ក្រសួងការបរទេសបញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍នៅច័ន្ទបុរី របស់ពលរដ្ឋខ្មែរ២៩នាក់

(http://www.rasmeinews.com/local) ដោយ ៖វាសនា ថ្ងៃទី 9 មករា 2017 ម៉ោង 03:30:PM

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃ០៩មករានេះបានចេញការប្រកាសព័ត៌មានមួយជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពលករ (មានពលករខ្មែរ២៩នាក់) និងរថយន្តកង់១០នៅខេត្តច័ន្ទបុរី កាលពីថ្ងៃទី ៣០ធ្នូ ២០១៦។ក្រសួងបាននិយាយថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានរាយការណ៍ជូនខ្លួនថា ពលករដែលបានបាត់បង់ជីវិតមានចំនួន០៣នាក់មានឈ្មោះដូចខាងក្រោម៖

- តេង ឆាលី ភេទប្រុស អាយុ ២៧ឆ្នាំ មកពីស្រុកក្រឡាញ់ ខេត្តសៀមរាប សពត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ។ - មុច សាម៉ុន ភេទស្រី អាយុ ៣៥ឆ្នាំ មកពីស្រុកពាមជរ ខេត្តព្រៃវែង ក្រុមគ្រួសារកំពុងទាក់ទងយកសពមកកម្ពុជាវិញ។ - វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមគ្រួសារកំពុងសំរួលឯកសារយកសពមកកម្ពុជាវិញ។ ក្រោយកិច្ចអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុល ថៅកែថៃយល់ព្រមជួយឧបត្ថម្ភប្រាក់ដល់គ្រួសារសព ក្នុងមួយគ្រួសារចំនួន ២២.០០០បាតនិងម្ចាស់រថយន្តកង់១០ ឧបត្ថម្ភចំនួន ៣០.០០០បាត សរុប ៥២.០០០បាត៕

ពលកររបួសធ្ងន់ កំពុងសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់ចំនួន ៤នាក់៖ - នៅ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ខ័ណ្ឌមានជ័យ ភ្នំពេញ - វុត្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកត្បែង ខេត្តព្រះវិហារ - នុល ពីង ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកស្វាយទៀប ខេត្តស្វាយរៀង - សិ ថេ ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកឈូក ខេត្តកំពត

ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ កំពុងរៀបចំឯកសារ និងត្រៀមជូនដំណើរក្រុមគ្រួសារអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យ។ ពលកររបួសមធ្យមកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យចំនួន ៤នាក់៖

- រស់ ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួសបាក់ជើង - ឌុល ឆាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាល និងបាក់ជើង (ស្វាមីសពឈ្មោះ មុច សាម៉ុន) - ឌុល ស្រីកា អាយុ ៩ឆ្នាំ របួសបាក់ជើង ជាកូនស្រី ឌុល ឆាយ និងមុច សាម៉ុន - ចាន់ នី ភេទស្រី អាយុ៣២ឆ្នាំ ស្រុកឈូក ខេត្តកំពត

ចំពោះពលករដទៃទៀតដែលរងរបួសស្រាល បានចេញពីមន្ទីរពេទ្យ និងត្រូវបានថៅកែថៃទទួលទៅធ្វើការវិញហើយ។ ពលករទាំង២៩នាក់ ត្រូវបានថៅកែថៃ ឈ្មោះ ឆីម វិឆ័យ អាយុ ៥២ឆ្នាំ ជួលមកបេះផ្លែមៀន។ ដោយសារពួកគាត់ពុំមាន Work permit ដូច្នេះពុំមានសិទ្ធិទទួលបានធានារ៉ាប់រងការងារណាមួយឡើយ។

ស្ថានអគ្គកុងស៊ុល ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារសព និងអ្នករងរបួសនិងបានសំណូមពរថៅកែថៃជួយចេញថ្លៃព្យាបាលដល់ពលកររងរបួសទាំងអស់ផងដែរ។ ស្ថានអគ្គកុងស៊ុលកម្ពុជាក៏បានសហការជាមួយថៅកែថៃ រកមេធាវីការពារក្តី នៅតុលាការនាពេលខាងមុខដើម្បីទាមទារសំណងជម្ងឺចិត្តជូនពលករបាត់បង់ជីវិតនិងរងរបួស។