តំណាងUN ផ្នែកស្ត្រីចាប់អារម្មណ៍ ជាខ្លាំងចំពោះស្រី្តខ្មែរ រងគ្រោះនៅចិន និងម៉ាឡេស៊ី

(http://dap-news.com/kh) ព្រហស្បតិ៍, ១២ មករា ២០១៧ 12:02 ដោយ: ខា ដា ID:012

ភ្នំពេញ ៖ លោកស្រី Janet WONG តំណាងថ្មីនៃអង្គការសហប្រជាជាតិផ្នែកស្ត្រី (UN Women) បានមាន ចំណាប់ អារម្មណ៍ខ្ពស់ ជាមួយនឹងស្រ្តីខ្មែរ ដែលបានរងគ្រោះ ដោយសារទៅធ្វើការងារនៅតាមផ្ទះ និងរៀបការជា មួយប្តីនៅចិន និងម៉ាឡេស៊ីដែលពួកគេបានជួបវិបត្តិ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ ជំនួបរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី Janet WONG តំណាង ថ្មីនៃអង្គការ UN Women នាទីស្ដីការក្រសួង ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ថា “លោកស្រីក៏ចាប់អារម្មណ៍ខ្លាំង ដែរអំពីបញ្ហាករណីពលការិនីខ្មែរយើង និងស្រ្តីខ្មែរយើងដែលជួបបញ្ហានៅឯបរទេស”។ លោកបន្តថា ក្នុងឆ្នាំ២០១៦ ស្ថានទូតខ្មែរ ប្រចាំនៅប្រទេសមួយចំនួន ដែលជាសេនាធិការរបស់ក្រសួង ការបរទេសខ្មែរ បានជួយស្រ្តីរងគ្រោះមានចំនួនច្រើនជាងឆ្នាំ២០១៥ ហើយចំនួនស្រ្តីរង គ្រោះក៏បានថយចុះជាងឆ្នាំ២០១៥ផងដែរ។ លោកបញ្ជាក់ថា ការថយចុះនៃស្រ្តីរងគ្រោះនៅចិននេះ ដោយសារតែស្ថានទូត បានមានទំនាក់ទំនងជាមួយ អាជ្ញាធរចិន និងស្ថានទូតចិននៅកម្ពុជា ក្នុងការរឹតបន្តឹងផ្តល់ទិដ្ឋការដល់ស្រ្តីខ្មែរ ជាពិសេសស្រ្តីវ័យក្មេង ដែលមានបំណងទៅរៀបការជាមួយបុរសចិន។ អ្នកនាំពាក្យអះអាងថា ចំណែកនៅម៉ាឡេស៊ីស្រ្តីរងគ្រោះមានការកើនឡើងជាងនៅចិន។លោកថា នៅពេល ដែលបានបញ្ជូនស្រ្តីរងគ្រោះពីក្រៅប្រទេសមកវិញ ខាងក្រសួងតែងតែធ្វើរបាយការណ៍ ជម្រាបជូនអាជ្ញាធរ មូលដ្ឋាន ដើម្បីឲ្យបានដឹងលឺពីផលលំបាករបស់ស្រ្តី ដើម្បីឲ្យជួយទប់ស្កាត់ និងរឹតបន្តឹងក្នុងការផ្តល់លិខិត ស្នាមផ្សេងដល់ស្រ្តីវ័យក្មេងដែលមានបំណងទៅរៀបការ ជាមួយបុរសនៅក្រៅប្រទេស។ លោកក៏បានផ្តាំផ្ញើទៅក្រុមគ្រួសារ និងឪពុក-ម្តាយ ឲ្យប្រុងប្រយ័ត្នចំពោះការបញ្ជូនកូនឲ្យទៅរៀបការជាមួយប្តីបរទេស ហើយកុំជឿតាមការបញ្ចុះបញ្ចូលពីមេខ្យល់ ព្រោះមេខ្យល់ធ្វើយ៉ាងណាដើម្បីឲ្យបានលុយពីភាគីម្ខាងទៀតប៉ុណ្ណោះ ដោយមិនគិតពីផលលំបាករបស់ស្រ្តីខ្មែរនោះទេ។

កាលពីថ្ងៃទី១១ មករា ក្រសួងការបរទេសខ្មែរបានចេញរបាយការណ៍ថា តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅក្រៅប្រទេស ក្នុងឆ្នាំ២០១៦ បានជួយសម្រួល និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ បានធ្វើការនិងស្នាក់នៅក្រៅប្រទេស ដែលជួបការលំបាក និងការរំលោភបំពានពីសំណាក់ថៅកែ និងមេខ្យល់ជាដើម បានចំនួន ៨១០នាក់។ របាយការណ៍បន្តថា ពលករបញ្ជូនមកវិញមានពីវៀតណាម ២៣១នាក់, ឡាវ ២នាក់, ម៉ាឡេស៊ី ២៧២នាក់, ឥណ្ឌូនេស៊ី ៧៨នាក់, សិង្ហបុរី ៦នាក់, ហ្វីលីពីន ៤នាក់, ចិន ៦៤នាក់, ជប៉ុន ១៦នាក់, អូស្ត្រាលីម្នាក់, អារ៉ាប៊ីសាអួឌីតម្នាក់ និងរុស្ស៊ី ២នាក់ ៕