====== កម្ពុជា ឥណ្ឌូនេស៊ី ពង្រីកប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអំពើជួញដូរមនុស្ស ====== https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២២ ÷លោក ជួន បូណា ភ្នំពេញ÷កម្ពុជា ឥណ្ឌូនេស៊ី ពង្រីកប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអំពើជួញដូរមនុស្ស ដើម្បីធានាឱ្យមានសុខដុមរមនីកម្មក្នុងតំបន់ និងសកលលោក។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi) រដ្ឋមន្រ្តីការបរ ទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានរដ្ឋសភា កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍អំពីការគាំទ្រការបន្តពង្រឹង ពង្រីកកិច្ចសហ ប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សជាដើម។ សម្ដេចក៏បានអរគុណភាគីឥណ្ឌូនេស៊ី ដែលកន្លងមកបានផ្ញើជូនក្រសួងមហាផ្ទៃនូវសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យអនុវត្តច្បាប់។ សម្ដេចក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃការពិនិត្យទៅលើ MOUនេះ ដោយសម្ដេចត្រៀមរួចជាស្រេចក្នុងការចាត់មន្ត្រីជំនាញដើម្បីជជែកពិភាក្សាទៅលើខ្លឹមសារជាក់ ស្តែង និងធានាទៅដល់យន្ត ការសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពជាមួយឥណ្ឌូនេស៊ី។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសទៅលើការជួយគាំទ្រ និងគាំពារពលរដ្ឋឥណ្ឌូនេស៊ីដែលជួបបញ្ហាផ្សេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ក៏បានសំដែងនូវសេចក្ដីរីករាយដែលទទួលបាននូវព័ត៌មានអំពីបច្ចុប្បន្ន ភាពនៃដំណើរការធ្វើសេចក្ដី ព្រាងMOU នឹងថាឥណ្ឌូនេស៊ីត្រៀមខ្លួនជានិច្ចក្នុងការបន្តធ្វើការជាមួយក្រុមការងារជំនាញរបស់កម្ពុជាដើម្បីឈានទៅបញ្ចប់និងចុះហត្ថ លេខារវាងភាគីទាំងពីរ។ លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ក៏បានយកឱកាសនេះថ្លែងអំណរគុណសម្តេចក្រឡាហោម ដែលតែងបានយកចិត្តទុកដាក់ជួយតាមសំណូមពររបស់ភាគីឥណ្ឌូនេស៊ី ពិសេសការជួយប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលស្ថិតក្នុងស្ថានភាព នៃជំងឺកូវីដ-១៩ ហើយបានជួបប្រទះបញ្ហាពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍។ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកជំទាវដែរថា សម្ដេចផ្ទាល់ពិតជាគាំទ្រចំពោះការបង្កើតឱ្យមាននូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្លូវការតាមរយៈMOUនេះនិងសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងអាចពិនិត្យលទ្ធ ភាពបន្ថែមនូវអ្វីដែលជាការងារចាំបាច់ និងសំខាន់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការងារកសាង និងបណ្តុះ បណ្តាល សមត្ថភាពមន្ត្រីអនុវត្តច្បាប់ ព្រមទាំងការងារជួយគាំពារទៅវិញទៅមកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕ {{tag>សារព័ត៌មាន ភ្នំពេញ}}