====== ប្រម៉ាត់ប្រម៉ង់ដើរចាប់ក្មេងៗ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ សួរនាំទើបដឹងការពិត ====== https://angrut.com By សន្ទូច -March 15, 2017 ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលប្រជាពលរដ្ឋនៅក្រុងបាត់ដំបងផ្អើលថា ជាប្រម៉ាត់ប្រម៉ង់ដើរចាប់ក្មេងៗ ដែលអ្នកខ្លះអះអាងថាវះយកគ្រលៀននោះ ត្រូវបាននគរបាលចាប់ខ្លួនបានហើយ កាលពីរសៀល ថ្ងៃទី១៤ មីនា ២០១៧ នៅចំណុចសាលារៀន USA ស្ថិតក្នុងភូមិវាលបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ បើយោងតាមប្រភពពីលោក ឈឿង គឹមសុង មេក្រុមអន្តរាគមន៍បង្ការនិងបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វ៉ាន់ គឹមស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ មានតួនាទីជាសន្តិសុខសាលារៀនខាងលើ បច្ចុប្បន្នស្នាក់នៅភូមិដប់ម៉ឺន សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ការឃាត់ខ្លួនធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បន្ទាប់ពីមានបាតុភាពថា មានការចាប់ក្មេងវះយកគ្រលៀន កាត់ដៃ កាត់ជើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងខេត្តបាត់ដំបង និងភ័យខ្លាចរយៈពេលជាងមួយខែកន្លងមកនេះ ។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនបានធ្វើសកម្មភាពចំនួន៨លើកមកហើយ ប៉ុន្តែមិនមែនជាការចាប់យកទៅវះក្រលៀនយកលក់ ឬកាត់ដៃកាត់ជើងដូចពាក្យគេចោទនោះទេ គឺគ្រាន់តែហៅក្មេងមកក្បែរឲ្យលុយដើម្បីលួងលោម និងធ្វើសកម្មភាពស្ទាបអង្អែលដៃ ជើង និងបៀតបៀនកេរ្តិ៍ខ្មាស់ តែប៉ុណ្ណោះ ។ ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យនិងដឹងការពិត ទើបកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ចាត់ការបន្តទៅតាមផ្លូវច្បាប់ ។ គួររំលឹកផងដែរ កាលពីពេលថ្មីកន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង បាននាំគ្នាភ្ញាក់ផ្អើល និងភ័យខ្លាចចំពោះសុវត្ថិភាពកូនៗ បន្ទាប់ពីលឺដំណឹងថា មានជនសង្ស័យម្នាក់ ឬហៅថា ជាប្រម៉ាត់ប្រម៉ង់ បានជិះម៉ូតូតាមភូមិ ក្នុងបំណងចាប់យកក្មេងៗតូចទៅវះយកក្រលៀន និងកាត់យកដៃជើង ។ ប៉ុន្តែយ៉ាងណាក៏ដោយក្រោមកិច្ចប្រតិបត្តិការរបស់នគរបាល ជនបង្កត្រូវបានចាប់ខ្លួនយកមកផ្តទ្ទាទោសតាមផ្លូវច្បាប់ ៕ {{ :website_news:whatsapp-image-2017-03-14-at-7.30.36-pm.jpeg?nolink |}}{{ :website_news:03_15_2017_08_16_52whatsapp-image-2017-03-14-at-7.30.41-pm.jpeg?nolink |}}{{ :website_news:whatsapp-image-2017-03-14-at-7.30.40-pm-1.jpeg?nolink |}} {{tag>សារព័ត៌មាន បាត់ដំបង ឈឿង_គឹមសុង វ៉ាន់_គឹមស្រស់}}