====== ករណីហាងកាហ្វេ មានលួចលាក់បម្រើសេវាផ្លូវភេទ តុលាការចេញដីការឃុំខ្លួនហើយ ====== (http://www.arey-news.com) គេហទំព័រអរិយធម៌ ថ្ងៃទី 14 May 2016 ម៉ោង 3:26 pm) កំពង់ចាម៖នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នេះ លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៣១៣ , ៣១៤ , ៣១៥ , ៣១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ទៅលើឈ្មោះ ៖ ១- ឈ្មោះ សុង ណាន ភេទប្រុស ២- ឈ្មោះ សូ ស្រីតូច ភេទស្រី ៣-ឈ្មោះ លី ហឿង ភេទស្រី ៤- ឈ្មោះ សឺង ប៉ុក ភេទប្រុស ពីបទសញ្ចារកម្ម ។ គួររលឹកដែលថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដោយមានបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋររស់នៅម្តុំហាងកាហ្វេយីហោ អូន គាវ ០៤ រួចមក លោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលបានបើកធ្វើអាជីវកម្មលក់កាហ្វេ ហើយមានលួចលាក់បម្រើសេវាផ្លូវភេទ យីហោ អូន គាវ ០៤ ស្ថិតក្នុងភូមិទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជាលទ្ធផលយើងរកឃើញ និងបានសង្គ្រោះស្ត្រីរកសុីបម្រើសេវាផ្លូវភេទ ០៤ នាក់ យកមកអប់រំ រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម ហើយឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ (ស្រី ០២ នាក់) ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ទៅតាមប្បញ្ញត្តិច្បាប់មាត្រា ២៥ និង២៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ ។ យោងតាម មាត្រា២៥ សញ្ចារកម្ម នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ មានន័យថាៈ - ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់ជនដទៃ ។ - ជួយ ឬ ការពារអំពើពេស្យាចាររបស់ជនដទៃ ។ - ជ្រើសរើស អូសទាញ ឬ បណ្តុះបណ្តាលបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ ។ - ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ ។ អំពើដូចខាងក្រោមនេះ ត្រូវចាត់ទុកថា ដូចគ្នាទៅនឹងអំពើសញ្ចារកម្មៈ - អំពើធ្វើជាអន្តរការីរវាងបុគ្គលដែលធ្វើពេស្យាចារ និងបុគ្គលដែលប្រកបអាជីវកម្ម ឬ ឱ្យលាភការដល់ពេស្យាចារជនដទៃ ។ - អំពើរបស់ជនណាដែលបានជួយសំរួល ឬ បិទបាំងនូវធនធានដែលខ្លួនបានដឹងថាបានមកពីអំពើសញ្ចារកម្ម ។ - អំពើរារាំងដល់ការបង្ការ ការជួយ ឬ ការអប់រំជាថ្មីដោយទីភ្នាក់ងារសាធារណៈ ឬ ដល់អង្គការឯកជនដែលមាននីតិសម្បទា ដែលធ្វើឡើងដើម្បីជាគុណប្រយោជន៍ដល់បុគ្គលដែលប្រព្រឹត្តអំពើពេស្យាចារ ឬ កំពុងមានគ្រោះដោយការធ្វើពេស្យាចារ ។