====== លោកស្រី ជូ ប៊ុនអេង៖ បទល្មើសក្នុងរូបភាពថ្មីនៃការជួញដូរជនបរទេសពីសំណាក់ជនបរទេសនៅលើទឹកដីកម្ពុជា កំពុងមានការកើនឡើង ====== https://www.postkhmer.com/national/2022-11-23-1830-243870.html ឡុង គីមម៉ារីតា | Publication date 23 November 2022 | 18:30 ICT ភ្នំពេញៈ ជនរងគ្រោះជាង ៤ ពាននាក់ ពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាន ត្រូវបានជួយសង្គ្រោះឱ្យមានជីវភាព និងជីវិតល្អប្រសើរឡើងវិញ ខណៈលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា បទល្មើសក្នុងរូបភាពថ្មីនៃការជួញដូរជនបរទេសពីសំណាក់ជនបរទេសនៅលើទឹកដីកម្ពុជា កំពុងមានការកើនឡើង។ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងមហាផ្ទៃ និងអង្គការហាការ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃ និងជះផលវិជ្ជមាននៃគម្រោងកម្មវីធី the Whole Journey” ដោយក្នុងនោះ អង្គការហាការ បានប្រកាសថា មានអ្នករស់រានមានជីវិតច្រើនជាង ៤ ពាន់នាក់ ពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាន បានទទួលការគាំទ្រ ហើយករណីនេះ ត្រូវបានបិទប្រហែលពី ៥ ឆ្នាំទៅ ១០ ឆ្នាំ បន្ទាប់ពីរបាយការណ៍បង្ហាញថា ពួកគេជាសះស្បើយទាំងស្រុង និងអាចរស់នៅដោយឯករាជ្យបាន។ លោកស្រី កែវ គៀង នាយកប្រតិបត្តិអង្គការហាការ បានបញ្ជាក់ថា៖ «ដើម្បីតាមដាននូវអ្វីដែលបានកើតឡើងចំពោះជីវិតរបស់ពួកគេ បន្ទាប់ពីទទួលបានការគាំទ្រពីអង្គការហាការ ការវាយតម្លៃនូវលទ្ធផលនៃសេវាកម្មជួយអ្នករស់រានមានជីវិតពីការរងគ្រោះ គឺចាំបាច់ណាស់ ហើយក៏ដើម្បីកំណត់នូវបញ្ហាប្រឈម ការអនុវត្តល្អ និងមេរៀនដែលបានរៀនពីការវាយតម្លៃនេះផងដែរ។ យើងបានរួមគ្នាជួយជីវិតជនរងគ្រោះ និងអ្នករស់រានមានជីវិត ជនពិការរងគ្រោះផ្សេងៗទៀត»។ លោកស្រីបានបន្តថា អង្គការហាការ បានប្តេជ្ញាក្នុងការផ្តល់សេវាកម្មគាំទ្រនៃដំណើរជីវិតទាំងមូលជូនដល់អ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពានផ្សេងៗ ដើម្បីធានាថា ពួកគេមានកន្លែងរស់នៅប្រកបដោយសុវត្ថិភាព និងគ្រួសារដែលមានសេចក្តីស្រឡាញ់នៅក្នុងសហគមន៍របស់ពួកគេ។ បើតាមសេចក្តីប្រកាសរបស់អង្គការហាការ ចំនួនអ្នករងគ្រោះជាង ៤ ពាន់នាក់នេះ គឺជាចំនួនដែលអង្គការហាការបានជួយពួកគេតាំងពីឆ្នាំ ១៩៩៤ រហូតមកដល់បច្ចុប្បន្ន។ អង្គការហាការ បានអះអាងថា ក្រោយការជួយសង្គ្រោះ ពួកគេទទួលបានក្តីសង្ឃឹមឡើងវិញ ដោយមានស្មារតីល្អ និងថែមទាំងមានជីវភាពល្អប្រសើរនៅក្នុងសហគមន៍ថែមទៀតផង។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយចប់សិក្ខាសាលាថា ការជួយដល់ជនរងគ្រោះក្រោយទង្វើនៃការជួញដូរ គឺជារឿងមួយដែលល្អ ដែលក្រសួងមហាផ្ទៃគាំទ្រ និងចង់ឱ្យមានអង្គការច្រើនបន្ថែមទៀត ចូលរួមជួយដល់ពួកគេ។ លោកស្រីបញ្ជាក់ថា៖ «តួលេខនេះ បង្ហាញថា ការផ្តល់សេវា ព្រមនឹងបំណិនជីវិតដ៏ល្អប្រសើរដែលអាចជួយពួកគេ សម្របខ្លួនទៅក្នុងបរិយាកាសថ្មីនៅក្នុងសហគមន៍វិញយ៉ាងរលូន។ អំពើដែលជនរងគ្រោះទទួលបាន គឺមិនងាយធ្វើឱ្យគាត់ ផ្លាស់ប្តូរឥរិយាបថ និងការគិតបានងាយៗនោះទេ ហើយការដែលអង្គការនេះ ធ្វើបានរបៀបនេះ គឺល្អបំផុតហើយ»។ ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង អះអាងថា រាជរដ្ឋាភិបាល នៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើទោះជារបាយការណ៍បានបង្ហាញថា ការជួញដូរមនុស្សក្នុងប្រទេសមានការថយចុះ ប៉ុន្តែការជួញដូរមនុស្សក្នុងរូបភាពហាក់មានការកើនឡើងទៅវិញ ដែលពាក់ព័ន្ធនឹងការជួញដូរជនបរទេសពីសំណាក់ជនបរទេសនៅលើទឹកដីខ្មែរ។ លោកស្រីសង្កត់ធ្ងន់ថា៖ «សកម្មភាពដែលយើងបានធ្វើកន្លងមកក្នុងស្រុក គឺឃើញថា តួលេខធ្លាក់ចុះ។ ប៉ុន្តែខ្ញុំលើករឿងថ្មី ដែលយើងមិនអាចដាក់បញ្ចូលគ្នាបានទេ ព្រោះវាមានស្ថានភាពខុសគ្នា ដោយសារតែយើងធ្លាប់ធ្វើកន្លងមក គឺចំពោះជនដែលងាយរងគ្រោះ ភាគច្រើនគឺជាជនជាតិខ្មែរ ដែលទទួលរងការជួញដូរ។ តែឥឡូវនេះ បទល្មើសជួញដូរថ្មីនេះ គឺបានបង្កប់ក្នុងប្រព័ន្ធអនឡាញ ដែលភាគច្រើនខាងជនបរទេស។ មានន័យថា ជនបរទេសដែលប្រព្រឹត្តបទល្មើសទៅលើជនបរទេសគ្នាគាត់ ដោយប្រើប្រាស់ទឹកដីកម្ពុជា»។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត បានបង្ហាញថា ខ្លួនបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងរយៈពេល ៩ ខែ សរុបបាន ១២២ ករណី បើធៀបនឹងឆ្នាំ ២០២១ មានចំនួន ២៦៩ ករណី ថយចុះចំនួន ១៤៧ ករណី ស្មើនឹង ៥៤,៦៤ ភាគរយ៕ {{tag>សារព័ត៌មាន ភ្នំពេញ}}