====== តើពលករកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេច មុនសម្រេចចិត្តចេញទៅធ្វើការងារនៅក្រៅប្រទេស? ====== https://ams.com.kh/ 14/10/2021 ភ្នំពេញ៖ របាយការណ៍របស់ក្រសួងការងារបានបង្ហាញថា បច្ចុប្បន្នមានពលករកម្ពុជាប្រមាណជាង ១លាននាក់កំពុងបម្រើការងារនៅក្រៅប្រទេស ក្នុងនោះ ជាង ៩០ភាគរយកំពុងធ្វើការនៅក្នុងប្រទេសថៃ និងប្រមាណ ៧ភាគរយកំពុងតែបម្រើការងារនៅប្រទេសម៉ាឡេស៊ី អារ៉ាប៊ីសាអួឌីត ជប៉ុន សិង្ហបុរី ហុងកុង និងសាធារណរដ្ឋកូរ៉េ ។ ជាមួយគ្នានេះរបាយការណ៍របស់អង្គការពលកម្មពិភពលោក (ILO) បានបង្ហាញថា មានពលករកម្ពុជាតិចតួចណាស់ដែលបានគេផ្តល់ការងារឱ្យធ្វើស្របនិង ជំនាញដែលពួកគេមាន ដោយជាទូទៅធ្វើការសម្រាប់តែប្រភេទការងារដែលមានប្រាក់កម្រៃទាបនៅក្នុងឧស្សាហកម្មដែលប្រើកម្លាំងកាយច្រើនជាងជំនាញ ។ របាយការណ៍បញ្ជាក់ថា ពលករទេសន្តប្រវេសន៍គេបាតុវាយតម្លៃថា មិនមានបទពិសោធន៍ ឬមិនមានការបណ្តុះបណ្តាលផ្លូវការដែលឆ្លើយតបទៅនឹងតម្រូវការជំនាញ។ ដូច្នេះ តើពលករកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេចមុននឹងសម្រេចចិត្តទៅធ្វើការងារនៅក្រៅប្រទេស ? ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានមានប្រសាសន៍ថា មុនចាកចេញទៅធ្វើការនៅក្រៅប្រទេស ពលករកម្ពុជាត្រូវគិតសិនថា តើជាការចាកចេញនោះរយៈពេលខ្លី ឬរយៈពេលវែង? បើតាមឯកឧត្តម ថង សាម៉ុន ចំណាកស្រុកដើម្បីធ្វើការងាររយៈពេលខ្លី អាចចាត់ទុកជាចំណាកស្រុកដោះទ័ល ប៉ុន្តែបើរយៈពេលវែងប្រជាពលរដ្ឋត្រូវរៀនជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ។ ឯកឧត្តមលើកឧទាហរណ៍ថា ពលករកម្ពុជាដែលបម្រើការងារនៅប្រទេសថៃ ទទួលបានប្រាក់ខែតិចជាងពលករកម្ពុជាដែលទៅបម្រើការងារនៅប្រទេសកូរ៉េ ខណៈនៅប្រទេសកូរ៉េពលករបានបណ្តុះបណ្តាលជំនាញត្រឹមត្រូវ ។ សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា លោកមិនលើកទឹកចិត្តឱ្យពលករកម្ពុជាចេញទៅធ្វើការងារនៅក្រៅប្រទេសនោះទេ ប៉ុន្តែប្រសិនបើពួកគាត់ទៅ ត្រូវប្រាកដថា តើពួកគាត់ទៅធ្វើអ្វីនៅទីនោះ ហើយពួកគាត់គួរមានជំនាញប្រាកដមួយនៅក្នុងខ្លួន ។ “នៅពេលដែលពលករមានជំនាញប្រាកដមួយនៅក្នុងខ្លួន ហើយទៅធ្វើការងារនៅប្រទេសដែលលូតលាស់ជាងយើង នោះមានន័យថា ពួកគាត់ទៅអភិវឌ្ឍន៍ជំនាញបន្ថែម លើសពីការគ្រាន់តែទៅរកលុយដើម្បីបំពេញសេដ្ឋកិច្ចខ្លួន ! ពលករកម្ពុជានឹងទទួលបានទាំងថវិកា ទាំងចំណេះជំនាញ ហើយពេលពួកគាត់ត្រឡប់មកប្រទេសកម្ពុជាវិញ ពួកគាត់អាចបង្កើតមុខរបរ ឬធ្វើការងារពាក់ព័ន្ធនឹងជំនាញរបស់គាត់បាន” លោកបណ្ឌិត យង់ ពៅ យ៉ាងណាក៏ដោយបើតាមលោកបណ្ឌិត យង់ ពៅ ល្គឹកណាពួកគាត់អាចធ្វើបែបនេះបាន លុះត្រាតែពលករកម្ពុជាមានជំនាញមូលដ្ឋានពីក្នុងស្រុកទៅ ដូច្នេះលោកលើកទឹកចិត្តដល់ពលករកម្ពុជា មុនធ្វើចំណាកស្រុកចេញទៅធ្វើការងារនៅក្រៅប្រទេស គួរតែមានជំនាញជាមុនសិន ដោយវានឹងផ្តល់ផលប្រយោជន៍ដល់យើងដូចជា ទី១ អាចរកលុយបានច្រើនជាងអ្នកអត់ជំនាញ និង ទី២ ពលករកម្ពុជាអាចចាប់ជំនាញថ្មីពីប្រទេសគេ មកអភិវឌ្ឍន៍ខ្លួនឯងបាន ៕ {{tag>សារព័ត៌មាន ភ្នំពេញ}}