====== ថៃ អនុញ្ញាតឲ្យពលករខ្មែរ ស្នាក់នៅក្នុងប្រទេស ដល់ចុងខែ ====== https://www.kampucheathmey.com/global-news/539520 ថ្ងៃសុក្រ ៧ កក្កដា ២០២៣ដោយ Sok Sovann អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisulee Traisoranakul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកក្កដាថា ពលករចំណាកស្រុកមកពីប្រទេសជិតខាងចំនួន៤ នឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ខណៈនិយោជក ត្រូវរៀបចំសម្រាប់ការបន្តលិខិតអនុញ្ញាតការងាររបស់ពួកគេ។ លោកស្រីថ្លែងថា គណៈរដ្ឋមន្ត្រីថៃ បានសម្រេចកាលពីថ្ងៃពុធ ដើម្បីពន្យារពេលកំណត់ សម្រាប់ការបន្តលិខិតអនុញ្ញាតការងារ ចំពោះពលករមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ កាលពីថ្ងៃទី៧ខែកុម្ភៈ គណៈរដ្ឋមន្ត្រី បានសម្រេចថា ពលករចំណាកស្រុកមកពីប្រទេសខាងលើដែលចង់បន្តការងារក្នុងប្រទេសថៃ ត្រូវដាក់ពាក្យសុំធ្វើការបន្តត្រឹមថ្ងៃទី១៣ខែកុម្ភៈ ដើម្បីឲ្យឯកសារចាំបាច់ អាចបញ្ជូនទៅនាយកដ្ឋានការងារបានត្រឹមថ្ងៃទី១៥ឧសភា។ ទោះបីជាយ៉ាងណាក៏ដោយ កម្មករចំណាកស្រុកប្រមាណ ៥០ ម៉ឺននាក់ ត្រូវបានគេរកឃើញថា មិនអាចបំពេញតាមពេលវេលាកំណត់នេះបាន ដូច្នេះហើយ គណៈរដ្ឋមន្ត្រីបានសម្រេចពន្យារ ដើម្បីទុកពេលឲ្យនិយោជករបស់ពួកគេ រៀបចំសម្រាប់ការបន្តប័ណ្ណការងារឲ្យបានត្រឹមត្រូវ។ លោក Traisulee បានគូសបញ្ជាក់ថា ប្រទេសថៃត្រូវការពលករចំណាកស្រុកមកពីប្រទេសជិតខាង ដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ហើយការបន្ធូរបន្ថយនេះត្រូវបានគេរំពឹងថា នឹងជួយសម្រាលភាពខ្វះខាតកម្លាំងពលកម្ម។ លោកស្រីបន្ថែមថា ប្រសិនបើកម្មករទាំងនោះមានការងារស្របច្បាប់ ពួកគេអាចត្រូវបានការពារដោយច្បាប់ការងារ ដែលធានានូវអត្ថប្រយោជន៍សុខុមាលភាព និងសិទ្ធិសម្រាប់និយោជិត។ ម្យ៉ាងទៀត ព័ត៌មានថ្មីៗអំពីពលករចំណាកស្រុកនឹងជួយរដ្ឋាភិបាលក្នុងការគ្រប់គ្រងពលករចំណាកស្រុកនៅប្រទេសថៃ បានកាន់តែប្រសើរឡើង៕ប្រែសម្រួល៖ Vann Vannប្រភព៖ Nation {{tag>សារព័ត៌មាន បរទេស}}