====== ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ៖ ក្រុមហ៊ុនក្នុងប្រទេសថៃ ទទួលយកពលករកម្ពុជា ធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន មានប្រាក់ខែសមរម្យ និងការថែទាំលើសេវាផ្សេងៗទៀតបានល្អ ====== https://cen.com.kh/ Posted ByPen Srey NeatAugust 7, 2022 ប្រទេសថៃ៖ នៅក្នុងដំណើរបំពេញបេសកម្ម ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅ និងកន្លែងធ្វើការងាររបស់បងប្អូនពលករកម្ពុជា តបតាមការអញ្ជើញរបស់រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ លោក CHARIN Tongsuk អភិបាលរង រួមជាមួយប្រធានមន្ទីរការងារខេត្ត និងស្នងការរបស់ខេត្តនគររាជសីម៉ា នៃប្រទេសថៃ។ នាឱកាសនោះ ក្នុងនាមអភិបាលខេត្តលោក CHARIN Tongsuk បានទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត អ៉ិត សំហេង និងគណៈប្រតិភូយ៉ាងកក់ក្តៅបំផុត ដែលបានអញ្ជើញមកកាន់ខេត្តរបស់លោក និងបានជម្រាបជូនពីស្ថានភាពរួមរបស់ពលករកម្ពុជាដែលកំពុងធ្វើការ និងស្នាក់នៅក្នុងខេត្ត នគររាជស៊ីម៉ា ជូនដល់គណៈប្រតិភូផងដែរ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងថា តាមរយៈនៃកិច្ចព្រមព្រៀងនៃប្រទេសយើងទាំងពីរកម្ពុជា-ថៃ មកដល់ពេលនេះ គឺមានកិច្ចសហការជាមួយគ្នាបានយ៉ាងល្អគ្រប់វិស័យ។ ថ្នាក់ដឹកនាំប្រទេស ប្រជាពលរដ្ឋ និងអ្នកវិនិយោគបានធ្វើដំណើរចេញចូលប្រទេសទាំងពីរយ៉ាងមមាញឹក ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ក៏កាន់តែធំឡើងៗ នេះកើតចេញពីចំណងមិត្តភាព ដ៏រឹងមាំនៃប្រទេសយើងទាំងពីរ។ ទាក់ទងទៅនឹងកម្លាំងពលកម្ម ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងលើវិស័យកម្លាំងពលកម្ម និងការងារនេះ តាំងពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្ន មានអនុស្សរណៈយោគយល់គ្នាចំនួន២ គឺវិស័យការងារ និងការផ្លាស់ប្តូរកម្លាំងពលកម្ម។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដែលជាកិច្ចសហប្រតិបត្តការឈ្នះ-ឈ្នះ។ ឈ្នះរបស់កម្ពុជាគឺផ្តល់ឱកាសការងារដល់ពលកររបស់ខ្លួន ដោយទទួលបានប្រាក់ខែសមរម្យ ការថែទាំយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងខាងរោងចក្រសហគ្រាស ព្រមទាំងទទួលបាននូវបទពិសោធន៍ ចំណេះជំនាញពីការងារ។ ចំពោះភាពឈ្នះរបស់ភាគីថៃ គឺទទួលបានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅលើខ្សែចង្វាក់ផលិត របស់រោងចក្រសហគ្រាសខ្លួន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ពលករបស់កម្ពុជាមានសិទ្ធិដូចពលករបរទេស និងសិទ្ធិដូចពលករថៃស្របតាមផ្លូវច្បាប់ហើយ បានថ្លែងអំណរគុណដល់អាជ្ញាធរថៃ ដែលនៅក្នុងដំណាក់កាលរាតត្បាតកូវីដ-១៩ ពលករកម្ពុជាទទួលបានការព្យាបាល និងចាក់វ៉ាក់សាំងដូចជាពលរដ្ឋថៃដែរ។ ឯកឧត្តមបណ្ឌិត ក៏អរគុណខាងក្រុមហ៊ុនដែលទទួលយកពលករកម្ពុជា បានធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន មានប្រាក់ខែសមរម្យ និងការថែទាំលើសេវាផ្សេងៗទៀតបានល្អ។ ម្យ៉ាងវិញទៀត កម្លាំងពលកម្មដែលមកពីកម្ពុជា ពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងពលរដ្ឋថៃ ពីព្រោះប្រទេសយើងទាំងពីរមានទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅស្រដៀងគ្នា។ លោកអភិបាលរងខេត្តនគររាជស៊ីម៉ា និងខាងតំណាងក្រុមហ៊ុន CPF បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូចុះមកពិនិត្យផ្ទាល់ពីស្ថានភាពការងារ និងការរស់នៅរបស់ពលករកម្ពុជាដែលបានកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនៅតែបន្តភាពល្អប្រសើរជាមួយនឹងគ្នាបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី {{tag>សារព័ត៌មាន ប្រទេសថៃ}}