====== រដ្ឋាភិបាលគួរស៊ើបអង្កេតឲ្យច្បាស់មុនប្រកាសបិទអង្គការមេត្រីអន្តរជាតិ" ====== http://www.rfa.org/khmer/news/human-rights/ ដោយ ប្រាជ្ញ ចេវ 2017-08-05 អ្នកច្បាប់និយាយថា រដ្ឋាភិបាលគួរប្រមូលឯកសារ និងភស្តុតាងមកបញ្ជាក់ថា អង្គការមេត្រីអន្តរជាតិ (Agape International Missions) មានកំហុសជាមុនសិន មុននឹងប្រកាសបិទអង្គការនោះ។ ទន្ទឹមនឹងការព្រមានរបស់លោក ហ៊ុន សែន ក្រុមមន្ត្រីជំនាញក្រសួងមហាផ្ទៃ កំពុងស្រាវជ្រាវ ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលនៅឡើយទេ។ ចំណែកអង្គការមេត្រីអន្តរជាតិ ក៏កំពុងបន្តសកម្មភាពរបស់ខ្លួននៅតំបន់ស្វាយប៉ាក ដដែល។ ការព្រមានបិទអង្គការមេត្រីអន្តរជាតិ (AIM) ពីសំណាក់លោក ហ៊ុន សែន ដោយមិនបង្ហាញភស្តុតាងច្បាស់លាស់ ត្រូវបានមេធាវីដើមបណ្ដឹងតំណាងភាគីរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហមយល់ថា មិនទាន់ត្រឹមត្រូវតាមផ្លូវច្បាប់នៅឡើយទេ។ ចំណែកពលរដ្ឋរស់នៅក្នុងសហគមន៍ស្វាយប៉ាក ស្នើទៅលោកនាយករដ្ឋមន្ត្រីសម្រេចចិត្តឡើងវិញ ព្រោះពួកគេមើលឃើញថា អង្គការរបស់អាមេរិក មួយនេះ ជួយសង្គ្រោះស្ត្រី កុមាររងគ្រោះ និងពលរដ្ឋក្រីក្រនៅក្នុងតំបន់នេះច្រើនណាស់។ មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម និងជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហុង គឹមសួន យល់ថា បើផ្អែកលើច្បាប់ តុលាការត្រូវរកអោយឃើញថា អង្គការមេត្រីអន្តរជាតិ បានប្រព្រឹត្តកំហុសជាមុនសិន មុននឹងប្រមុខរដ្ឋាភិបាលប្រកាសបិទអង្គការជួយកុមារ និងស្ត្រីរងគ្រោះមួយនេះ។ លោកបន្តថា មិនមែនអង្គការប្រព្រឹត្តខុស រដ្ឋាភិបាលត្រូវតែបិទនោះទេ គឺត្រូវពិនិត្យលើកំហុសនោះថា តើជាកំហុសវិជ្ជាជីវៈ ឬកំហុសល្មើសច្បាប់ជាតិ៖ «»។ ក្រោយពេលទទួលដំណឹងពីការព្រមានបិទអង្គការពីសំណាក់ប្រមុខរដ្ឋាភិបាល អ្នកដែលធ្វើការងារនៅទីនេះ រួមទាំងស្ថាបនិកអង្គការមេត្រីអន្តរជាតិ មិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតទេ។ ស្ត្រីជាបុគ្គលិកនៃអង្គការមេត្រីអន្តរជាតិ គ្រាន់តែប្រាប់ថា ពួកគេមិននិយាយអ្វីទាំងអស់ក្នុងពេលក្រសួងមហាផ្ទៃ កំពុងសិក្សាពីករណីនេះ។ រីឯបុគ្គលិកនៃអង្គការនេះម្នាក់ទៀត និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកព្រួយបារម្ភបើរដ្ឋាភិបាលបិទអង្គការនេះមែន៖ «»។ អ្នកយកព័ត៌មានអាស៊ីសេរី បានចុះដល់ទីតាំងអង្គការមេត្រីអន្តរជាតិ ដែលមានទីតាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សង្កេតឃើញថា អង្គការនេះទំនងបានជួយច្រើនដល់កុមារ និងស្ត្រី តាមរយៈការបង្រៀន និងផ្ដល់ជំនាញ។ អង្គការនេះមានច្រើនអគារ ដូចជាសាលារៀន កន្លែងកាត់ដេរ និងកន្លែងស្នាក់នៅជាដើម។ ដូចគ្នានេះដែរ គេហទំព័រផ្លូវការរបស់អង្គការមេត្រីអន្តរជាតិ បង្ហាញថា អង្គការនេះមានក្លឹបកុមារ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងសាលបង្វឹកប្រដាល់ និងកន្លែងហាត់ប្រាណជាដើម។ ពលរដ្ឋរស់នៅតំបន់ស្វាយប៉ាក ដែលមានអាយុជិត ២០ឆ្នាំ គឺលោក សុខ វណ្ណា ដែលជាអ្នកលក់ទឹកកកឲ្យអាស៊ីសេរីដឹងថា អង្គការមេត្រីអន្តរជាតិ ជួយសង្គ្រោះស្ត្រី និងកុមារបានច្រើនដែលរួមមានជនក្រីក្រ អ្នកញៀនថ្នាំ និងអ្នករងគ្រោះព្រោះការជួញដូរ និងរងគ្រោះដោយអំពើហិង្សាជាដើម។ លោកថា ប្រសិនបើមានករណីបិទអង្គការនេះមែន ជារឿងសោកស្ដាយបំផុត។ ផ្ទុយពីការព្រមានរបស់លោក ហ៊ុន សែន ពលរដ្ឋរូបនេះស្នើទៅរដ្ឋាភិបាលឲ្យជួយផ្គត់ផ្គង់មកអង្គការនេះផង ដើម្បីអាចជួយពលរដ្ឋរងគ្រោះ និងពលរដ្ឋក្រីក្របានច្រើនជាងនេះ៖ «»។ ចំណែកស្ត្រីម្នាក់ឈ្មោះហៅក្រៅថា ស្រីលក្ខណ៍ ដែលធ្លាប់បម្រើការងារនៅអង្គការមេត្រីអន្តរជាតិ និយាយថា កញ្ញាមិនចង់ឲ្យរដ្ឋាភិបាលបិទអង្គការនេះទេ។ កញ្ញាបន្តថា បើសិនជាមានករណីបិទអង្គការនេះមែន អ្នកដែលរងគ្រោះគឺជាកុមារកំព្រា និងជនរងគ្រោះផ្សេងទៀត៖ «»។ អង្គការមេត្រីអន្តរជាតិ ដែលភាសាអង់គ្លេសហៅថា Agape International Missions (AIM) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៨ ធ្វើការផ្នែកមនុស្សធម៌ និងបានផ្ដើមបេសកកម្មប្រឆាំងនឹងការជួញដូរផ្លូវភេទនៅកម្ពុជា ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។ នាយិកាប្រតិបត្តិអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ អ្នកស្រី ប៉ុក បញ្ញាវិចិត្រ ដែលធ្វើការងារប្រហាក់ប្រហែល និងអង្គការមេត្រីអន្តរជាតិ ដែរនោះ និយាយថា បញ្ហាសង្គមសព្វថ្ងៃដែលបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះនោះ ជាការឆ្លើយតបមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះអ្នកស្រីយល់ថា បើសិនជាបាត់បង់អង្គការជួយជនរងគ្រោះមួយថែមទៀត កម្រិតនៃការជួយជនរងគ្រោះកាន់តែថយចុះទៀត។ អ្នកស្រីស្នើទៅរដ្ឋាភិបាលក្នុងពេលស៊ើបអង្កេតដាក់បញ្ចូលស្នាដៃ ឬសមិទ្ធផលរបស់អង្គការនេះផង ហើយបើរកឃើញកំហុសមែនគួរត្រឹមចេញលិខិតព្រមានជាជាងបញ្ឈប់សកម្មភាពអង្គការ៖ «»។ កាលពីថ្ងៃដើមខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា ភាពយន្តឯកសាររបស់ទូរទស្សន៍អាមេរិក ស៊ី.អិន.