====== នៅសល់ពលករខ្មែរធ្វើការនិងរស់នៅប្រទេសថៃពុំទាន់មានភាពច្បាប់ជាង ២០ម៉ឺននាក់ ====== http://www.rasmeinews.com/ September 6, 2017 (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ក្រុមអ្នកសារព័តមានថា ក្នុងចំណោមពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃប្រមាណ១.០៥០.០០០នាក់ មានពលករជាង៧០ម៉ឺននាក់ហើយជាពលករស្របច្បាប់ ដោយឡែកពលករនៅពុំទាន់ មានភាពស្របច្បាប់នៅសល់ប្រមាណតែជាង២០ម៉ឺននាក់ប៉ុណ្ណោះ។ ប្រាប់ដល់ក្រុមអ្នកសារព័តមាន ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយអំពីយុទ្ធនាការផ្តល់ភាពស្របច្បាប់ ជូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍បន្ត ខណៈចំនួនពលករដែលនៅសេសសល់ខាងលើនេះ រដ្ឋាភិបាលកម្ពុជានឹងបញ្ជូនក្រុមការងារចល័តរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកយុទ្ធនាការ១០០ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ចុះផ្ដល់លិខិតឆ្លងដែន លិខិតធ្វើដំណើរនិងបណ្ណ OCWC ដល់ពលករ ដើម្បីសម្រួលឲ្យពលករ ខ្មែរនៅទីនោះទទួលបានសិទ្ធិស្របច្បាប់ក្នុងការធ្វើការ និងរស់នៅដោយស្របច្បាប់។ លោករដ្ឋមន្ត្រីលើកឡើងថា ក្រៅពីការចែកលិខិតឆ្លងដែនដែលនៅសេសសល់ក្នុងយុទ្ធនាការនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ក៏នឹងបើកការធ្វើលិខិតឆ្លងដែនថ្មីជូនពលករ មិនទាន់មានលិខិតឆ្លងដែនផងដែរ។ ដោយការធ្វើលិខិតឆ្លងដែនលើកនេះ គឺឆាប់រហ័សជាងពេលមុន ពោលគឺធ្វើតែមួយថ្ងៃបានតែម្តងជាមួយតម្លៃ ២.៣៥០បាត ស្មើនឹងជាង ៦៨ដុល្លារអាមេរិក ហើយគ្រោងធ្វើ ឲ្យបាន៥០០នាក់ ក្នុងមួយថ្ងៃ។ មន្ត្រីនគរបាលនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលមានឈ្មោះក្នុងយុទ្ធនានេះ លោក ហួត សុជាតិ បានឲ្យដឹងថាយុទ្ធនាការរយៈពេល១០០ថ្ងៃ ចំនួនក្រុមការងារត្រូវចុះមាន៣៦០នាក់ ដោយចែកចេញជា២០ក្រុម ហើយក្នុង២០ក្រុម នឹងត្រូវចែកចេញជា០៣ក្រុមធំផ្សេងទៀត សម្រាប់ឈរលើ ទីតាំងចំនួន០៣កន្លែងគឺ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តស៉ុងក្លា នៃប្រទេសថៃ។ ក្នុងនាមជាមន្ត្រីជាប់ឈ្មោះបំពេញការងារនេះ លោកបានប្តេជ្ញារថានឹងធ្វើលិខិតស្នាមស្របច្បាប់ជូន ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យបងប្អូនជា ពលករអាចមានសិទ្ធិធ្វើការ និងរស់នៅដោយស្របច្បាប់។ គួររម្លឹកថា ការបើកយុទ្ធនាការសម្របសម្រួលជូនពលករខ្មែរឲ្យទទួលបានសិទ្ធិស្របច្បាប់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានចេញច្បាប់ថ្មីមួយមានការដាក់ទោសធ្ងន់ធ្ងរដល់ពលករបរទេសដែលធ្វើការខុសច្បាប់នៅប្រទេសរបស់ខ្លួន និងថៅកែជនជាតិថៃទាំងឡាយណាដែលទទួលយកពលករបរទេស ធ្វើការដោយមិនមានច្បាប់អនុញ្ញាត។ ប៉ុន្ដែទោះជាយ៉ាងណា ច្បាប់ថ្មីនេះ ត្រូវបានពន្យារពេលអនុវត្តរហូត ដល់ទៅ០៦ខែ ដើម្បីទុកឱកាសឲ្យពលករទាំងអស់បំពេញឯកសារស្របច្បាប់៕ដោយៈដោយ: ពៅ និមល/sn {{ :website_news:15cambodianmigrantworkersflockingtothailandppp_5088c.jpg?nolink |}} {{tag>សារព័ត៌មាន អន្តរក្រសួង}}