មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ គាំទ្រប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទទីស្នាក់ការអង្គការ AIM

http://www.c-e-n-news.html (ថ្ងៃទី 3 សីហា 2017, ម៉ោង 10:27:AM) | ដោយ: មុនីរាជ

ភ្នំពេញ: មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ សូមបដិសេធ ខ្សែភាពយន្តឯកសារខ្លី ដែលមាន ចំណងជើង “ក្មេងស្រីកម្ពុជា ត្រូវបានម្តាយលក់ ឲ្យបម្រើផ្លូវភេទ” បានចាក់ផ្សាយច្រើនដង គ្រាន់តែប្តូរចំណងជើង ខុសៗគ្នា តាមទូរទស្សន៍ CNN និងទូរទស្សន៍ ABC News ដែលការផ្សាយព័ត៌មានបំភ្លៃនេះ និងមានចរិកមួលបង្កាច់ បែបនេះ បានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់អ្នកម្តាយ និងស្ត្រីកម្ពុជា។ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ ក៏ដូចជា ក្រសួងកិច្ចការនារី ក៏ដូចជាស្ត្រីកម្ពុជាគ្រប់រូប មិនអាចទទួលយកបានទេ នូវការប្រមាថ របស់ទូរទស្សន៍ CNN និង ABC news លើជនជាតិខ្មែរ ដែលចុះផ្សាយថា ម្តាយកម្ពុជា លក់កូនស្រី ឲ្យបម្រើផ្លូវភេទ។

ជាមួយគ្នានោះ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានគាំទ្រទាំងស្រុង នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជា ឲ្យបិទទីស្នាក់ការ នៃអង្គការ AIM ហើយបណ្តេញប្រធានអង្គការនេះ ចេញពីទឹកដីកម្ពុជា ដោយអនុវត្តទៅតាម នីតិវិធីច្បាប់កម្ពុជា ផងដែរ។ ព្រោះអង្គការមួយនេះ បានយកកិត្តិយសប្រទេស និងស្ត្រីកម្ពុជា បំភ្លៃការពិត ពេញពិភពលោក ដើម្បីធ្វើការរៃអង្គាសថវិកា ពីបរទេសសម្រាប់ ប្រយោជន៍ពួកខ្លួនទៅវិញ តាមការសង្កេត នៅក្នុងវីដេអូខ្លីនោះ គឺអ្នកព័ន្ធពាក់នោះ គឺពួកគេមិនមែនជាជនជាតិខ្មែរឡើយ គឺជាជនបរទេស ដែលមករស់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលពួកគេមានវប្បធម៌ ប្រពៃណីខុសពីប្រជាពលរដ្ឋកម្ពុជា។

