====== ពលករចំណាកស្រុកបន្តលួចឆ្លងដែនទៅថៃទោះបីមានការរឹតត្បិត ====== https://www.khmertimeskh.com/ October 20, 2021 យឹម ស្រីលីន / ខ្មែរថាមស៍ ករណីឆ្លងដែនខុសច្បាប់ជាង ២០០ ករណី ត្រូវបានរាយការណ៍នៅចន្លោះខែសីហា និងខែតុលា ដោយមានមេខ្យល់រាប់សិបនាក់ ត្រូវបានចាប់ខ្លួននៅស្រុកកំរៀង ខេត្តបាត់ដំបង។ ចាប់ពីខែសីហា ដល់ពាក់កណ្តាលខែតុលា ពលករចំណាកស្រុកជាច្រើននាក់ ត្រូវបានគេរត់ពន្ធឆ្លងកាត់ព្រំដែនកម្ពុជា-ថៃនៅច្រកព្រំដែនក្នុងស្រុកកំរៀងក្នុងគោលបំណងវិលត្រឡប់ទៅធ្វើការ ឬស្វែងរកការងារធ្វើនៅប្រទេសថៃវិញ ក្នុងនោះ ពួកគេខ្លះ ក៏ត្រូវបានមេខ្យល់បោកប្រាស់ផងដែរ។ លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់កាសែតខ្មែរថាមស៍កាលពីពេលថ្មីៗនេះថា អាជ្ញាធរមានការព្រួយបារម្ភចំពោះពលករចំណាកស្រុក ដែលបានបង់ប្រាក់យ៉ាងច្រើនដល់មេខ្យល់ ហើយបន្ទាប់មកពួកគេត្រូវបានគេបោះបង់ចោលនៅលើភ្នំក្បែរព្រំដែន។ លោកបាននិយាយថា៖«ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា រហូតដល់ថ្ងៃទី ១៥ ខែតុលា កម្លាំងនគរបាលបានស្ទាក់ចាប់ពលករចំណាកស្រុកចំនួន ១៧៦ នាក់ដែលប៉ុនប៉ងលួចឆ្លងដែន និងឃាត់ខ្លួនអ្នករត់ពន្ធចំនួន ២៦ នាក់»។ លោកបានបន្ថែមទៀតថា៖«ចាប់ពីថ្ងៃទី ១៥ ខែសីហា ដល់ថ្ងៃទី ១៥ ខែកញ្ញា អ្នករត់ពន្ធចំនួន ២៦ នាក់ ត្រូវបានចាប់ខ្លួន ហើយពលករចំណាកស្រុកចំនួន ១៥៣នាក់ ត្រូវបានឃាត់ខ្លួន»។ លោកបាននិយាយថា៖«យើងមិនដែលចាត់វិធានការតាមផ្លូវច្បាប់ណាមួយចំពោះពលករចំណាកស្រុកទាំងនោះដែលឆ្លងដែនដោយខុសច្បាប់នោះទេ ហើយអាជ្ញាធរគ្រាន់តែអប់រំពួកគេមិនឱ្យចាញ់បោកមេខ្យល់ និងឆ្លងដែនខុសច្បាប់ប៉ុណ្ណោះ ប៉ុន្តែ មេខ្យល់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមផ្លូវច្បាប់»៕ {{tag>សារព័ត៌មាន បាត់ដំបង}}