អិន (CNN) អំពីកុមារីដែលម្ដាយបង្ខំឲ្យលក់ព្រហ្មចារីដើម្បីដោះបំណុល ថាជាការមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនារីខ្មែរ និងព្រមានបណ្ដេញអង្គការអាមេរិក ឈ្មោះ មេត្រីអន្តរជាតិ ចេញពីនៅកម្ពុជា៖ «»។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៉ុល លឹម ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា ពេលនេះក្រុមជំនាញក្រសួងមហាផ្ទៃ កំពុងសិក្សាករណីនេះ។ អ្វីលើសពីនេះ លោកសុំមិនធ្វើអត្ថាធិប្បាយទេ។ ទោះបីមានការព្រមានបិទអង្គការមេត្រីអន្តរជាតិ ពីសំណាក់លោក ហ៊ុន សែន ក្តី មកទល់ថ្ងៃទី៤ ខែសីហា អង្គការនេះនៅតែបន្តសកម្មភាពរបស់ខ្លួននៅឡើយ។ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាត្រា ៣០ ចែងថា អង្គការ ឬសមាគមដែលមិនបានអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ដោយទុករយៈពេល ៣០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃ ត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះអង្គការចេញពីក្រសួងមហាផ្ទៃ។ ចំណែកមាត្រា ៣១ ចែងដោយទុកពេលឲ្យអង្គការ ឬសមាគម មានសិទ្ធិប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ទៅតុលាការក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ (ថ្ងៃធ្វើការ) ដោយគិតពីថ្ងៃជូនដំណឹងអំពីការសម្រេច។ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏ធ្លាប់បណ្ដេញអង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០០៥ បន្ទាប់ពីចេញរបាយការណ៍និយាយពីទំនាក់ទំនងគ្រួសារលោកនាយករដ្ឋមន្ត្រីទៅនឹងការជួញដូរឈើខុសច្បាប់នៅកម្ពុជា និងបន្ទាប់មកបានបណ្ដេញស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញពីកម្ពុជា។ សារព័ត៌មាន ស៊ី.អិន.អិន បានចេញផ្សាយកាលពីចុងខែកក្កដា ស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ដោយប្រើចំណងជើងជាលើកដំបូងថា "ក្មេងស្រីកម្ពុជាត្រូវបានម្ដាយពួកគេលក់ដើម្បីបម្រើផ្លូវ" (The Cambodian girls sold for sex by their mothers)។ ក្រោយពីការចេញផ្សាយ ស៊ី.អិន.អិន បានលុបពាក្យកម្ពុជា ចេញពីចំណងជើងព័ត៌មានរបស់ខ្លួន។ ប្រភពដែលផ្ដល់សម្ភាសន៍នោះ ត្រូវគេសង្ស័យថា ជាជនជាតិវៀតណាម រស់នៅលើទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជា ដើមកំណើតវៀតណាម ខណៈប្រភពជាជនរងគ្រោះទាំងនោះ ភាគច្រើននិយាយភាសាវៀតណាម។ អនុប្រធានផ្នែកទំនាក់ទំនងរបស់សារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់អាស៊ីសេរី កាលពីថ្ងៃ២ ខែសីហា ថា ភាពយន្តឯកសារស្ដីពីខ្សែជីវិតក្រោយពេលត្រូវបានគេជួញដូរផ្លូវភេទពាក់ព័ន្ធកុមារីបីនាក់នៅកម្ពុជា ដែលត្រូវម្ដាយបង្ខំឲ្យលក់ខ្លួនដើម្បីដោះបំណុលនៅតំបន់ស្វាយប៉ាកនោះ គឺឆ្លុះបញ្ចាំងពីតថភាពពិតនៃស្ថានភាពកុមារីរងគ្រោះដែលធំដឹងក្តីនៅតំបន់ស្វាយប៉ាក។ ទូរទស្សន៍ ស៊ី.អិន.