====== អាជ្ញាធរថៃបញ្ជូនអ្នកទោស២នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញ ====== https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៩:១០ ឱម សារឿន ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរចំនួន២នាក់ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសថៃត្រូវបានក្រុមអាជ្ញាធរថៃធ្វើការដោះលែងឱ្យមានសេរីភាពវិញ និងនាំមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០១៩ នៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកទោសខ្មែរទាំង២នាក់ដែលក្រុមអាជ្ញាធរថៃធ្វើការដោះលែង ក្នុងនោះម្នាក់ឈ្មោះជា សម្បត្តិភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៩ ចូលតាមច្រកជាំ និងជាប់ចោទពីបទកាប់ឈើគ្រញូងខុសច្បាប់ និងម្នាក់ទៀតឈ្មោះ តូ ទុំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងលើ ឃុំត្រពាំងលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ឧសភា ២០១៧ ចូលតាមច្រកប៉ោយប៉ែត និងជាប់ចោទពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ។ អ្នកទាំងពីរបានជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ។ មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរ២នាក់ពីក្រុមអាជ្ញាធរថៃ សមត្តកិច្ចកម្ពុជាបានធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅលំនៅឋានវិញជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល៕ {{:website_news:photo_2019-04-30_09-39-30.jpg?400|}} {{tag>សារព័ត៌មាន ឧត្តរមានជ័យ}}