មន្ត្រី៤០០នាក់ត្រូវបានបញ្ជូនទៅធ្វើយុទ្ធនាការស្របច្បាប់ដែលកំពុងធ្វើការនៅថៃ

http://www.rasmeinews.com/ September 7, 2017

(ភ្នំពេញ)៖ក្នុងយុទ្ធនាការដ៏ធំមួយមានរយៈពេល១០០ថ្ងៃ ដើម្បីធ្វើលិខិតឆ្លងដែនជូនដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅប្រទេសថៃមានចំនួន១៦ម៉ឺននាក់នោះ ត្រូវបានក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថាបានប្រើមន្ត្រីរហូតដល់ជាង៤០០នាក់ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា។ ថ្លែងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការផ្តល់ភាពស្របច្បាប់ដល់ពលករ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ លោក អ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារបានឱ្យដឹងថាប្រសិនបើយុទ្ធនាការផ្ដល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើជាមួយរាជរដ្ឋាភិបាលថៃនេះ បញ្ចប់ទៅដោយជោគជ័យ រាជរដ្ឋាភិបាលកម្ពុជានឹងពិចារណាថា នឹងដំណើរការងារផ្ដលភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសម៉ាឡេស៊ីបន្តទៀត។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមការងារចល័តរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ នៃក្រសួងការងារកម្ពុជា កំពុងយុទ្ធនាការ១០០ថ្ងៃ ចុះបើកផ្ដល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ្ណ OCWC ដល់ពលករខ្មែរនៅថៃចំនួន ១៦ម៉ឺននាក់ ដែលធ្វើលិខិតទាំងនេះហើយ ប៉ុន្តែមិនទាន់ទទួលបាន ដើម្បីសម្រួលឲ្យពួកគេទទួលបានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការធ្វើការនិងរស់នៅប្រទេសថៃ។

យុទ្ធនាការនេះ បានចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ដោយគណៈកម្មការនឹងបញ្ជូនក្រុមចល័តចំនួន៤ក្រុមបន្ថែមទៀត ដើម្បីចុះបើកផ្ដល់តាមរោងចក្រធំៗទាំង២០០រោងចក្រ ដែលមានប្រើប្រាស់ពលករខ្មែរលើសពី៧០នាក់។ ចំពោះកម្រៃសេវាផ្លូវការ ក្នុងការបើកផ្ដល់សំណុំឯកសារទាំងនេះមានចំនួន ៩៥០បាត។

លោករដ្ឋមន្ត្រីបានលើកឡើងផងថា ក្រៅពីការចែកលិខិតឆ្លងដែនដែលនៅសេសសល់ ក្នុងយុទ្ធនាការ១០០ថ្ងៃនេះ ក្រសួងការងារនិងក្រសួងពាក់ព័ន្ធក៏នឹងបើកការធ្វើលិខិតឆ្លងដែនថ្មី ជូនពលករមិនទាន់មានលិខិតឆ្លងដែនផងដែរ។ ការធ្វើលិខិតឆ្លងដែនលើកនេះ គឺឆាប់រហ័សជាងពេលមុន ពោលគឺធ្វើតែមួយថ្ងៃបានតែម្តង ជាមួយតម្លៃ ២,៣៥០បាត ស្មើនឹងជាង ៦៨ដុល្លារអាមេរិក ហើយគ្រោងធ្វើឱ្យបាន ៥០០នាក់ ក្នុងមួយថ្ងៃទៀតផង៕ ដេប៉ូ/sn