ.ជ.ប.ជ និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៤៥ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ "ស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស" (គ.ជ.ប.ជ) និងអនុក្រឹត្យលេខ ២៧៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ "ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)"។ ===== គណៈកម្មាធិការក្រោមជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៖ ===== គណៈកម្មាធិការរាជធានីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.រ.ប.ជ) និង គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) មានរចនាសម្ព័ន្ធដល់ថ្នាក់ ខណ្ឌ ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងប្រទេស មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ និងជួយគាំទ្រគណៈកម្មាធិការជាតិ សម្របសម្រួលដឹកនាំ ការងារប្រចាំថ្ងៃ ទំនាក់ទំនង តាមដាន ត្រួតពិនិត្យ ប្រមូល ចងក្រងរបាយការណ៍ ខែ ត្រីមាស ឆមាស ឆ្នាំ ជូនគណៈកម្មាធិការជាតិ និងរាជរដ្ឋាភិបាល ។ ផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០១៤-២០១៨ ===== ទស្សនវិស័យ ៖ ===== ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ មានសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាពគ្មានអំពើជួញដូរ កេវប្រវ័ញ្ច និងការធ្វើអាជីវកម្មលើមនុស្ស ។ ===== គុណតម្លៃស្នូលនៃផែនការសកម្មភាព៖ ===== ភាពជាម្ចាស់របស់រាជរដ្ឋាភិបាលលើការដឹកនៃសកម្មភាពរបស់រាជរដ្ឋាភិបាល គោរពគោលការណ៍សិទ្ធមនុស្សជាមូលដ្ឋាន កម្មវិធីផ្អែកលើគោលការណ៍យេនឌ័រជាមូលដ្ឋាន មានការចូលរួមយ៉ាងសកម្មពីសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ សមាហរណកម្មជាពហុវិស័យ ការតាមដានត្រួតពិនិត្យ វាយតម្លៃជាប្រព័ន្ធ និងនិរន្តរ៍ភាព ។ ===== គោលដៅរួម៖ ===== រួមបញ្ចូលកិច្ចខំប្រឹងប្រែងគ្រប់ផ្នែក គ្រប់វិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយ និងលុបបំបាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស រួមទាំងការធ្វើអាជីវកម្មលើ​កម្លាំងពលកម្មមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងទៅលើប្រជាជនកម្ពុជាដែលនៅទីណាក៏ដោយ ។ ===== គោលបំណង៖ ===== លើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាព ការជួយជនរងគ្រោះ ការអនុវត្តច្បាប់ ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទប្រកបដោយុត្តិធម៌ ។ ===== យុទ្ធសាស្ត្រទាំង៤៖ ===== * យុទ្ធសាស្ត្រទី១៖ ពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ * យុទ្ធសាស្ត្រទី២៖ លើកកម្ពស់ការបង្ការ ទប់ស្កាត់ * យុទ្ធសាស្ត្រទី៣៖ ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឱ្យឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស * យុទ្ធសាស្ត្រទី៤៖ ការពារជនរងគ្រោះគ្រប់ប្រភេទ និងគ្រប់វ័យ ព្រមទាំងផ្តល់សេវាគាំទ្រសមស្របប្រកបដោយគុណភាព ។ ===== ចក្ខុវិស័យរបស់យើង ===== «ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ មានសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព គ្មានអំពើជួញដូរ កេងប្រវ័ញ្ច និងការធ្វើអាជីវកម្មលើមនុស្ស ។» គុណតម្លៃស្នូលនៃផែនការសកម្មភាព៖ ១. ភាពជាម្ចាស់របស់រាជរដ្ឋាភិបាលលើការដឹកនាំសកម្មភាពរបស់រាជរដ្ឋាភិបាល ២. គោរពគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ៣. កម្មវិធីផ្អែកលើគោលការណ៍យេនឌ័រជាមូលដ្ឋាន ៤. មានការចូលរួមយ៉ាងសកម្មពីសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ៥. សមាហរណកម្មជាពហុវិស័យ ៦. ការតាមដានត្រួតពិនិត្យ វាយតម្លៃជាប្រព័ន្ធ និងនិរន្តរ៍ភាព ។