====== មានពលករខ្មែរ៥នាក់បានជាប់ នៅព្រលានយន្ដហោះអ៊ិនឆន់ដោយសារអាជ្ញាធររឹតបណ្ដឹង បង្កាជំងឺកូវីដ១៩ ====== http://khmerinkorea.com/ April 27, 2020 នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ នេះ ពលករខ្មែរបម្រើការងារនៅប្រទេសកូរ៉េចំនួន ៥នាក់ដែលទើបវិលត្រឡប់ពីស្រុកកំណើតត្រូវបានជាប់នៅព្រលានយន្ដហោះ ដោយសារតែថៅកែរោងចក្រ ឬក្រុមហ៊ុនមិនទាន់អនុញ្ញាតឱ្យចូលធ្វើការ និងចូលស្នាក់នៅ ព្រោះចាំបាច់ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃជាមុនសិន ទើបអាចចូលធ្វើការធម្មតាវិញបាន។ ពលករខ្មែរទាំង៥នាក់ មានកន្លែងធ្វើការ នៅតំបន់អានសាន ជីនជូ ហ្វាសង និងម៉ាសាន។ ក្រោយមានការសម្របសម្រួលពីក្រុមការងារស្ថានទូត ជាមួយមជ្ឈមណ្ឌលគាំពារ និងអាជ្ញាធរ ពលករខ្មែរទាំង៥នាក់ ត្រូវបានសមត្ថកិច្ចនៅព្រលានយន្ដអនុញ្ញាតឱ្យចេញពីព្រលានយន្ដហោះ តែតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យចូលរោងចក្រ កសិដ្ឋាន ឡើងវិញ។ គួរបញ្ជាក់ផងដែរថាសម្រាប់ពលករដែលពុំមានកន្លែងស្នាក់នៅជាក់លាក់ ត្រូវអាជ្ញាធរកូរ៉េយកទៅស្នាក់នៅមណ្ឌលត្រួតពិនិត្យនៅតាមបណ្ដាក្រុងនានា ហើយរាល់ការចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន។ កាលពីពេលកន្លងទៅ មុនពេលពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ ក្រុមការងារស្ថានទូត និងឯកអគ្គរាជទូត ក៏ធ្លាប់បានអំពាវនាវដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េសូមកុំធ្វើដំណើរចេញក្រៅប្រទេស បើមិនមានការចាំបាច់បំផុតនោះទេ ដោយសារតែចង់រក្សាសុខសុវត្ថិភាព និងបង្កាការពារការរីករាលដាលមេរោគកូរ៉ូណា។ តែយើងនៅសង្កេតឃើញពលករ និងស្រ្តីដែលមានក្រុមគ្រួសារកូរ៉េ មួយចំនួននៅតែធ្វើដំណើរទៅស្រុកកំណើតក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី បើទោះដឹងថាពេលទៅនឹងត្រូវអាជ្ញាធរ តម្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃក៏ដោយក្ដី។ អត្ថបទ៖កវីថ្មគោល {{tag>សារព័ត៌មាន បរទេស កូវិដ១៩}}