====== តុលាការសម្រេចឃុំខ្លួន ម៉ែយ៉ែម និងឪយ៉ែម ពីរនាក់ប្តីប្រពន្ធ ពាក់ព័ន្ធរឿងបើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ====== http://ann.com.kh/blog/detail ដោយ: ឡុក សំរិតថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ រាជធានីភ្នំពេញ៖ យោងតាមប្រភពពីសមត្ថកិច្ចបាននឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនជាប់ចោទ ២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីបើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខុសច្បាប់។ យោងតាមប្រភពពីសមត្ថកិច្ចជនជាប់ចោទ ទី១ឈ្មោះ ញ៉ែម សារ៊ំ ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តី និងទី២ឈ្មោះ ថាច់ ថង់ ភេទស្រី អាយុ៤២ឆ្នាំ ជាប្រពន្ធ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះគ្មានលេខ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានលោក ស្រី ម៉ាកនី តំណាងអយ្យការចោទពីបទ សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងចារី ប្រព្រឹត្តទៅលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ យោងតាមមាត្រា២៨៤ និងមាត្រា២៨៨ នៃក្រមព្រហ្មទណ្ឌ។ បើយោងតាមបទចោទនេះ ជនជាប់ចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ គួររំលឹកថា កាលពីយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧កន្លងទៅកម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ដោយមានការ សម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ ៧៧៧៧ ស្ថិតនៅផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយសង្ស័យថា មានបង្កប់សេវាផ្លូវភេទដោយខុសច្បាប់។ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានរំដោះស្ត្រីជាជនរងគ្រោះចំនួន ៤នាក់ និងរកឃើញវត្ថុតាងមួយចំនួន ដូចជា ស្រោមអនាម័យមិនទាន់ប្រើ និងប្រើហើយ មួយចំនួនធំ សៀវភៅកត់ត្រាបញ្ជីមួយចំនួនផងដែរ៕ {{ :website_news:03_24_2017_11_55_30photo6237486807214303159.jpg?nolink |}}