====== រដ្ឋាភិបាលបញ្ចប់ការស៊ើបអង្កេតលើអង្គការមិនមែនរដ្ឋាភិបាលមួយដែលលោក ហ៊ុន សែន បញ្ជាឱ្យបិទ ====== http://www.cambodiadailykhmer.com/ ដោយ ផាន់ ស៊ូមី | ថ្ងៃសុក្រ ទី 18 ខែសីហា ឆ្នាំ2017 មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អាជ្ញាធរបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងការជួញដូរផ្លូវភេទមួយ ដែលលោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យបិទកាលពីដើមខែនេះ ចំពោះអ្វីដែលលោកហៅថាជាការប្រមាថ “ដែលមិនអាចអត់ឱនឱ្យបាន”ហើយអង្គការនេះបានធ្វើការសុំទោស ប្រសិនបើព័ត៌មាននេះបង្កឱ្យមានការអាក់អន់ចិត្តនោះ។ កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យពិនិត្យមើលអង្គការមេត្រីអន្តរជាតិ (AIM) ហើយបិទចោលភ្លាមៗ ជុំវិញអត្ថបទព័ត៌មានកាលពីពេលថ្មីៗរបស់បណ្ដាញសារព័ត៌មាន CNN នេះដែលលោកបានចោទចំពោះការអះអាងដែលថា តំបន់ស្វាយប៉ាកដែលស្ថិតក្នុងរាជធានីភ្នំពេញធ្លាប់ជាកន្លែងមានឈ្មោះមិនល្អសម្រាប់ពេស្យាចារកុមារនោះ នៅតែជាកន្លែងនៃការជួញដូរផ្លូវភេទកុមារមិនទាន់គ្រប់អាយុដដែល។ រដ្ឋាភិបាលក៏បានរិះគន់របាយការណ៍ព័ត៌មាននេះផងដែរដែលបានបង្ហាញពីការងាររបស់អង្គការ AIM នៅក្នុងតំបន់ស្វាយប៉ាក ចំពោះការអះអាងដែលថា ស្ត្រីជាម្ដាយដែលលក់កូនរបស់ខ្លួនឱ្យបម្រើផ្លូវភេទជាជនជាតិកម្ពុជា មិនមែនជាជនជាតិវៀតណាម។ លោក ហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “នេះជាការប្រមាថដ៏ធ្ងន់ធ្ងរ”។លោកបន្ថែមថា “ដោយតម្លៃណាក៏ដោយ អង្គការមួយនេះត្រូវចាកចេញពីកម្ពុជា មិនអាចឱ្យនៅបានទៀតទេ”។ បើទោះជាមានការគំរាមបែបនេះក្ដី ក៏អង្គការ AIM បានបន្តប្រតិបត្តិការខណៈស្ថិតក្រោមការស៊ើបអង្កេតចំពោះព័ត៌មានដែលខ្លួនបានផ្ដល់ ឬមិនបានផ្ដល់ដល់បណ្ដាញសារព័ត៌មាន CNN សម្រាប់ការធ្វើសេចក្ដីរាយការណ៍របស់ខ្លួន។ កាលពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការស៊ើបអង្កេតបានបញ្ចប់ហើយ។ លោកស្រីបានថ្លែងថា “ក្រសួងមហាផ្ទៃកំពុងតែស្វះស្វែងរកព័ត៌មានដើម្បីធ្វើការវាយតម្លៃទៅលើអង្គការ AIM អំពីគុណសម្បត្តិ និងចំណុចខ្វះខាត ដើម្បីទាញជាការសន្និដ្ឋានចុងក្រោយ តើអង្គការនេះអាចនឹងត្រូវបន្តសកម្មភាពទៀតឬមួយក៏យ៉ាងណា”។ លោកស្រី ជូ ប៊ុនអេង ដែលក៏ជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដែរនោះ មានប្រសាសន៍ថា អង្គការ AIM បានធ្វើ “កំហុស” ប៉ុន្តែបានបដិសេធមិននិយាយថាតើកំហុសនោះជាអ្វីឡើយ។ លោកស្រីបានបន្ថែមថា នៅក្នុងលិខិតមួយ អង្គការមិនមែនរដ្ឋាភិបាលនេះបាន “សុំទោសប្រសិនបើអ្វីដែលខ្លួនបានធ្វើនោះ ប៉ះពាល់ដល់ស្ត្រីកម្ពុជា ឬពលរដ្ឋកម្ពុជា”។ រដ្ឋលេខាធិការរូបនេះបានមានប្រសាសន៍ថា ក្រសួងកំពុងរៀបចំរបាយការណ៍ស្តីពីលទ្ធផលដែលខ្លួនបានរកឃើញដាក់ជូនលោកនាយករដ្ឋមន្ត្រី ដែលមានសិទ្ធិសម្រេចចុងក្រោយថាតើអង្គការមិនមែនរដ្ឋាភិបាលនេះគួរនៅបន្តបើក ឬក៏យ៉ាងណានោះ ប៉ុន្តែលោកស្រីបានបដិសេធមិននិយាយថា របាយការណ៍នេះអាចត្រូវបានបញ្ជប់នៅពេលណានោះឡើយ។ និយាយពី CNN លោកស្រីមានប្រសាសន៍ថា ការសម្រេចរបស់បណ្ដាញសារព័ត៌មានអាមេរិកនេះក្នុងការកែសម្រួលចំណងជើងនៅក្នុងអត្ថបទរបស់ខ្លួននោះ គឺជាការទទួលស្គាល់កំហុសរបស់ខ្លួន។ លោកស្រីបានថ្លែងថា អង្គការ AIM បានសុំធ្វើការកែសម្រួល។ ពីដំបូង បណ្ដាញសារព័ត៌មានCNN បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា ជីវិតក្រោយការជួញដូរ៖ ក្មេងស្រីកម្ពុជាត្រូវបានម្ដាយពួកគេលក់ដើម្បីបម្រើផ្លូវភេទ” (Life after trafficking: The cambodian girls sold for sex by their mothers)”។ តែក្រោយមក ពាក្យ “Cambodian” ត្រូវបានដកចេញ។ នៅក្នុងសេចក្ដីកែតម្រូវដែលបានចុះផ្សាយនោះ បណ្ដាញសារព័ត៌មាននេះបានលើកឡើងថា ខ្លួនបានធ្វើការកែសម្រួល “ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែត្រឹមត្រូវបន្ថែមទៀតអំពីខ្លឹមសារព័ត៌មាននោះ ដែលសំដៅដល់ក្មេងស្រីដើមកំណើតវៀតណាម ដែលជាជនរងគ្រោះនៃការជួញដូរផ្លូវភេទក្នុងប្រទេសកម្ពុជា”។ អង្គការ AIM បានបដិសេធចំពោះសំណើជាច្រើនសុំការបំភ្លឺ ហើយមិនអាចទាក់ទងបានកាលពីម្សិលមិញ។កាលពីចុងខែកក្កដា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការស៊ើបអង្កេត បណ្ដាញសារព័ត៌មាន CNN បានលើកឡើងថា ខ្លួនគាំទ្រសេចក្ដីការណ៍ព័ត៌មានរបស់ខ្លួន៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter) {{tag>ក្រសួងមហាផ្ទៃ សារព័ត៌មាន អង្គការដៃគូ}}