====== ក្រសួងការបរទេសកម្ពុជាស្វាគមន៍ប៉ូលិសជប៉ុនក្នុងការចាប់ជនសង្ស័យជួញដូរផ្លូវភេទ ====== (http://km.rfi.fr/cambodia/japan-human-trafficking) 23-01-2017 ដោយ ញឹម សុផល 24/01/2017 ប៉ូលិសជប៉ុន នៅថ្ងៃចន្ទបានចាប់ខ្លួនមនុស្ស៣នាក់ ដែលជាមេខ្លោង ជួញដូរមនុស្ស ពីប្រទេសកម្ពុជានិងថៃ ទៅកាន់ប្រទេសជប៉ុន។ ការឈានដល់ការចាប់ខ្លួនមេខ្យល់នៅពេលនេះ បានធ្វើឡើងបន្ទាប់ពី ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសហការជាមួយសមត្ថកិច្ចជប៉ុន ដើម្បីសង្គ្រោះស្ត្រីខ្មែរចំនួន៧នាក់ ដែលរងគ្រោះដោយការជួញដូរផ្លូវភេទ។ ទីបំផុត មេខ្យល់ជនជាតិជប៉ុន ២នាក់ និងជនជាតិថៃម្នាក់ ត្រូវបានប៉ូលិសជប៉ុនខេត្ត Gunmaចាប់ខ្លួន នៅថ្ងៃចន្ទនេះ បន្ទាប់ពីស្ត្រីរងគ្រោះចំនួន ១០នាក់ ក្នុងនោះមានស្ត្រីខ្មែរ ៧នាក់ និងស្ត្រីថៃ៣នាក់ ត្រូវបានសង្គ្រោះពីការជួញដូរដើម្បីបំរើសេវាកម្មផ្លូវភេទនៅប្រទេសជប៉ុន។ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងប្រាប់វិទ្យុបារាំងRFI ថាសមត្ថកិច្ចកម្ពុជា និងជប៉ុនបានសហការគ្នាយ៉ាងសកម្ម ក្នុងការតាមចាប់ជនល្មើស ដែលបានបោកប្រាស់ស្ត្រីខ្មែរទៅប្រទេសជប៉ុន ដើម្បីបម្រើសេវាកម្មផ្លូវភេទបន្ទាប់ពីទទួលបានព័ត៌មាននេះពីស្ត្រីរងគ្រោះតាមរយៈទំព័រហ្វេសប៊ុកស្ថានទូតខ្មែរនៅប្រទេសជប៉ុន។ លោកថាក្រសួងការបរទេសកម្ពុជាបានវាយតម្លៃខ្ពស់លើការងារនេះ ប្រកបដោយប្រសិទ្ធភាព។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសកម្ពុជាបានចាត់ចែងយ៉ាងយកចិត្តទុកដាក់ ណែនាំឲ្យស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនសហការជាមួយប៉ូលិសជប៉ុន ដើម្បីសាកសួរព័ត៌មានពីស្ត្រីរងគ្រោះ រៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ និងស្វែងរកជនសង្ស័យ និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។ ក្រៅពីនោះក្រសួងការបរទេស តាមរយៈស្ថានទូតក៏បានជួយទាមទារប្រាក់ខែ ដែលជនសង្ស័យសន្យាផ្តល់ឲ្យ និងទាមទារប្រាក់ជំងឺចិត្តជូនស្ត្រីរងគ្រោះ និងសម្រួលសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាផងដែរ។ ទោះយ៉ាងណាស្ត្រីម្នាក់ ក្នុងចំណោមស្ត្រី៧នាក់បានមកដល់ប្រទេសកំណើតវិញហើយ កាលពីចុងខែធ្នូកន្លងទៅដោយសារបញ្ហាសុខភាព។ ក៏ប៉ុន្តែស្ត្រីរងគ្រោះ៦នាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេសជប៉ុននៅឡើយ ដើម្បីចូលរួមសហការបញ្ចប់ស៊ើបអង្កេតជាមួយប៉ូលិសជប៉ុន។ សូមបញ្ជាក់ថាស្ត្រីខ្មែរទាំង៧នាក់ រួមមាន មកពីខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ស្ពឺ តាកែវ និងរាជធានីភ្នំពេញ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅដល់ប្រទេសជប៉ុនកាលពីខែវិច្ឆិកាឆ្នាំ២០១៦ ដោយមានការជ្រោមជ្រែងពីបុរសជនជាតិជប៉ុនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងខេត្ត Gunma។ បុរសនោះ បានសន្យាផ្តល់ការងារឲ្យធ្វើនៅភោជនីយដ្ឋានរបស់ខ្លួន ដល់ស្ត្រីរងគ្រោះជាមួយនឹងប្រាក់ខែខ្ពស់ តែផ្ទុយទៅវិញ បានគំរាមកំហែងនិងបង្ខំស្ត្រីរងគ្រោះ ឲ្យបម្រើសេវាផ្លូវភេទដល់ភ្ញៀវនៅភោជនីយដ្ឋានទៅវិញ និងមិនបានផ្តល់ប្រាក់បៀវត្សឡើយ៕ {{tag>សារព័ត៌មាន អន្តរក្រសួង ជប៉ុន}}