====== នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីលើយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ ====== http://cambodiapolice.com/policekh/ 10:19 am 25 មិថុនា 2018 53 ភ្នំពេញ៖ ដោយផ្អែកលើសមត្ថភាពជំនាញនៅមានកម្រិត នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមជាមួយអង្គការជាដៃគូសហការ បានបើកវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញ នៃនាយកដ្ឋាន និងតាមបណ្ដាស្នងការដ្ឋាននគរបាលខេត្តមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។ ថ្លែងនៅក្នុងពិធីបើកបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានមានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងវគ្គបណ្ដុះបណ្ដាលគឺ ពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងពេលប្រតិបត្តិការបង្ក្រាបបទល្មើសលើបច្ចេកទេសចាប់ជនសង្ស័យ ការប្រើប្រាស់អាវុធក្នុងពេលប្រតិបត្តិការ និងសង្គ្រោះបឋមពេលដែលមានការទទួលរងរបួស ។ **ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានមានប្រសាសន៍បន្តថា វគ្គបណ្ដុះបណ្ដាលនេះដែរ ពិតជាបានផ្ដល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗតាមរយៈការហឹ្វកហាត់ផ្ទាល់សំដៅរកភាពរីកចម្រើន និងសហប្រតិបត្តិការល្អក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ពិសេសការបង្ក្រាបចាប់ជនសង្ស័យបញ្ជូនទៅតុលាការ និងជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា** ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវគោរពវិន័យ និងខិតខំយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ឲ្យបានល្អសំដៅពាំនាំយកចំណេះដឹងទាំងនេះទៅអនុវត្ត និងចែករំលែកដល់មិត្តរួមការងារ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យសម្រចបានជោគជ័យ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការមេត្រីអន្តរជាតិ (AIMSWAT) និងសេចក្ដីអំណរអន្តរជាតិ (JOY INTERNATIONAL) ជានិច្ចកាល តែងតែមានកិច្ចប្រតិបត្តិការគ្នានាពេលកន្លងមកទាំងការប្រមូលព័ត៌មានស៊ើបអង្កេត ក៏ដូចជាការជួយគាំទ្រលើការងារពង្រឹងសមត្ថភាព និងការផ្ដល់សម្ភារៈ ដល់នគរបាលជាតិកម្ពុជាផងដែរ ។ គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះមានសិកា្ខកាមចូលរួម ២០រូប ស្រី ៦រូប ក្នុងនោះមកពីនាយកដ្ឋាន ១០រូប, ព្រៃវែង ២រូប, ស្ទឹងត្រែង ២រូប, បន្ទាយមានជ័យ ២រូប, រតនគិរី ២រូប និងក្រចេះ ២រូប ដែលមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៥-២៩ ខែមិថុនា ឆ្នាំ២០១៨៕ {{ :website_news:25-0126062018.jpg?nolink |}}{{ :website_news:25-0326062018.jpg?nolink |}}{{ :website_news:25-0426062018.jpg?nolink |}}{{ :website_news:25-0626062018.jpg?nolink |}}{{ :website_news:25-0826062018.jpg?nolink |}} {{tag>សារព័ត៌មាន ភ្នំពេញ}}