====== ពលករខ្មែរដែលត្រឡប់ពីថៃវិញ ត្រូវចូលតាមច្រកប៉ោយប៉ែត ====== https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ៣០ ខែ សីហា ឆ្នាំ ២០២២ ម៉ោង ០៩:០០ ខេត្តបន្ទាយមានជ័យ ៖ កម្ពុជា-ថៃ សម្រេចឱ្យពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ត្រូវចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គិតចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ។ អាជ្ញាធរខេត្តជាប់ជាយដែនកម្ពុជា-ថៃ បានប្រជុំពិភាក្សាទ្វេភាគីសម្រេចអោយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ត្រូវឱ្យចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបិទទីតាំងទទួលពលករមានច្រករបៀង អូរបីជាន់ស្រុកអូរជ្រៅ ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក ក្នុងភូមិសាស្គ្រ ស្រុកម៉ាឡៃ ។ លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរបានប្រាប់ថា នៅថ្ងៃទី២៩ ខែសីហា ថា នៅច្រកអូរជាន់ស្រុកអូរជ្រៅ ក្រុមការងារបានទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃ មានចំនួន៤៣នាក់ (ស្រី២១នាក់) កុមារ៥នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ.១៩ពីដូសទី២ដល់ទី៣មានចំនួន៤៣នាក់ក្រោយត្រួតពិនិត្យសុខភាព ហើយបានឱ្យទៅស្រុកកំណើត។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ដែរថា ភាគីថៃបានចាប់ពលករខ្មែរដែលខុសច្បាប់ បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានជារៀងរាល់ថ្ងៃ មិនតិចជាង២០ ទៅ៣០នាក់ ដែលជាពលករខុសច្បាប់ ។ ភាគីថៃចាប់បញ្ជូនមកអោយកម្លាំងជំនាញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទទួលធ្វើការពិនិត្យសុខភាពហើយដឹកជញ្ជូនបន្តអោយទៅមណ្ឌលសំចត ។ {{tag>សារព័ត៌មាន បន្ទាយមានជ័យ}}