====== សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៦នាក់ ក្នុងករណីជូញដូរមនុស្សនិងឆ្លងដែនខុសច្បាប់ ====== http://nokorwatnews.com/ 04/05/2021 ខេត្តស្វាយរៀង ៖ បុរសជាជនជាតិចិនចំនួន៦នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងអធិការដ្ឋាន នគបាលស្រុក និងកម្លាំងនគរបាលអន្តោប្រវេសន៍ ស្នងការខេត្តឃាត់ខ្លួនមកសាកសួរបន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនជាតិចិនដើរតាមផ្លូវជាតិលេខ១ រួចចុះកាត់វាលស្រែក្រោយផ្ទះអ្នកស្រុក ខណៈសង្ស័យអ្នកបើករថយន្តឃើញកំលាំងសមត្ថកិច្ចនគបាលស្រុកស្វាយទាប ដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ១ ទំលាក់ចុះរួចបើកគេចខ្លួន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨ និង៤០នាទី យប់ថ្ងៃទី៣ ឧសភា ២០២១ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ សមត្ថកិច្ចបានអោយដឹងថាជនជាតិចិនទាំងនោះមាន ៖ ទី១. ឈ្មោះ លូន ឃុន ភេទប្រុស អាយុ១៨ឆ្នាំ ទី២. ឈ្មោះ តាំង ឡាំង ភេទប្រុស អាយុ២២ឆ្នាំ ទី៣. ឈ្មោះ.ឆេង ជិនតាវ ភេទប្រុស អាយុ១៨ឆ្នាំ ទី៤. ឈ្មោះ ទូ ជាអូ ភេទប្រុស អាយុ១៨ឆ្នាំ ទី៥. ឈ្មោះ ហ្វាង ចូអ៊ី ភេទប្រុស អាយុ២១ឆ្នាំ ទី៦. ឈ្មោះ ចាង អ៊ីឆឹង ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងអស់មានទីលំនៅ នៅប្រទេសចិន និងបានដកហូតវត្ថុតាង ទូរស័ព្ទដៃចំនួន០៥គ្រឿងផងដែរ។ ប្រភពបន្តថា គោលបំណងជនជាតិចិនទាំងនោះ ឆ្លងដែនមក កម្ពុជា រកការងារធ្វើ (ដោយគ្មានប៉ាស្ព័រលិខិតស្នាមទាំង០៦នាក់)។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនជាតិចិនទាំង០៦នាក់ត្រូវបានអ្នកបើករថយន្ត មិនស្គាល់ម៉ាកមួយគ្រឿងដឹកតាមដងផ្លូវជាតិលេខ១ ប៉ុន្តែចៃដន្យឃើញសមត្ថកិច្ចដាក់កម្លាំងត្រួតពិនិត្យយានយន្ត ទើបឃើញសភាពការណ៍មិនស្រួលក៏ទំលាក់ជនជាតិចិនទាំងនោះឲ្យចុះដើរវាងចៃដន្យប្រជាពលរដ្ឋឃើញក៏បានរាយការណ៍មកសមត្ថកិច្ច ទើបសមត្ថកិច្ចក៏បានតាមប្រម៉ាញ់ស្ទាក់រហូតដល់ផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិប្រសូតិ០១ ឃុំកណ្លៀងរាយ ស្រុកស្វាយទាបទើបសមត្ថកិច្ចបង្ក្រាបបានតែម្តង ។ ប្រភពបន្តថាបន្ទាប់ពីធ្វើតេស្តរហ័ស លទ្ធផលអវិជ្ជមានមកសមត្ថកិច្ចក៏បានបញ្ជូនជនជាតិចិនទាំងនោះទៅធ្វើចត្តាឡីស័កនៅផ្ទះសំណាក់គ្រូបង្រៀន ក្រុងស្វាយរៀង។ ចំណែកអ្នកបើករថយន្តដឹកជនជាតិចិនទាំងនោះសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់៕ {{tag>សារព័ត៌មាន ស្វាយរៀង}}