អិន ស៊ើបអង្កេតរឿងនេះនៅឆ្នាំ២០១៣ និងបន្តតាមដានការវិវត្តន៍របស់ពួកគាត់រហូតដល់បច្ចុប្បន្ននេះ។ លោក ចូណេសិន បន្ថែមទៀតថា ភាពយន្តឯកសារនោះ ក៏បានគូសបញ្ជាក់អំពីភាពប្រសើរគ្រាន់បើជាងមុននៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងការទប់ទប់ស្កាត់ការជួញដូរមនុស្សនេះ។ តំណាងសារព័ត៌មាន ស៊ី.អិន.អិន ដដែលបញ្ជាក់ថា សេចក្ដីរាយការណ៍នោះមិនបានផ្សាយថា នារីរងគ្រោះទាំងនោះជាជនជាតិអ្វីនោះទេ គ្រាន់តែបានផ្សាយថា ពួកគាត់ធំដឹងក្តីនៅតំបន់ស្វាយប៉ាក ប៉ុណ្ណោះ។ លោក ចូណេសិន បន្ថែមទៀតថា អត្ថបទពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នោះ រៀបរាប់យ៉ាងច្បាស់អំពីអង្គហេតុពិតដែលបញ្ជាក់ថា អ្នករស់នៅតំបន់ស្វាយប៉ាក ភាគច្រើនជាជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅដោយខុសច្បាប់នៅកម្ពុជា។ តំណាងទូរទស្សន៍ ស៊ី.អិន.អិន រូបនេះ លើកឡើងថា ការយករឿងជាតិសាសន៍របស់ជនរងគ្រោះទាំងនោះមកធ្វើជាលេសក្នុងការចោទប្រកាន់ទូរទស្សន៍ ស៊ី.អិន.អិន គឺជាការយល់ខុស និងផ្ទុយពីបំណងពិតនៃខ្លឹមសារក្នុងសេចក្ដីរាយការណ៍នោះ ដែលផ្ដោតលើជនរងគ្រោះជាកុមារីនៅកម្ពុជា មិនចំពោះថាពួកគាត់ជាជនជាតិអ្វីនោះទេ តែពួកគាត់រស់នៅលើដីខ្មែរ។ ប៉ុន្តែមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម និងជាសមាជិកនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហុង គឹមសួន យល់ថា បើស្ត្រីរងគ្រោះនោះមិនមែនជាស្ត្រីខ្មែរទេ សារព័ត៌មានត្រូវកែខ្លឹមសារដើម្បីការពារកិត្តិយសស្ត្រីខ្មែរឡើងវិញ ហើយបើទោះជាអ្នកទាំងនោះបានសញ្ជាតិខ្មែរក្ដី ក៏ត្រូវបញ្ជាក់ពីជនជាតិដើមឲ្យបានច្បាស់លាស់។ ទោះជាយ៉ាងណា នាយិកាប្រតិបត្តិអង្គការសីលការ អ្នកស្រី ធីតា ឃិះ យល់ស្របឲ្យមានការយកចិត្តទុកដាក់កុំឲ្យមានការប៉ះពាល់ដល់កិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ប្រជាពលរដ្ឋខ្មែរក្នុងការផ្សាយព័ត៌មាន។ ប៉ុន្តែអ្នកស្រីយល់ថា ទោះជនរងគ្រោះជានរណាក៏ដោយ ជនជាតិខ្មែរ ឬវៀតណាមក៏ដោយ ឲ្យតែកើត និងរស់នៅលើទឹកដីខ្មែរ រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវក្នុងនាមជាម្ចាស់ផ្ទះក្នុងការស្រាវជ្រាវបន្ថែម ដោយមិនត្រូវប្រញាប់ប្រតិកម្មយ៉ាងតក់ក្រហល់ពេកនោះទេ។ តំណាងអង្គការមេត្រីអន្តរជាតិ ដែលរងការគំរាមបិទទ្វារ និងបណ្ដេញចេញ គឺអ្នកស្រី ស្តេហ្វានី វ៉ាន់ថាសែល (Stephanie C. VanTassell) ប្រាប់អាស៊ីសេរី ក្រោយលោក ហ៊ុន សែន ព្រមានថា អ្នកស្រីសង្ឃឹមថា នឹងមានដំណោះស្រាយសមស្របមួយនៅពេលខាងមុខ៕ {{ :website_news:0c0cd25d-c307-42e0-aba1-7084a658d290...jpeg?nolink |}}{{ :website_news:65d6f476-d540-4c9f-9fdf-288d6662f914.jpeg?nolink |}}{{ :website_news:940c30c1-1d94-40f1-a627-e883d03f08fb.jpeg?nolink |}} {{tag>សារព័ត៌មាន សហរដ្ឋអាមេរិក បរទេស អង្គការដៃគូ}}