====== មេខ្យល់២នាក់ លួចជូនពលករទៅថៃត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ====== https://www.kampucheathmey.com/ ថ្ងៃពុធ ២០ តុលា ២០២១ដោយ Kang Tola បន្ទាយមានជ័យ ៖ មេខ្យល់២នាក់ លួចនាំពលករឆ្លងដែនទៅរកការងារធ្វើទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងសឹករងស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់បទល្មើសតាមព្រំដែនគ្រប់ប្រភេទ ជាពិសេសការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ក្នុងសម័យកាលវិបត្តិកូវីដ១៩នេះ។ លុះនៅថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងផ្នែកសឹករងម៉ាឡៃ វរៈ ៨១៩ ស្រាវជ្រាវស្ទាក់ចាប់បានពលករ ចំនួន ១៤នាក់ក្នុងនោះមាន ស្រី៧នាក់ ដែលកំពុងព្យាយាមលួចឆ្លងដែន ដោយខុសចូលទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើនៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោយពីឃាត់ខ្លួនពលករទាំង១៤នាក់ សួរនាំក្នុងនោះបានរកឃើញមានមេខ្យល់២នាក់ ១មានឈ្មោះ សេន តុលា ភេទប្រុស អាយុ៣៩ឆ្នាំ និង២មាន ឈ្មោះ អឿន អុល ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នាក់ មានរស់នៅភូមិស្ពានយោល ឃុំសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពលករខ្មែរចំនួន១២នាក់ ក្រោយពីធ្វើកំណត់ហេតុហើយបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យម៉ាឡៃ ចំណែកជនសង្ស័យជាមេខ្យល់ ចំនួន២នាក់វិញ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដោយចោទប្រកាន់ពីបទ នាំយកពលករឆ្លងដែនទៅប្រទេសថៃដោយមិនស្របច្បាប់ហើយកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ វ៉ាន់ ណាង {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}