ថៅកែថៃ យល់ព្រមឧបត្ថម្ភប្រាក់ ២២០០០បាត ដល់គ្រួសារសព ពលករខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តច័ន្ទបុរី

(http://dap-news.com/kh) ថ្ងៃច័ន្ទ, 09 មករា ២០១៧ 15:21 ដោយ: ដើមអម្ពិល ID:013

ភ្នំពេញ៖ ក្រោយកិច្ចអន្តរាគមន៍ របស់ ស្ថានអគ្គកុងស៊ុល ថៅកែថៃយល់ព្រម ជួយឧបត្ថម្ភប្រាក់ដល់គ្រួសារសព ក្នុងមួយគ្រួសារចំនួន ២២ ០០០បាត និងម្ចាស់រថយន្តកង់១០ ឧបត្ថម្ភចំនួន ៣០.០០០បាត សរុប ៥២ ០០០បាត។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកពលករ (មានពលករខ្មែរ២៩នាក់) និងរថយន្តកង់១០ នៅខេត្តច័ន្ទបុរី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ថា ពលករដែលបានបាត់បង់ជីវិត មានចំនួន៣នាក់។ សេចក្តីជូនដំណឹង បានបន្តថា ជនរងគ្រោះ ទី១. ឈ្មោះ តេង ឆាលី ភេទប្រុស អាយុ២៧ឆ្នាំ មកពីស្រុកក្រឡាញ់ ខេត្តសៀមរាប សពត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ, ទី២. មុច សាម៉ុន ភេទស្រី អាយុ៣៥ឆ្នាំ មកពីស្រុកពាមជរ ខេត្តព្រៃវែង ក្រុមគ្រួសារកំពុងទាក់ទង យកសពមកកម្ពុជាវិញ និងទី៣. វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមគ្រួសារកំពុងសម្រួលឯកសារ យកសពមកកម្ពុជាវិញ។

ពលកររបួសធ្ងន់ កំពុងសង្គ្រោះ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចំនួន ៤នាក់ ទី១. ឈ្មោះ នៅ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ខ័ណ្ឌមានជ័យ ភ្នំពេញ, ទី២. វុត្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកត្បែង ខេត្តព្រះវិហារ, ទី៣. នុល ពីង ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកស្វាយទៀប ខេត្តស្វាយរៀង និងទី៤. សិ ថេ ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកឈូក ខេត្តកំពត ការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ កំពុងរៀបចំឯកសារ និងត្រៀមជូនដំណើរ ក្រុមគ្រួសារអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យ។ ពលកររបួសមធ្យមកំពុងសំរាកព្យាបាល នៅមន្ទីពេទ្យចំនួន ៤នាក់ ទី១. ឈ្មោះ រស់ ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ ស្រុកកំចាយមារ ខេត្តព្រៃវែង រងរបួសបាក់ជើង, ទី២. ឌុល ឆាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាល និងបាក់ជើង (ស្វាមីសពឈ្មោះ មុច សាម៉ុន), ទី៣. ឌុល ស្រីកា អាយុ ៩ឆ្នាំ របួសបាក់ជើង ជាកូនស្រី ឌុល ឆាយ និងមុច សាម៉ុន, ទី៤. ចាន់ នី ភេទស្រី អាយុ៣២ឆ្នាំ ស្រុកឈូក ខេត្តកំពត ចំពោះពលករដ៏ទៃទៀត ដែលរងរបួសស្រាល បានចេញពីមន្ទីរពេទ្យ និងត្រូវបានថៅកែថៃ ទទួលទៅធ្វើការវិញហើយ។ ពលករទាំង២៩នាក់ ត្រូវបានថៅកែថៃ ឈ្មោះ ឆីម វិឆ័យ អាយុ ៥២ឆ្នាំ ជួលមកបេះផ្លែមៀន។ ដោយសារពួកគាត់ពុំមាន Work permit ដូច្នេះ ពុំមានសិទ្ធទទួលបានធានារ៉ាប់រងការងារ ណាមួយឡើយ។

ស្ថានអគ្គកុងស៊ុល ក៏បានជួយឧបត្ថម្ភថវិកា មួយចំនួន ដល់ក្រុមគ្រួសារសព និងអ្នករងរបួស និងបានសំណូមពរថៅកែថៃ ជួយចេញថ្ងៃព្យាបាល ដល់ពលករ រងរបួសទាំងអស់ផងដែរ។ បច្ចុប្បន្នស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បានសហការជាមួយ ថៅកែថៃ រកមេធាវីការពារក្តី នៅតុលាការនាពេលខាងមុខ ដើម្បីទាមទារសំណងជម្ងឺចិត្ត ជូនពលករបាត់បង់ជីវិត និងរងរបួស ៕