====== អាជ្ញាធរខេត្តជំរុញអ្នកពាក់ព័ន្ធត្រូវសហការគ្នាទប់ស្កាត់ឲ្យបាននូវអំពើជួញដូរមនុស្ស ឬឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែន ====== http://cambodiapolice.com/ 6:20 pm 27 សីហា 2019 បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា នាសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ (សាលខ) បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្ត (គ.ខ.ប.ជ) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានអង្គប្រជុំ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានចូលរួម ។ លោកជំទាវ ប៉ុក ណាឌី ប្រធានអង្គប្រជុំ បានមានប្រសាសន៍ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវ ត្រូវសហការជាមួយសមត្ថកិច្ច អង្គការដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវធ្វើការទប់ស្កាត់ឲ្យបានរាល់សកម្មភាពអំពេីជួញដូរមនុស្ស ឆ្លងដែនទៅប្រទេសជិតខាងពិសេសស្ត្រី និងកុមារជាដើម ។ លោកជំទាវបន្តថា ៖ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ធានាបានការចំណាក់ស្រុកប្រកបដោយសុវត្ថិភាព និងធ្វើការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ដូចជាក្នុងសិប្បកម្មឡឥដ្ឋ ការរដ្ឋានសំណង់ កន្លែងលាងរថយន្ត ម៉ូតូ អូសរទេះ និងសហការជាមួយអង្គការដៃគូ និងអង្គភាពពាក់ព័ន្ធ ជួយដល់កូនគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ សង្គ្រោះកុមារឲ្យរួចផុតពីពលកម្មធ្ងន់ ដោយមួយចំនួន បានបញ្ជូនចូលសាលារៀនមួយចំនួនហួសអាយុបានបញ្ជូនទៅសាលាបណ្តុះបណ្តាលវិជ្ជាជីវជាបន្តបន្ទាប់ ។ យោងតាមស្ថិតិពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ប្រចាំថ្ងៃ ដែលភាគីថៃបញ្ជូនក្នុងឆមាសទី១ ឆ្នាំ២០១៩ គឹតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា មានចំនួនសរុប៦៧៤៣នាក់ ,បុរស៣៧៤៥នាក់ ,ស្ត្រី ២១៥៣នាក់ ,កុមារា៤៥២នាក់ និងកុមារី៣៩៣នាក់។ ក្នុងចំណោមពលករចំនួន ៦៧៤៣នាក់ មជ្ឈមណ្ឌលសំចត់ប៉ោយប៉ែត បានធ្វេីសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណរកមុខសញ្ញជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សមានចំនួន១៣០នាក់(បុរស១៤នាក់ ,ស្ត្រី២២នាក់ ,កុមារា២៩នាក់ ,កុមារី៣២នាក់) ស្មើនឹង៧២.២២% ប្រៀបធៀបផែនការប្រចាំឆ្នាំ២០១៩ (១៨០នាក់) ក្នុងនោះមានពលករដែលមានបញ្ហាសុខភាព ត្រូវបានក្រុមការងារជួយសង្គ្រោះបញ្ជូនទៅ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ចំនួន០៦នាក់, ស្ត្រី៥នាក់ ,ប្រុស១នាក់ ,កុមារ១នាក់ និងមន្ទីពេទ្យបង្អែកស្រុកមង្គលបូរី ចំនួន១ជាស្ត្រី ៕ {{:website_news:ban1-1-800x535នគរបាល.jpg?nolink&400|}}{{:website_news:ban-1-800x535នគរបាល.jpg?nolink&400|}} {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}