====== មនុស្ស១០០នាក់ធ្វើចំណាកស្រុកក្នុង១ថ្ងៃ ទៅកាន់ប្រទេសជិតខាងតែគ្មានចំណាត់ការ ====== (https://kohsantepheapdaily.com.kh) ដោយ ៖ ស.សុខុម ថ្ងៃព្រហស្បតិ៍ (12-01-2017 22:25) រាជធានីភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រសួងការបរទេសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ថា ក្រសួងការបរទេសបានទទួលព័ត៌មានថា មានពលករខ្មែរប្រមាន១០០នាក់ក្នុងមួយថ្ងៃបានធ្វើចំណាកស្រុកខុសច្បាប់ និងត្រូវបានអាជ្ញាធរប្រទេសជិតខាងជាពិសេសប្រទេសថៃបានឃាត់ខ្លួន និងបញ្ជូនមកកាន់កម្ពុជាវិញ។ នៅពេលសួរថា ក្រសួងការបរទេសមានចំណាត់ការបែបណាក្នុងការទប់ស្កាត់ពលករខ្មែរដែលធ្វើចំណាកស្រុកទាំងនោះដោយខុសច្បាប់។ លោក ជុំ សុន្ទរី បានលើកឡើងថា ករណីនេះមិនមែនជាសមត្ថកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាអ្នកដោះស្រាយនោះទេ។ ក្រសួងការបរទេសមានភារកិច្ចជួយពូកគេនៅពេលណាពលករចំណាកស្រុកទាំងនោះបានទៅកាន់ស្ថានទូតកម្ពុជាដែលមានតំណាងក្នុងប្រទេសដែលពួកគេបានទៅនោះសុំជួយអន្តរាគមន៍។ ការលើកឡើងរបស់លោក ជុំ សុន្ទរី បានធ្វើឡើងក្រោយពេលដែលមានជំនួបរវាងលោកប្រាក់ សុខុនរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី ជីនីត វង់(Jenet Wong)តំណាងអង្គការសហប្រជាតិទទួលបន្ទុកផ្នែកស្ត្រីនៅទៅស្តីការក្រសួងការបរទេសកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ។ លោក ជុំ សុន្ទរី បានលើកឡើងថា ចំណាកស្រុកមានពីរយ៉ាងសំខាន់គឺចេញទៅរកការងារ និងការរៀបការដោយខុសច្បាប់ជាមួយជនបរទេស ដោយស្ត្រីកម្ពុជាមិនគិត និងតែងតែជួបបញ្ហាកន្លងមក។ ចំពោះការរកការងារធ្វើនៅប្រទេសម៉ាឡេស៊ី មានពលកររងគ្រោះមានចំនួនកើនឡើងក្នុងស្ត្រីបម្រើការងារតាមផ្ទះ និងការរៀបការ ភាគច្រើនទៅកាន់ប្រទេសចិន ហើយពេលនេះទៅចិនមានការថយចុះ។ លោក ជុំ សុន្ទរី បានអះអាងថា អង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ(អ.ស.ប)បានចំណាយប្រមាណ២លានដុល្លារ សម្រាប់ដល់ផ្នែកផ្សេងៗទាក់ទងនឹងស្ត្រីនៅកម្ពុជាក្នុងអំឡុងឆ្នាំ២០១៥។ ពីឆ្នាំ២០១៦ដល់២០១៨ អង្គការស្ត្រីរបស់(អ.ស.ប) គ្រោងចំណាយ៥លានដុល្លារបន្ថែមទៀតដើម្បីជួយដល់កម្មវិធីផ្សេងៗទាក់ទងផលប្រយោជន៍ស្ត្រី។ លោក ជុំ សុន្ទរី បានអះអាងថា ចំពោះចំណាកស្រុកទៅកាន់ប្រទេសចិនដែលថា មានការកើនឡើងដែលតាមតួលេខ និងភាពជាក់ស្តែងមិនដូចគ្នាទេ។ ក្នុងឆ្នាំ២០១៦បើធៀបនឹងឆ្នាំ២០១៥ តួលេខមានការថយចុះខ្លាំងជាងពាក់កណ្តាល។ ការថយចុះខ្លាំងនេះបន្ទាប់ពីឃើញថាមានស្ត្រីខ្មែររងគ្រោះជាច្រើនដែលបានរៀបការជាមួយបុរសចិន យើងបានទំនាក់ទំនងជាមួយសមាសភាពរបស់ចិន និងស្ថានទូតចិននៅកម្ពុជា