====== ពលរដ្ឋចំណាកស្រុកនៅតែត្រូវមេខ្យល់នាំឆ្លងដែនទៅថៃ ខណៈសមត្ថកិច្ចព្រំដែនចាប់បានរាល់ថ្ងៃ ====== https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២០ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៤:១១ ខេត្តបាត់ដំបង ៖ បើទោះជាកម្លាំងប្រដាប់អាវុធការពារព្រំដែនប្រឹងប្រែងរឹតបន្តឹង និងឃាត់ខ្លួនពលរដ្ឋ ចំណាកស្រុកដែលត្រូវមេខ្យល់នាំឆ្លងដែនទៅប្រទេសថៃបានជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ តែពួកគេហាក់នៅតែត្រូវមេខ្យល់ប្រើប្រាស់គ្រប់វិធី ដើម្បីនាំពលរដ្ឋចំណាកស្រុកឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ដែលប្រឈមយ៉ាងខ្លាំងទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ជាក់ស្ដែង កាលពីរសៀលថ្ងៃទី១៩ តុលា កម្លាំងនគរបាលវរការពារព្រំដែនលេខ៨១៧ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូនបានស្ទាក់ចាប់ខ្លួនក្រុមពលរដ្ឋចំណាកធ្វើស្រុកបានចំនួន០៧នាក់ ដែលមានស្ត្រីចំនួន០៣នាក់ ក្នុងនោះមានមេខ្យល់ចំនួន០២នាក់ ដែលបំរុងនាំជនចំណាកស្រុកទាំងនោះឆ្លងដែលចេញទៅប្រទេសថៃ ដោយគ្មានច្បាប់ ហើយត្រូវកម្លាំងការពារព្រំដែនខាងលើ ឃាត់នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ។ មន្ត្រីព្រំដែនបានឲ្យដឹងថា ក្នុងចំណោមក្រុមអ្នកបំពានច្បាប់ទាំង០៧នាក់នោះ មាន០៣នាក់ជាស្ត្រី និងមាន០២នាក់ជាមេខ្យល់ គឺ ម្នាក់ឈ្មោះ ពិត ស្រស់ ប្រុសអាយុ៣៧ឆ្នាំ នៅភូមិគីឡ១៣ ឃុំសន្តិភាព និង ម្នាក់ទៀត ឈ្មោះ មឿន វីត ប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។ ជនទាំង០៧នាក់នេះ បំរុងនាំគ្នាឆ្លងអូរព្រំដែនចេញទៅប្រទេសថៃ តាមច្រករបៀងលួចលាក់ តែត្រូវកម្លាំងនគរបាលការពារព្រំដែន និង កម្លាំងយោធាស្រុក ទប់ស្កាត់ទាន់ពេលវេលា។ បើតាមមន្ត្រីព្រំដែនបានបញ្ជាក់ថា ពេលនេះជនទាំង០៧នាក់នេះ ត្រូវបានបញ្ជូនទៅប្រគល់ជូនខាងអធិការស្រុកសំពៅលូន ដើម្បីចាត់ការតាមនិតិវិធីហើយ។ សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់អាជ្ញាធរ និងកម្លាំងការពារព្រំដែនគោក ដែលឈរជើងតាមបន្ទាត់ព្រំដែន ខ្មែរ ថៃ ខេត្តបាត់ដំបង បានបង្ហាញសម្រាប់ប្រចាំខែកញ្ញា កន្លងទៅនេះ គឺកម្លាំងការពារព្រំដែនបានចាប់ខ្លួនមេខ្យល់សរុបបានចំនួន២២នាក់ ដោយមិនទាន់គិតដល់ខែតុលានេះទេ។ មេខ្យល់ទាំង២២នាក់នេះ ក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់ ដែលបច្ចប្បន្នមេខ្យល់ទាំងនោះកំពុងជាប់គុកនៅឡើយ ៕ {{tag>សារព័ត៌មាន បាត់ដំបង}}