====== បញ្ជូនសពពលករខ្មែរម្នាក់ ដែលបានស្លាប់ ក្នុងជម្លោះ ពេលផឹកស៊ី ក្នុងទឹកដីថៃ ====== (http://bayontv.com.kh/29/01/2016) បន្ទាយមានជ័យ ៖ អគ្គកុងស៊ុលខ្មែរសហការជាមួយអាជ្ញាធរថៃ បានបញ្ជូនសពពលករខ្មែរម្នាក់ ដែលបានស្លាប់ ក្នុងជម្លោះ ពេលផឹកស៊ីជាមួយកម្មករដូចគ្នា នៅខេត្តសាមុត ប្រាកាន ប្រទេសថៃត្រឡប់មកកម្ពុជា វិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីយប់ម៉ោង៧និង៣០ នាទីថ្ងៃទី២៨ មករា២០១៦ ។ យោងតាមរបាយការរបស់លោក ងែត ប៊ុនលី អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវប្រទេសថៃបានអោយដឹងថា សពជនរងគ្រោះដែលបានបញ្ជូនមកកម្ពុជា វិញកាលពីយប់ថ្ងៃទី២៨ មករា ២០១៦មានឈ្មោះ ម៉ម ឌិត ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិជ្រាប់ចាស់ឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ បានចូលទៅធ្វើការនៅប្រទេសថៃ ជាកម្មករនៅខេត្តសាមុត ប្រាកាន ហើយត្រូវបានស្លាប់ ក្នុងករណីជម្លោះពេលផឹកស៊ីជាមួយពលករខ្មែរ ដូចគ្នាកាលពីម៉ោង១៦ និង៥០នាទីថ្ងៃទី២៧ មករា២០១៦។ សពជនរងគ្រោះក្រោយពីដឹកមកដល់ទឹកដីកម្ពុជាត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជក់ថា សម្រាប់ឆ្នាំ២០១៥ កន្លងទៅនេះ មានពលរដ្ឋចំណាកស្រុកស្របច្បាប់ និងមិនស្របច្បាប់ស្លាប់ ដោយមូលហេតុផ្សេងៗចំនួន២១៣ ក្នុងនោះស្រី ៥១នាក់ កើនជាងឆ្នាំ២០១៤ ៨៤នាក់ ស្មើ៦៥,១២ភាគរយ។ ដោយឡែកឆ្នាំ២០១៥ មានពលករខែ្មរចេញទៅធ្វើការតាមរយះក្រុមហ៊ុនមានចំនួន ៣៥០៧៩ នាក់ ហើយត្រូវថៃចាប់បញ្ជូនមកវិញមានចំនួន ៦១១០៧នាក់៕ {{tag>សារព័ត៌មាន Thailand បន្ទាយមានជ័យ}}