====== រយៈពេល ១សប្តាហ៍ ដើមខែ សីហា នេះ ពលករខ្មែរចំណាកស្រុកដោយខុសច្បាប់ ១២៤នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ចកម្ពុជាវិញ ====== https://gntimes.com/ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរ ១២៤នាក់ ដែលនាំគ្នាលួចឆ្លងដែនចូលទៅប្រទេសថៃ ជាបន្តបន្ទាប់ដោយខុសច្បាប់ ត្រូវបានទាហ៊ានឈុតខ្មៅថៃ បានចាប់ប្រមូលដើម្បីបញ្ជូនមកស្រុកកំណើតវិញ ខណៈពួកគេបានទៅតាមមេខ្យល់ដោយប្រថុយប្រថានគ្មានច្បាប់ទម្លាប់ចូលទៅធ្វើការនៅប្រទេសថៃ ។ បើតាមការបញ្ជាក់ពីកម្លាំងការពារតំបន់ព្រំដែនបានឲ្យដឹងថា ពលករដែលសមត្ថកិច្ចភាគីថៃ បានចាប់បញ្ជូនមកស្រុកកំណើតវិញខាងលើនេះ គឺភាគីថៃធ្វើឡើងក្នុងរយ:ពេល ៧ថ្ងៃ ចាប់តាំងពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២២ កន្លងមកនេះ ខណៈដែលពួកគេធ្វើចំណាកស្រុកដោយខុសច្បាប់នៅប្រទេសថៃសរុប ១២៤នាក់ ក្នុងនោះពលករបុរស ២៨នាក់ ស្ត្រីចំនួន ៥១នាក់ និងក្មេងប្រុសស្រី ៤៥នាក់ ។ ប្រភពដដែលបានបញ្ជាក់បន្តថា ជាទូទៅពលករដែលបានលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ច្រើនធ្វើឡើងនៅពេលយប់ជ្រៅតាមច្រករបៀងនានានៅក្នុងភូមិសាស្ត្ររបស់ស្រុកសំពៅលូន ខេត្តបាត់ដំបង ទើបកម្លាំងមានការឆកល្វែងខ្លះ ។ ក្រុមគ្រូពេទ្យប្រាប់ថា សម្រាប់ពលករទាំងអស់ខាងលើ ក្រោយសហការទទួលពីភាគីទាហានថៃក្រុមគ្រូពេទ្យបានពិនិត្យធ្វើតេស្តជាលទ្ធផលអវិជ្ជមាននូវជំងឺកូវីដ-១៩ រួចហើយអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញបន្ទប់ពីសមត្ថកិច្ចធ្វើ ការណែនាំអប់រំរួចមក ៕ ដោយ៖ សួន សុខហៃ {{tag>សារព័ត៌មាន បាត់ដំបង}}