====== សង់ត្រាល់៖ពលករខ្មែរប្រមាណ៦០ភាគរយមិនមានការងារធ្វើគ្រប់គ្រាន់អំឡុងពេលថៃផ្ទុះកូវីដ១៩ ====== https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 02/05/2021 - 08:58 តាមការអង្កេតរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ គឺមានពលករខ្មែរប្រមាណ៦០ភាគរយក្នុងចំណោមពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ជិត២លាននាក់មិនមានការងារធ្វើគ្រប់គ្រាន់នៅថៃ អំឡុងពេលដែលប្រទេសនេះ កំពុងប្រឈមនឹងការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២ ឧសភានេះ លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីនៃអង្គការសង់ត្រាល់បានប៉ាន់ប្រមាណថា ៦០ភាគរយ នៃពលករខ្មែរដែលមិនមានការងារធ្វើគ្រប់គ្រាន់នៅប្រទេសថៃ ដោយសារការកាត់បន្ថយម៉ោងការងារពីថៅកែ ដែលមុនផ្ទុះកូវីដ១៩ខ្លាំងនៅថៃ ពលករអាចធ្វើការថែមម៉ោងបានពេញមួយសប្ដាហ៍។ ហើយក្នុងចំណោម៦០ភាគរយនេះក៏មានករណីខ្លះរោងចក្របានបិទទ្វារតែម្ដងទើបជាហេតុធ្វើឲ្យពលករមិនមានការធ្វើ។ បើតាមលោក ឌី ថេហូយ៉ា ភាគច្រើននៃពលករខ្មែរដែលគ្មានការងាធ្វើ ឬការងារមិនគ្រប់គ្រាន់ ជាពលករខុសច្បាប់ដែលជាកម្មករសំណង់ ការងារក្នុងចម្ការដើម។ ចំណែកពលករស្របច្បាប់ដែលមានចុះកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ប្រមាណ៣០ទៅ៤០ ពួកគេនៅមានលំនឹងការងារ ទោះជាគ្រានេះថៃកំពុងប្រឈមនឹងការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ក៏ដោយ ដែលភាគច្រើននៃពួកគេទាំងនេះបំរើការងារក្នុងរោងចក្រធំៗរបស់ថៃ។ ខណៈដែលគ្មានការងារធ្វើនិងមិនបានបំពេញការងារឲ្យពេញដៃពេញជើងដូចមុនផ្ទុះកូវីដ១៩ ពលករខ្មែរក៏កំពុងព្រួយបារម្ភពីការឆ្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសដែរ ដែលក្នុងមួយថ្ងៃថៃរកឃើញចំនួនអ្នកឆ្លងថ្មីយ៉ាងណាស់១ពាន់ករណី។ មិនខុសពីកម្ពុជាដែរ នៅក្នុងប្រទេសថៃ តំបន់មួយចំនួនត្រូវបានកំណត់ពណ៌ ដោយក្នុងនោះ៤៥ខេត្តជាតំបន់ក្រហម ខេត្តក្រុង៦ជាតំបន់ក្រហមចាស់ និង២៦ខេត្តជាតំបន់លឿងទុំ។ កន្លងមកមានពលករខ្មែរចំនួន១០នាក់ ដែលកំពុងធ្វើការនៅក្នុងខេត្តសាមុតប្រាកាន ត្រូវបានរកឃើញថាវិជ្ជមានកូវីដ-១៩។ នៅចំពោះមុខបញ្ហានេះលោក ឌី ថេហូយ៉ា លើកឡើងថា រដ្ឋាភិបាលកម្ពុជានិងស្ថានទូតខ្មែរគួរយកចិត្តទុកដាក់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃតាមរយៈផ្ដល់ការគាំពារផ្នែកស្បៀងអាហារក្នុងករណីដែលពលករគ្មានការធ្វើនិងបាត់បង់ប្រាក់ចំណូលនៅក្នុងប្រទេសថៃ។ មួយវិញទៀតនៅពេលដែលពលករត្រឡប់មកវិញក្រោយស្ងប់ស្ងាត់កូវីដ១៩ទាំងនៅថៃនិងកម្ពុជាគឺការផ្ដល់ការងារកសិកម្មទៅកាន់ពួកគេជារឿងសំខាន់៕ {{tag>សារព័ត៌មាន ភ្នំពេញ}}