====== UN-ACT បង្ហាញឫសគល់ពីរប្រភេទដែលជំរុញឲ្យស្ត្រីខ្មែររៀបការទៅប្រទេសចិនទាំងបង្ខំ ====== (http://www.rfa.org/khmer/news) 2016-08-29 ដោយ ស៊ុន ហេង របាយការណ៍ស្រាវជ្រាវរបស់អង្គការសហប្រជាជាតិផ្នែកសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស (UN-ACT) ស្ដីពីបញ្ហាស្ត្រីរៀបការទៅចិន ទាំងបង្ខំ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។ អង្គការសហប្រជាជាតិផ្នែកសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស (UN-ACT) បានចេញរបាយការណ៍ស្រាវជ្រាវមួយនៅថ្ងៃទី២៩ សីហា ស្ដីពីបញ្ហាស្ត្រីរៀបការទៅចិន ទាំងបង្ខំ។ ការសិក្សានេះផ្ដោតសំខាន់ទៅលើដំណើរដើមទងដែលមេខ្យល់ល្បួងស្ត្រីខ្មែរ របៀបរបបដែលគេចំណេញលើពួកគាត់ និងចន្លោះប្រហោងទាំងឡាយក្នុងដំណើរការនេះ ដែលសមត្ថកិច្ចអាចអន្តរាគមន៍បាន។ ជុំវិញរឿងរៀបការស្ត្រីខ្មែរជាមួយបុរសចិន ទៅរស់នៅប្រទេសចិន ទាំងបង្ខំនេះ អ្នកសិក្សាបានចងក្រងឫសគល់នៃបញ្ហាជាពីរប្រភេទ គឺកត្តាដែលជំរុញ និងកត្តាដែលអូសទាញ។ ឧទាហរណ៍មួយចំនួននៃកត្តាជំរុញនេះ គឺបញ្ហាកង្វះការងារ និងប្រាក់ខែទាបនៅកម្ពុជា។ ស្ត្រីជាច្រើនត្រូវបង្ខំចិត្តចេញទៅក្រៅប្រទេស ដើម្បីស្វែងរកការងារទាំងមិនមានការយល់ដឹងគ្រប់គ្រាន់។ ចំណែកឯកត្តាអូសទាញវិញ ការសិក្សារកឃើញថា ដោយសារគោលនយោបាយគ្រួសារមួយកូនមួយរបស់ចិន ជាង ៣០ឆ្នាំកន្លងមក ធ្វើឲ្យគ្រួសារជាច្រើនសម្រេចយកតែកូនប្រុស ដែលជាលទ្ធផលធ្វើឲ្យប្រទេសចិន មានបញ្ហាកង្វះមនុស្សស្រីវ័យគ្រប់រៀបការយ៉ាងធ្ងន់ធ្ងរ។ ដោយសារកម្ពុជា និងប្រទេសចិន បានហាមប្រាមមិនឲ្យមានមេខ្យល់ចែចង់រឿងរៀបការរវាងប្រទេសទាំងពីរនេះ ចំណាកស្រុករបស់ស្ត្រីខ្មែរភាគច្រើន គឺធ្វើឡើងតាមមេខ្យល់លួចលាក់ គ្មានការពិនិត្យពិច័យត្រឹមត្រូវ។ ពួកគេខ្លះត្រូវបានមេខ្យល់សន្យាថា យកទៅធ្វើការទេ តែពេលទៅដល់ប្រទេសចិន មិនបានការធ្វើ បែរជាបានការប្ដីទៅវិញ ឯខ្លះទៀតត្រូវបានគេបង្គាប់ថា ទាល់តែរៀបការ ទើបរកការងារធ្វើបាន។ ដំណោះស្រាយដែលរបាយការណ៍ជូនទៅរដ្ឋាភិបាល គឺឲ្យភាគីកម្ពុជា និងភាគីចិន រៀបចំប្រព័ន្ធមួយដែលត្រួតពិនិត្យលើការចំណាកស្រុកទាំងអស់ រាប់ទាំងចំណាកស្រុកទៅរៀបការផង។ កត្តារុញ និងកត្តាអូសទាញនេះ គឺមិនអាចបញ្ឈប់បានឡើយ មានតែជួយសម្រួលដើម្បីជៀសឲ្យបាននូវការជិះជាន់ និងកេងចំណេញ៕