រឹតបន្តឹងការផ្តល់ទិដ្ឋាការឲ្យស្ត្រីខ្មែរដែលមានអាយុនៅក្មេងចម្លោះពី២០ដល់៣០ឆ្នាំ។ លោក ជុំ សុន្ធរីបានលើកឡើងថា ចំពោះករណីនៅប្រទេសម៉ាឡេស៊ីវិញ តួលេខមានការកើនឡើងខុសពីប្រទេសចិន។ មូលហេតុនៃការកើនឡើងនោះ ពីមុនមកពេលដែលពលករពលការិនីខ្មែរ ដែលធ្វើការងារតាមផ្ទះជាពិសេសនារី។ ពេលណាពួកគាត់មានបញ្ហាអត់រត់មកស្ថានទូតឲ្យជួយអន្តរាគមន៍ទេ ព្រោះពេលចូលទៅពួកគាត់ចូលទៅខ្លួនឯងដែរ។ លោកអ្នកនាំពាក្យអះអាងថា តែពេលនេះពលករខ្មែរ ពលការិនីខ្មែរ ពេលមានបញ្ហាគាត់បានរត់មកកាន់ស្ថានទូតខ្មែរនៅម៉ាឡេស៊ី ពេលនោះស្ថានទូតជួយដោះស្រាយជួនពួកគាត់រួមទាំងការស្នាក់នៅ បរិភោគមុនពេលគាត់ត្រឡប់មកវិញ និងដោះស្រាយជាមួយខាងអន្តោប្រវេសន៍របស់ប្រទេសម៉ាឡេស៊ី។ ពេលនៅពួកគាត់បានមកទាក់ទងនឹងស្ថានទូតកាន់តែច្រើនធ្វើឲ្យតួលេខនៅស្ថានទូតកើនឡើង។ ដោយឡែកក្នុងជំនួបរវាងលោក ប្រាក់ សុខុន និងលោកស្រី Jenet Wong វិញលោក ជុំ សុន្ទរី បានថ្លែងថា លោកស្ត្រីតំណាងអង្គការស្ត្រីរបស់អង្គការសហប្រជាជាតិ(អ.ស.ប)បានជម្រាបជូនលោករដ្ឋមន្ត្រីប្រាក់ សុខុន ថា អង្គការរបស់លោកស្រីមានបំណងជួយដល់ស្ត្រីកម្ពុជា។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះអ.ស.ប ដែលបានជួយដល់កម្ពុជាតាមរយៈការិយាល័យតំណាងនៅ ក្នុងប្រទេសកម្ពុជា និងអង្គការUNDP ដើម្បីជួយ និងការពារដល់សិទ្ធិស្ត្រី និងផលប្រយោជន៍ស្ត្រីនៅកម្ពុជា។ ក្នុងនោះលោកបានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្ត្រីមាន៣ចំណុច ជម្រុញនូវ សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចទៅឲ្យស្ត្រី និងទប់ស្កាត់អំពើហិង្សាលលើស្ត្រី។ លោករដ្ឋមន្ត្រីមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក៏បានថ្លែងអំណរគុណចំពោះអង្គការស្ត្រីរបស់អ.ស.ប ដែលបានខិតខំជួយដល់រាជរដ្ឋាភិបាលកម្ពុជារាល់ចំណុចគោលនយោបាយបីខាងលើនេះ។ លោកបន្តថា ក្រសួងការបរទេសក៏បានខិតខំធ្វើការងារលើគោលនយោបាយទាំងបីនេះដែរ។ ក្នុងនោះក្រសួងការបរទេស និងស្ថានទូតកម្ពុជា បានជួយការពារដល់ពលការិនីខ្មែរ និងស្ត្រីរងគ្រោះខ្មែរ នៅបរទេសបានមកកម្ពុជា ដូចនៅប្រទេសម៉ាឡេស៊ី និងថៃដែលកើតឡើងជាញឹកញាប់។ លោកស្រី Jenet Wong បានថ្លែងប្រាប់អ្នកកាសែតយ៉ាងខ្លីបន្ទាប់ពីជំនួបជាមួយលោករដ្ឋមន្ត្រី ប្រាក់ សុខុន ថា លោកស្រីបានមកកាន់ប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមតំណាងអង្គការស្ត្រីរបស់អ.ស.បប្រជាជាតិប្រចាំនៅកម្ពុជា និងបានចូលជួបលោករដ្ឋមន្ត្រីសម្តែងការគួរសម។លោកស្ត្រីបានលើកឡើងថា ក្នុងជំនួបនោះ លោកស្ត្រីបានលើកឡើងពីបញ្ហាមួយចំនួនដូចជាបញ្ហាយេនឌ័រ និងសិទ្ធិរបស់ស្ត្រីជាដើម៕ {{tag>សារព័ត៌មាន អន្តរក្រសួង}}