====== សមត្ថកិច្ចបញ្ជូនបុរសម្នាក់ទៅស្នងការដ្ឋាន បន្ទាប់ពីឃាត់ខ្លួនករណីនាំមនុស្ស ១១ នាក់ បម្រុងឆ្លងដែន ====== https://m.postkhmer.com/ អោម ប៊ុនធឿន 04 May 2021 | 18:55 ICT បន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេក បានបញ្ជូនជនសង្ស័យជាមេខ្យល់ម្នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ៤ ខែឧសភានេះ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធករណីលួចដឹកជញ្ជូនពលរដ្ឋ ១១ នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។ អធិការនគរបាលស្រុកស្វាយចេក លោក ជា ស្លូញ បានឲ្យដឹងនៅថ្ងៃនេះថា សមត្ថកិច្ចលោកបានចាប់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ ៣៧ ឆ្នាំ និងរថយន្ត ១ គ្រឿង ខណៈកំពុងដឹកពលរដ្ឋប្រុសស្រី និងក្មេងសរុប ១១ នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់កាលពីយប់ថ្ងៃទី ៣ ខែឧសភា នៅចំណុចភូមិដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើតាមលោក ជា ស្លូញ មុនពេលឃាត់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដែលឈរជើងនៅគោលដៅខ្លោងទ្វារចូលក្នុងភូមិតេជោភ្នំឆត្រ បានសហការជាមួយនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចម្ការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ ៩១១ ដោយបានចុះល្បាតនៅចំណុចភូមិដំណាក់កកោះ។ ពេលនោះស្រាប់តែបានឃើញរថយន្ត ១ គ្រឿង មានដឹកពលករចំនួន ១១ នាក់ បម្រុងឆ្លងដែនចូលទៅប្រទេសថៃ ក៏បានឃាត់រថយន្ត និងមនុស្សយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកតែម្តង។ លោកថ្លែងថា៖ «ឥឡូវយើងបានដំណើរការបញ្ជូនជនសង្ស័យទៅស្នងការដ្ឋានហើយ ដើម្បីរៀបចំនីតីវិធីបញ្ជូនទៅតុលាការតែម្តង»។ បើតាមលោក ជា ស្លូញ ពលរដ្ឋទាំង ១១ នាក់នោះមានស្រី ៧ នាក់ ក្នុងនោះមានកុមារីម្នាក់ផង។ ក្រៅពីនោះមានកុមារា ២ នាក់ និងមនុស្សប្រុសពេញវ័យ។ ពួកគេទាំងនោះរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តរមានជ័យ។ ចំណែករថយន្តម៉ាកស្ដារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-9491 ជារបស់អ្នកបើកបរជាមេខ្យល់ឈ្មោះ ស្រឿង សារ៉េត រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ។ លោកអធិការស្រុកបានបញ្ជាក់ថា៖ «ចំពោះពលរដ្ឋសរុបទាំង ១១ នាក់ ដែលមានទាំងក្មេង ៣ នាក់ផងនោះ យើងបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្វាយចេកអស់ហើយ»។ លោកស្រី ឌី សុជាតិ ស្នងការរងទទួលការងារយេនឌ័រ និងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យឲ្យដឹងថា លោកស្រីមិនទាន់ទទួលបានសំណុំរឿង និងជនសង្ស័យនៅឡើយទេ នៅរសៀលថ្ងៃទី ៤ ខែឧសភានេះ។ លោកស្រីបានថ្លែងថា «ខ្ញុំមិនទាន់បានទទួលនៅឡើយទេ។ ដំបូងខាងអធិការប្រាប់ថា បញ្ជូនមកនៅពេលព្រឹក ប៉ុន្តែដោយសារធ្វើសំណុំរឿងមិនទាន់ លោកក៏បានបញ្ជាក់មកវិញថា នឹងបញ្ជូនមកនៅពេលរសៀល»៕ {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}