====== មេខ្យល់ម្នាក់ នាំចេញពលករដោយខុសច្បាប់ ទៅប្រទេសថៃ ត្រូវប៉េអឹមបញ្ជូនទៅតុលាការ ====== https://cen-news.com/ Posted ByPen Srey NeatJune 21, 2021 បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានចុះល្បាតតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការនាំចេញពលករ ដោយខុសច្បាប់ទៅប្រទេសថៃ រហូតដល់ចំណុចភូមិ ភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ វេលាម៉ោង១៩ និង៤០នាទី បានប្រទះឃើញប្រជាពលរដ្ឋជាច្រើននាក់បម្រុងឆ្លងដែន ឃើញដូច្នេះ￸កម្លាំងយើងបាននាំគ្នាបម្រុងហៅមកសួរនាំ ស្រាប់តែប្រជាពលរដ្ឋទាំងអស់នោះនាំគ្នារត់គេចខ្លួន ពេលនោះកម្លាំងយើងឃាត់បានពលករម្នាក់ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីសួរនាំអំពីរឿងហេតុ។ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា តាមការស្ដាប់ចម្លើយ របស់ពលករទើបកំណត់មុខសញ្ញាមេខ្យល់បាន ហើយកម្លាំងចម្រុះរបស់យើង បន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានមេខ្យល់ម្នាក់ឈ្មោះ គង់ ពៅ ហៅ ឃ្លោក ភេទប្រុស អាយុ៤៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរចម្លើយ។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងទៀតថា ក្រោយពីសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំពលករបម្រុងឆ្លងដែន ទៅប្រទេសថៃពិតប្រាកដមែនកាលពីថ្ងៃទី១៣ ខែមិថុនា កន្លងមកនេះ តែត្រូវបានកម្លាំងចម្រុះ ធ្វើសកម្មភាពបង្រ្កាបទាន់ពេលវេលា។ ដោយផ្អែកលើការស្ដាប់ចម្លើយរបស់ពលករ និងស្ដាប់ចម្លើយសារភាពរបស់មេខ្យល់ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កសាងសំណុំរឿងបញ្ជូន មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកពលករត្រូវបានបញ្ជូន ទៅមណ្ឌលធ្វើចត្តាឡីស័កស្រុកម៉ាឡៃតាំងពីថ្ងៃទី១៣ ខែមិថុនា ម្ល៉េះ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}