====== សម្តេច ស ខេង ស្នើឲ្យរដ្ឋមន្ត្រីយុត្តិធម៌ពន្លឿនការកាត់ក្តីរឿងជួញដូរមនុស្ស ====== http://kleykley.sabay.com.kh/article/ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ ម៉ោង 11:37 សម្តេចក្រឡាហោម ស ខេង បានស្នើផ្ទាល់មាត់ទៅលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យពន្លឿនដំណើរការកាត់ក្តីចំពោះសំណុំរឿងជួញដូរមនុស្សឲ្យបានលឿន ព្រោះមានសារៈសំខាន់ដល់ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជានយោបាយជាតិ។ ការជំរុញនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់អនុវត្តឆ្នាំ២០១៧-២០១៨ ព្រឹកថ្ងៃទី០៩ ខែសីហានេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ សម្តេចក៏បានឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំការបង្ការទប់ស្កាត់ ពីព្រោះវាជាបញ្ហាធំ។ បើបង្ការទប់ស្កាត់មិនបានទេ បទល្មើសជួញដូរ នឹងកាន់តែធំ និងស្មុគស្មាញ។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស បានថ្លែងថា អំពើជួញដូរមនុស្សបាននឹងកំពុងតែលេចចេញនូវរូបភាពថ្មីៗ ដែលចាំបាច់ត្រូវរិះរកសកម្មភាពថ្មីដែលឆ្លើយតបទៅនឹងបញ្ហាបានល្អប្រសើរ។ លោកស្រីបន្តថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយអង្គការវិនរ៉ក់អន្តរជាតិ ដើម្បីឲ្យអ្នកជំនាញវាយតម្លៃឯករាជ្យ ធ្វើការសិក្សាវាយតម្លៃអំពីប្រសិទ្ធភាព និងផលប៉ះពាល់ ឬចំណុចខ្វះខាតផ្សេងៗ ដែលអាចឈានទៅដល់ការតម្រង់ទិសកែលម្អ ការអនុវត្តនៅពាក់កណ្តាលអាណត្តិ នៃផែនការបន្តទៅទៀតសម្រាប់ឆ្នាំ២០១៧-២០១៨៕ អត្ថបទ៖ សោភា {{ :website_news:sor-kheng_large.jpg?nolink |}}{{ :website_news:ju-bun-eng_large.jpg?nolink |}} {{tag>សារព័ត៌មាន​ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អង្គការដៃគូ}}