====== ក្នុងឆមាសទី១ មានសាកសពពលករខ្មែរ៧១នាក់ បញ្ជូនមកកម្ពុជាវិញ ====== https://thmeythmey.com/ 14, Aug 2019 , 10:59 pm ភ្នំពេញ៖ ក្នុងឆមាសទី១ មានពលករខ្មែរ៧១នាក់ ដែលទៅធ្វើការនៅក្រៅប្រទេស បានបាត់បង់ជីវិត។ សពពលករទាំងនោះ បានបញ្ជូនមកកម្ពុជាជាផ្លូវការ ធ្វើបុណ្យតាមប្រពៃណី។ នេះបើតាមរបាយការណ៍ស្តីពីការប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣នៃក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ។ របាយការណ៍ បានបង្ហាញថា មានពលករខ្មែរជាង២ម៉ឺននាក់ ដែលបានបញ្ជូនត្រឡប់មកខ្មែរវិញ ដោយសារតែពួកគេជួបនឹងបញ្ហាផ្សេងៗក្នុងអំឡុងពេលបំពេញការងារ។ ដំណើរវិលត្រឡប់របស់ពលករខ្មែរទាំងនោះ មានការជួយជ្រុមជ្រែងពីក្រសួងបរទេស ក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ដែលបានសង្គ្រោះទាន់ពេលវេលា។ បើតាមរបាយការណ៍ដដែល មានពលករកម្ពុជា២១.៧៤៦នាក់ ស្រី ៩.៤២៥នាក់ ដែលបានវិលត្រឡប់មកខ្មែរវិញ ក្នុងនោះមានពលករខ្មែរ២១.៦៥៨នាក់ ត្រូវបានបញ្ជូនមកពីប្រទេសថៃ។ របាយការណ៍ដដែល បានបន្ថែមថា ក្នុងមួយឆមាសកន្លងទៅនេះ មានពលករកម្ពុជាដែលជួបគ្រោះថ្នាក់បង់បាត់ជីវិត ចំនួន៧១សាកសព ក្នុងនោះស្រី១២នាក់ និងកុមារម្នាក់ ត្រូវបានបញ្ជូនមកមាតុភូមិវិញ ដោយមិនគិតពីសាកសពដែលត្រូវបានបូជា ឬមិនបានរាយការណ៍នៅប្រទេសគោលដៅទេ។ គួរបញ្ជាក់ថា កាលពីឆមាសទីមួយ ឆ្នាំ២០១៨ អាជ្ញាធរបរទេសបានបញ្ជូនពលករខ្មែរខុសច្បាប់ជិត២ម៉ឺននាក់ពីប្រទេសចំនួន១៨។ ក្នុងនោះអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់សរុប១៩,៣៧៩នាក់៕ {{:website_news:15082019ថ្មីថ្មី.jpg?nolink&400|}} {{tag>សារព័ត៌មាន ភ្នំពេញ}}