ទាក់ទងករណីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មថា សម្តេចមិនអាចទទួល យកបានឡើយ ពីការប្រមាថ ចំពោះស្ត្រីកម្ពុជា របស់អង្គការក្រៅរដ្ឋាភិបាលមួយ (AIM) ដែលបានផ្សាយតាម កញ្ចក់ទូរទស្សន៍ ស៊ីអិនអិន( CNN )និ ង អេប៊ីស៊ី ញូវ(ABC news ) របស់អាមេរិក ។ សម្តេចបានស្នើឲ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតមើលអង្គការក្រៅ រដ្ឋាភិបាលមួយនេះ និងចាត់វិធានការបិទភ្លាម ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនិតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី ១ ខែ សីហា នៅកោះពេជ្រ ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់នៅទីនេះ ក្នុងនាមជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមិនអាចទទួលយកបានទេ នូវការប្រមាថរបស់អង្គការ ក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការចុះផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ CNN និង ABC ដោយបាននិយាយថា ម្តាយយកកូនទៅលក់ ឲ្យធ្វើស្រីពេស្យានោះ។ នេះជាការប្រមាថ ដ៏ធ្ងន់ធ្ងរមួយ ដែលកាលពីថ្ងៃអាទិត្យនេះ ខ្ញុំបានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតរឿងនេះ ហើយគប្បីត្រូវបិទចោល នូវអង្គការមិនមែនរដ្ឋាភិបាល មួយនេះ មិនអាចឲ្យអ្នកឯងប្រមាថ ជនជាតិរបស់ខ្ញុំបានទេ ។ នេះខ្ញុំមិនទាន់ធ្វើផង។ ប្រសិនជាខ្ញុំបើកដៃឲ្យមាន បាតុកម្មប្រឆាំងនោះ អ្នកឯងនឹងក្លាយទៅជាអ្វី ?”។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានធ្វើការកត់សំគាល់ ពាក់ព័ន្ធការប្រមាថ របស់អង្គការក្រៅរដ្ឋាភិបាល និង ទូរទស្សន៍ ស៊ីអិនអិន ថាតើនឹងមានប្រតិកម្ម ពីគណបក្សប្រឆាំង និង គណបក្សនយោបាយផ្សេងៗ ឬ អង្គការសង្គមស៊ីវិល នៅកម្ពុជាឬអត់ ? ព្រោះការប្រមាថ មកលើស្ត្រីកម្ពុជា។ ម្តាយរបស់កម្ពុជា មានន័យស្មើនឹងការប្រមាថ មកលើប្រពន្ធ កូន បងប្អូន របស់យើង ។ ដូចនេះ ប្រសិនជាពួកគេ គ្មានប្រតិកម្មទេនោះ គឺមានន័យស្មើនឹងគេទទួលយកភាសា នៃការប្រមាថនេះ ហើយមានន័យស្មើនិងពួកគេមានម្តាយ ឬ ប្រពន្ធ លក់កូនឲ្យធ្វើស្រីពេស្យា ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា “ កម្ពុជាដែលគេប្រើប្រាស់ថា បានយកកូនទៅលក់ ។ អញ្ចឹងខ្ញុំក៏ចង់កត់សំគាល់មើលថា តើបណ្តាបក្ស នយោបាយនានា នៅកម្ពុជា និង អង្គការសង្គមស៊ីវិល នៅកម្ពុជា មានប្រតិកម្ម បែបណាដែរនោះ? ព្រោះគេកំពុងតែប្រមាថ ប្រពន្ធរបស់ខ្លួន កូនរបស់ខ្លួន ប្អូនរបស់ខ្លួនដែលនោះតើគិតយ៉ាងម៉េច? ។

បើសិនជាអ្នកឯងទទួលយកភាសាហ្នឹង អញ្ចឹងមានន័យថា បក្សប្រឆាំង និង គណបក្សនយោបាយនានា នៅកម្ពុជា សុទ្ធតែមានម្តាយយកកូន ទៅលក់ធ្វើស្រីពេស្យា វាមានន័យស្មើយ៉ាងដូច្នេះ”។ សម្តេចតេជោ ក៏បានស្នើឲ្យទូតអាមេរិក ស៊ើបអង្កេតលើបញ្ហានេះ ព្រោះយើងមិនអាច ទទួលយកបាន ការប្រមាថដ៏ធ្ងន់ធ្ងរនេះទេ ហើយយើងនិងឈានទៅបិទ អង្គការក្រៅរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធ។ សម្តេចបានបន្តថា បើសិនគ្រាន់ តែចិញ្ចឹមកុមារកំព្រា ប៉ុន្មាននាក់ រដ្ឋាភិបាល អាចរ៉ាប់រងបាន មិនអាចឲ្យអ្នកឯង មកបើកអង្គការមួយ ហើយយកកេរ្តិ៍ប្រទេសរបស់ខ្ញុំ ដើម្បីទៅធ្វើការរ៉ៃអង្គាស លុយពីខាងក្រៅ បាននោះទេ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីនេះ ទូរទស្សន៍ CNN និង ABC News របស់អាមេរិក បានចាក់ផ្សាយព័ត៌មានមួយ ដែលមានចំណងជើងថា “ក្មេងស្រីកម្ពុជា ត្រូវបានអ្នកម្តាយ លក់ឲ្យបំរើផ្លូវភេទ” និង បានផ្លាស់ប្តូរចំណងជើង ជាច្រើនទៀត ដែលការផ្សាយនេះ គឺមានលក្ខណៈមួលបង្កាច់ និង បង្ខូចកេរ្តីឈ្មោះ យ៉ាងខ្លាំង ដល់ប្រទេសកម្ពុជា ពិសេសគឺបានប្រមាថ ចំពោះស្ត្រីជាម្តាយរបស់កុមារកម្ពុជា ខណៈដែលរូបភាពឯកសារខ្លះ ជារឿងដែលបានកើតមាន តាំងពីជាង ១០ ឆ្នាំ កន្លងផុតទៅហើយ៕N/S