====== តុលាការឃុំខ្លួនយុវជន ២ នាក់ ករណីនាំពលករឆ្លងដែនទៅថៃ ====== https://www.postkhmer.com/ គឹម សារុំ | Publication date 20 October 2021 | 14:44 ICT មានជ័យៈ តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនយុវជនជាមេខ្យល់ ២ នាក់ ក្នុងពន្ធនាគារខេត្តពាក់ព័ន្ធនឹងករណីនាំពលករជាង ៤០ នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកស្រី ឌី សុជាតិ ស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១៩ តុលាថា ជនត្រូវចោទ ២ រូបនេះមាន ឈ្មោះ ម៉ា និត ភេទប្រុស អាយុ ១៧ ឆ្នាំ និងឈ្មោះ ជឿន កុយ ភេទប្រុសអាយុ ១៥ ឆ្នាំ។ ពួកគេរស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យហើយត្រូវបានតំណាងអយ្យការចោទពីថ្ងៃទី ១៨ តុលា។ លោកស្រីបានបញ្ជាក់ថា៖ «ជនទាំង ២ នាក់ត្រូវបានតំណាងអយ្យការចោទពីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន។ បទចោទនេះតាមមាត្រា ១១ នៃច្បាប់ការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។ ពាក់ព័ន្ធនឹងបទចោទនេះ បើតុលាការរកឃើញថា ពួកគេទាំង ២ នាក់ពិតជាបានប្រព្រឹត្តមែននោះ ត្រូវប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។ លោកស្រី ឌី សុជាតិ បានឱ្យដឹងថា ពួកគេទាំង ២ នាក់នោះត្រូវបាននគរបាលប៉ុស្តិ៍ អូរបីជាន់សហការជាមួយកម្លាំងយោធាឃាត់ខ្លួនកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈពួកគេកំពុងនាំពលករប្រុសស្រីចំនួន ៤១ នាក់ (មានក្មេងៗជាកូនពលករ ២ ទៅ ៣ នាក់ដែរ) បម្រុងឆ្លងដែនទៅប្រទេសថៃ។ លោកស្រីបានបន្តថា បើតាមចម្លើយរបស់ជនសង្ស័យទាំង ២ នាក់ថា ពួកគេធ្វើជាអ្នកនាំផ្លូវពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើការនៅទីនេះបានចំនួន ២ លើកមកហើយ។ ប៉ុន្តែនៅលើកទី ៣ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ចំពោះតម្លៃនាំពលករឆ្លងទៅប្រទេសថៃនេះដែរពួកគេយកគឺក្នុងមនុស្សម្នាក់ចំនួន ២ ពាន់បាត៕ {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}