ក្រសួងការបរទេសអំពាវនាវជាថ្មីដល់ស្ត្រីខ្មែរគ្រប់រូប ដែលចង់រៀបការជាមួយប្តីបរទេសគួរពិចារណាឲ្យបានម៉ត់ចត់

(http://bayontv.com.kh) 12/01/2017

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជុំ សន្ទរី បានធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់ស្ត្រីខ្មែរគ្រប់រូបត្រូវតែធ្វើការពិចារណាឲ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តរៀបការជាមួយប្តីបរទេស ខណៈបច្ចុប្បន្ននៅតែមានស្ត្រីខ្មែរចាញ់បោកមេខ្យល់យកទៅរៀបការជាមួយប្តីបរទេសដដែលនោះ។

ការអំពាវនាវរបស់អ្នកនាំពាក្យរូបនេះ គឺបានធ្វើឡើងបន្ទាប់ពីកិច្ចជំនួបរវាងទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ជាមួយនិងអ្នកស្រី Janet WONG តំណាងថ្មីនៃអង្គការ UN Womenប្រចាំនៅកម្ពុជានាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះនៅទីស្តីការក្រសួង។ លោក ជុំ សន្ទរីបានលើកឡើងថា ករណីស្ត្រីខ្មែរនៅតែជាបញ្ហាពីព្រោះថា ពួកគេនៅតែមានការចាញ់បោកមេខ្យល់បោកបញ្ឆោតយកទៅលក់ឲ្យរៀបការ ជាមួយប្តីបរទេសជាពិសេសគឺជនជាតិចិននិងចិនតៃវ៉ានតែម្តង។ តែយ៉ាងណាក្តីបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានស្នើរឲ្យមានការរឹតបណ្ដឹងទិដ្ឋាការដល់ស្ត្រីខ្មែរពីសំណាក់ភាគីចិននោះ ឃើញតួលេខស្ត្រីខ្មែររងគ្រោះមានការធ្លាក់ចុះច្រើនកាលពីឆ្នាំ២០១៦កន្លងទៅនេះ។

ដោយឡែកសម្រាប់ពលការិនីខ្មែរ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះ ក៏មានការព្រួយបារម្មណ៍ច្រើនដែរពីព្រោះថា ពលការិនីខ្លះបានលួចឆ្លងកាត់ទៅខ្លួនឯង និងតាមរយៈមេខ្យល់ជាដើម ហើយបញ្ហាកើតឡើងសម្រាប់ពលការិនីខ្មែរ នៅប្រទេសម៉ាឡេស៊ីនោះមានការកើនឡើងតែយ៉ាងណាក្តីក្រសួង បានខិតខំជួយពួកគេបានទាន់វេលាផងដែរបន្ទាប់ពីពួកគេមានទុក្ខលំបាកការងារនោះ។ សូមរំលឹកថា នៅឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងការបរទេសតាមរយៈស្ថានទូតរបស់ខ្លួនតាំងតាមប្រទេស បានជួយដោះស្រាយការងារជួយដល់ពលករ–ពលការិនីខ្មែរនិងស្ត្រីខ្មែររងគ្រោះបានជាងមួយពាន់នាក់ឲ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីពួកគេទាំងនោះជួបទុក្ខលំបាកនិងបញ្ហាប្តីបរទេសពួកគេធ្វើបាបជាដើមនោះ៕