====== បញ្ជូនបុរស២នាក់ទៅតុលាការ ក្រោយនាំជនជាតិវៀតណាម១៦នាក់ចូលកម្ពុជា ====== https://kohsantepheapdaily.com.kh/ ភ្នំពេញ២១ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ០៨:៥៣ ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ ដែលជាមេខ្យល់នាំជនជាតិវៀតណាមប្រុសស្រីចំនួន១៦នាក់ ឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា បានត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅក្នុងទឹកដីស្រុកពញាក្រែក រួចបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ។ ជនជាមេខ្យល់ទាំង២នាក់នេះ ម្នាក់ឈ្មោះ ទា ចីឆេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក និងម្នាក់ទៀតឈ្មោះ ឃុត រ៉ានី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ។ ជនទាំង២នាក់នេះ ពាក់ព័ន្ធនឹងករណីនាំជនជាតិវៀតណាមចំនួន១៦នាក់(ស្រី្ត៤នាក់) ឆ្លងចូលមកកម្ពុជាដោយខុសច្បាប់តាមច្រករបៀងប៉ុស្តិ៍ការពារព្រំដែនកូនជ្រូក នៃវរ:ការពារព្រំដែនលេខ៦១៥ កាលពីម៉ោងប្រហែល៤ រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។ ប៉ុន្តែពេលនោះក៏ត្រូវកងកម្លាំងល្បាតប្រទះឃើញនិងឃាត់ខ្លួន ហើយប្រសិនបើយឺតយ៉ាវតែកន្លះម៉ោង មេខ្យល់ទាំង២នាក់នេះនឹងនាំជនជាតិវៀតណាម់ទាំង១៦នាក់ ឡើងជិះរថយន្តចេញទៅបាត់ហើយ ។ ជាការអនុវត្តតាមនីតិវិធី ចំពោះជនជាតិវៀតណាមទាំង១៦នាក់បានឲ្យត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ចំពោះមេខ្យល់ជាជនជាតិខ្មែរទាំង២នាក់ ត្រូវបាននគរបាលស្រុកបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ {{tag>សារព័ត៌មាន ត្បូងឃ្មុំ}}