====== ពលករចំណាកស្រុកជាង ៦០ម៉ឺននាក់បានសម្រុកទៅចុះឈ្មោះជាមួយក្រសួងការងារថៃ ក្នុងនោះពលករចំណាកស្រុកមកពីកម្ពុជាមានចំនួនច្រើនជាងគេ ====== https://www.khmer-press.com/ Khmer pressFebruary 17, 2021 at 4:30 pm ថៃ៖ បើតាមរយៈសារព័ត៌មាន The Thaiger បានរាយការណ៍ថា គិតមកទល់នឹងពេលនេះមានពលករ ចំណាកស្រុកជាង ៦០០ ០០០ នាក់ហើយ ដែលបានទៅចុះឈ្មោះជាមួយនឹងក្រសួងការងារនៃប្រទេសថៃ ហើយយុទ្ធនាការនៃការចុះឈ្មោះនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមករា និងត្រូវបញ្ចប់នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ គួររម្លឹកជូនថា ការសម្រុកទៅចុះឈ្មោះពីសំណាក់ក្រុមពលករចំណាកស្រុកនៅពេលនេះ ត្រូវបានធ្វើឡើងក្រោយអាជ្ញាធរថៃបានប្រកាសឲ្យក្រុមពលករ ដែលបានចូលក្នុងប្រទេសថៃ ដោយខុសច្បាប់ទាំងអស់ ត្រូវតែប្រញាប់មកចុះឈ្មោះ ដើម្បីទទួលសិទ្ធធ្វើការងារដោយស្របច្បាប់នៅក្នុងប្រទេសថៃរយៈពេល ២ឆ្នាំ ខណៈដែលការចុះឈ្មោះនេះក៏អាចធ្វើឲ្យអាជ្ញាធរថៃងាយស្រួលក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។ ជម្រាបផងដែរថា ការផ្ទុះឡើងនៃជំងឺ COVID-19 រលកចុងក្រោយដែលកំពុងរាលដាលនៅប្រទេសថៃ គឺភាគច្រើន បានកើតមានក្នុងចំណោមពលករចំណាកស្រុកនេះផ្ទាល់តែម្ដង ដូច្នេះការចុះឈ្មោះនេះគឺនឹងជួយសម្រាលបន្ទុកដល់អាជ្ញាធរ ក្នុងការកំណត់អត្តសញ្ញាណពលករទាំងនោះ។ ប្រភពខាងលើបានបញ្ជាក់ថា ចំនួនពលករសរុបដែលបានទៅចុះឈ្មោះស្របច្បាប់ជាមួយក្រសួងការងារថៃ គិតមកទល់ពេលនេះគឺមានចំនួន ៦៥៤ ៨៦៤នាក់ ដែលក្នុងនោះមានពលករចំនួន ២០៣ ៦៧៩ មកពីប្រទេសកម្ពុជា, ពលករចំនួន ៦៧ ១០៨ នាក់មកពីប្រទេសឡាវ និងពលករចំនួន ៣៨៤ ០៧៧ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា។ ក្រុមពលករទាំងអស់នេះភាគច្រើនគឺធ្វើការងារនៅក្នុងវិស័យសំណង់ និងឧស្សាហកម្មកសិកម្ម ហើយចំនួនតិចតួចធ្វើការក្នុងវិស័យលក់ចំណីអាហារនិងភេសជ្ជៈ។ ចំពោះទីកន្លែងដែលពួកគេត្រូវទៅធ្វើការងារវិញគឺភាគច្រើននៅក្នុងក្រុងបាងកក ខេត្តឆុនបូរី ខេត្តផាទុមថានី ខេត្តសាមុតសង្គ្រាន និងខេត្តសាមុតសាខនជាដើម៕ {{tag>សារព័ត៌មាន ប្រទេសថៃ}}