====== ពលករ ១១ នាក់ថាពួកគេត្រូវក្រុមហ៊ុនឆបោកអស់រាប់ពាន់ដុល្លារ ====== http://www.postkhmer.com/ Thu, 14 December 2017 យន់ ស៊ីនាត and Daphne Chen ភ្នំពេញៈ ពលករចំនួន១១នាក់ដែលសង្ឃឹមថាពួកគេនឹងបានទៅធ្វើការនៅប្រទេសជប៉ុនពេលនេះបានអះអាងថាភ្នាក់ងារជ្រើសរើសពលករបានបោកប្រាស់ពួកគេ បន្ទាប់ពីពួកគេម្នាក់ៗបានចំណាយប្រាក់អស់រាប់ពាន់ដុល្លារកាលពីជិត ២ ឆ្នាំមុនមកនោះ។ ភ្នាក់ងារជ្រើសរើសពលករនេះមានឈ្មោះ APTSE & C (Cambodia) Resources Co. , Ltd បានក្លាយជាកម្មវត្ថុមួយនៃការប្តឹងប្ដល់ជាច្រើនករណីមកហើយនៅក្នុងរយៈពេល៧ ឆ្នាំចុងក្រោយនេះដោយការចោទប្រកាន់ទាំងនោះទាក់ទងទៅនឹងរឿងបោកប្រាស់។ កញ្ញា សុខ សូនីកា អាយុ ២៤ ឆ្នាំបានឲ្យដឹងថានាងបានដាក់ពាក្យជាមួយភ្នាក់ងារមួយនេះកាលពីខែមេសាឆ្នាំ ២០១៦ និងទទួលបានការហ្វឹកហ្វឺនរយៈពេល ៦ ខែ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីនាងបានចំណាយប្រាក់អស់ចំនួន ២៥០០ ដុល្លារលើថ្លៃការរៀបចំផ្សេងៗមកនោះក្រុមហ៊ុននេះមិនដែលបានធានាថារកការងារឲ្យនាងធ្វើនៅប្រទេសជប៉ុននោះទេ។ បើតាមកញ្ញា សូនីកា ក្រុមហ៊ុននេះបានសន្យាប្រគល់ប្រាក់ឲ្យនាងវិញប្រសិនបើពួកគេមិនអាចរៀបចំការងារឲ្យនាងបាននៅត្រឹមខែតុលាឆ្នាំ ២០១៦ ប៉ុន្តែនៅពេលវេលានោះចូលមកដល់ក្រុមហ៊ុននេះបានប្រគល់ប្រាក់ឱ្យនាងវិញត្រឹមតែ ៤០០ ដុល្លារប៉ុណ្ណោះ។ កញ្ញា សូនីកា បន្តថា៖ «រហូតមកដល់ពេលនេះយើងនៅតែរង់ចាំទទួលប្រាក់ចំនួន ២ ១០០ ដុល្លារទៀតត្រឡប់មកវិញ»។ កញ្ញាបានបន្ថែមថាគ្រួសាររបស់នាងបានខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយឥឡូវនេះកំពុងប្រឈមនឹងអត្រាការប្រាក់កើនឡើង។ ពលករអាយុ ២៣ ឆ្នាំម្នាក់ទៀតឈ្មោះ សៅ ម៉េងលាង បាននិយាយថាកញ្ញាក៏បានចំណាយប្រាក់អស់ចំនួន ២.៥០០ដុល្លារដែរសម្រាប់បានការងារធ្វើនៅប្រទេសជប៉ុន ប៉ុន្តែវាមិនដែលមានភាពច្បាស់លាស់នោះទេហើយក្រោយមក អ្នកតំណាងក្រសួងម្នាក់បានអះអាងថានឹងធ្វើការចរចាជាមួយក្រុមហ៊ុន ប៉ុន្តែមិនឃើញមានលទ្ធផលទេ។ ម៉េងលាង បញ្ជាក់ថា៖ «ខ្ញុំមិនមានគម្រោងទៅធ្វើការនៅប្រទេសជប៉ុនទៀតទេ បើទោះបីជាមានការផ្សព្វផ្សាយថាយើងអាចរកប្រាក់បានច្រើនក៏ដោយ ឥឡូវនេះខ្ញុំខ្លាចណាស់»។ បុរសម្នាក់បានបញ្ជាក់ថាគាត់គឺជាតំណាងភ្នាក់ងារនេះ ប៉ុន្តែបានបដិសេធមិនប្រាប់ឈ្មោះរបស់គាត់ទេ ហើយលោកបានបដិសេធការលើកឡើងរបស់ពលករទាំងនោះ។ លោកបញ្ជាក់ថា៖ «ប្រសិនបើនរណាម្នាក់អះអាងថា ក្រុមហ៊ុននេះបានបោកប្រាស់ពួកគេ ឬកុហកពួកគេយើងត្រូវការឯកសារ និងឈ្មោះរបស់ពួកគេដើម្បីធ្វើឱ្យប្រាកដថាពួកគេបានដាក់ពាក្យមកក្រុមហ៊ុនរបស់យើងមែន»។ លោកបានបង្វែរសំណួរផ្សេងទៀតទៅក្រសួងការងារ ឬតុលាការ។ កញ្ញា សូនីកា បាននិយាយថាកញ្ញា និងពលករ ១០ នាក់ផ្សេងទៀតបានដាក់ពាក្យបណ្តឹងទៅក្រសួងការងារកាលពីខែមុន។ ក្រសួងបានប្តេជ្ញាថានឹងធ្វើការស៊ើបអង្កេតក្រុមហ៊ុន APTSE&C នេះនៅឆ្នាំ ២០១៥ លើពាក្យបណ្តឹងផ្សេងៗគ្នា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថាលោកមិនដឹងច្បាស់អំពីក្រុមហ៊ុននេះទេហើយលោក «មិនគិតថា យើងទទួលបានពាក្យបណ្តឹងទេ»។ {{ :website_news:photo_2017-12-14_12-34-32.jpg?nolink |}} {{tag>សារព័ត៌មាន ភ្នំពេញ}}