កម្ពុជាបញ្ជូនមន្ត្រីបច្ចេកទេសជិត ៣៦០នាក់ ចុះធ្វើយុទ្ធនាការផ្តល់ ភាពស្របច្បាប់ជូនពលករនៅថៃ

https://www.dap-news.com/kh/ ថ្ងៃពុធ, 06 កញ្ញា ២០១៧ 09:56 ដោយ: ស សំណាង ID:039

ភ្នំពេញ៖ កម្ពុជាបានបើកយុទ្ធនាការ ១០០ថ្ងៃ ដើម្បីបញ្ជូនមន្ត្រីបច្ចេកទេស ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួមមហាផ្ទៃចំនួន ៣៦០នាក់ ចុះធ្វើយុទ្ធនាការផ្តល់ភាពស្របច្បាប់ ជូនពលករដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ផ្សព្វផ្សាយដល់មន្ត្រី ដើម្បីធ្វើការផ្សព្វផ្សាយអំពី យុទ្ធនាការផ្តល់ភាពស្របច្បាប់ ជូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ កាលពីរសៀល ថ្ងៃទី៥ កញ្ញាថា តាមស្ថិតិដែលក្រសួងទទួល បានមានពលករកម្ពុជា រស់នៅ និងធ្វើការនៅថៃ មានចំនួន ១លាន៥ម៉ឺននាក់ ។ លោករដ្ឋមន្ត្រីក្រសួងការងារ បានកំណត់ថា យុទ្ធនាការ១០០ថ្ងៃ ផ្តល់ប័ណ្ណធ្វើដំណើរ និងប័ណ្ណធ្វើការងារ (ប័ណ្ណ ពណ៌ ស៊ីជំពូ ) ធ្វើនៅថ្ងៃតែមួយ ជាមួយគ្នាតែម្តង ។

លោករដ្ឋមន្ត្រីឲ្យដឹងថា មន្ត្រីដែលទៅបំរើការងារ ជាមន្ត្រីពេញសិទ្ធិទទួលបាន ប្រាក់ឧបត្ថម្ភចំនួន ១៣០០ដុល្លារ និងមន្ត្រីជាប់កិច្ចសន្យាទទួលបាន ១០០០ដុល្លារ ។ លោករដ្ឋមន្ត្រីបន្ថែមថា មន្ត្រីដែលត្រូវបញ្ជូនទៅនោះ ចាប់ពីថ្ងៃ១៥កញ្ញា ដល់១៥ធ្នូ ឆ្នាំ២០១៧ ។ លោកថា ក្រុមការងារដែល ធ្វើយុទ្ធនាការ១០០ថ្ងៃនោះ ចែកចេញជាប្រាំក្រុម ដោយការចុះធ្វើប័ណ្ណនោះ ធ្វើនៅតាមខេត្តមួយចំនួន នៅក្នុងប្រទេសថៃ ។ លោកបានឲ្យដឹងទៀតថា ប្រសិនបើយុទ្ធនាការផ្ដល់ ភាពស្របច្បាប់ជូនពលករខ្មែរនៅថៃ បញ្ចប់ទៅដោយជោគជ័យ កម្ពុជានឹងពិចារណា បន្តផ្ដល់ភាពស្របច្បាប់ជូន ពលករខ្មែរនៅម៉ាឡេស៊ីទៀត ។ លោកបន្តថា ក្រៅពីការចែកលិខិត ឆ្លងដែនដែលនៅសេសសល់ ក្នុងយុទ្ធនាកា រ១០០ថ្ងៃនេះ ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ក៏នឹងបើកការធ្វើលិខិតឆ្លងដែនថ្មី ជូនពលករមិនទាន់ មានលិខិតឆ្លងដែនផងដែរ ។ ការធ្វើលិខិតឆ្លងដែនលើកនេះ គឺឆាប់រហ័សជាងពេលមុន ពោលគឺធ្វើតែមួយថ្ងៃបានតែម្តង ជាមួយតម្លៃ ២,៣៥០បាត ស្មើនឹងជាង ៦៨ដុល្លារអាមេរិក ហើយគ្រោងធ្វើឲ្យបាន ៥០០នាក់ ក្នុងមួយថ្ងៃទៀតផង ៕