ពលរដ្ឋខ្មែរសម្រុកទៅធ្វើការនៅប្រទេសថៃក្រោយពីចប់ពិធីបុណ្យចូលឆ្នាំថ្មី

http://www.rfa.org/khmer/news ដោយ ហ៊ុំ ចំរើន 2017-04-18

ប្រជាពលរដ្ឋដែលធ្វើការងារនៅក្បែរតំបន់ព្រំដែនថៃ ក្នុងខេត្តបាត់ដំបង និងពលករធ្វើចំណាកស្រុកទៅប្រទេសថៃ នៅព្រឹកថ្ងៃទី១៨ មេសា សម្រុកធ្វើដំណើរចេញពីចំណតឡានពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅគោលដៅរៀងៗខ្លួន។ មន្ត្រីប៉ូលិសនៅចំណតឡានអះអាងថា អ្នកធ្វើដំណើរសម្រុកចេញទៅព្រំដែនមមាញឹកខ្លាំង គឺចាប់ពីថ្ងៃទី១៦ មេសា មក។ អ្នកធ្វើដំណើរភាគច្រើនមានអីវ៉ាន់សំពីងសំពោងជាប់ខ្លួន អ្នកខ្លះទៅជាក្រុម និងខ្លះទៀតមានកូនតូចជាប់ទៅជាមួយផង។

ពលករទៅធ្វើការនៅប្រទេសថៃ ម្នាក់រស់នៅសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង លោក ប៊ឿន រ៉ាដេត អង្គុយនៅក្នុងរថយន្តថ្លែងថា លោកធ្វើដំណើរគ្នា ២នាក់តាមឡានតាក់ស៊ី ប្រញាប់ទៅធ្វើការងារជាកម្មករលក់សាច់ជ្រូកនៅខេត្តព្រះថុមថាននី ជាប់ទីក្រុងបាងកក ប្រទេសថៃ។ លោកបន្ថែមថា កន្លែងលោកធ្វើការនៅប្រទេសថៃ បានប្រាក់ឈ្នួលប្រមាណ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ៖ «ដោយសារការងារកន្លែងខ្ញុំគេប្រញាប់ ព្រោះអីខ្ញុំសុំគេបានមកតែមួយអាទិត្យទេ ហើយបើផុតកំណត់ គេយកអ្នកថ្មីដាក់។ ដូច្នេះខ្ញុំមិនអាចនៅបន្តទៀតបានទេ ព្រោះអីកន្លែងដោតសាច់ជ្រូកមានគ្នាតែ ៨នាក់ទេ ហើយម្យ៉ាងទៀតសាច់ជ្រូកគេប្រឡាក់ពេញធុងហើយ បើពួកខ្ញុំអត់ទៅ អត់មានអ្នកធ្វើការ»។ នៅតាមផ្លូវជាតិលេខ៥ រង្វង់មូលព្រះនារាយណ៍ សង្កាត់អូរចារ ក្រុងបាត់ដំបង មានទាំងអ្នកធ្វើដំណើរទៅព្រំដែនថៃ តាមរថយន្តឈ្នួល និងអ្នកធ្វើដំណើរដោយរថយន្ត និងម៉ូតូផ្ទាល់ខ្លួន។

អ្នកដំណើរម្នាក់ទៀតរស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងឈរចាំឡាននៅរង្វង់មូលព្រះនារាយណ៍ លោកស្រី ឈុត នី ថ្លែងថា លោកស្រីធ្វើដំណើរមានគ្នា ៥នាក់ រួមទាំងប្ដី និងកូន ប្រញាប់ទៅធ្វើការជាកម្មករនៅព្រំដែនស្រុកសំឡូត ខេត្តបាត់ដំបង៖ «ឡានឈ្នួលគេយកតម្លៃម្នាក់ ១៥.០០០រៀល។ ខ្ញុំទៅគ្នា ១នាក់ ប្ដីអស់ ៣ម៉ឺនរៀល ចំពោះកូនខ្ញុំ ៣នាក់ទៀត គេមិនយកលុយទេ ព្រោះអីពួកគេអង្គុយនៅលើភ្លៅរបស់ខ្ញុំ មិនបានអង្គុយនៅលើកៅអីទេ»។

មន្ត្រីប៉ូលិសសង្កាត់អូរចារ ដែលកំពុងធ្វើសណ្ដាប់ធ្នាប់នៅរង្វង់មូលព្រះនារាយណ៍ លោក ម៉ៃ ខេម មានប្រសាសន៍ថា ប្រជាពលរដ្ឋធ្វើដំណើរមមាញឹកខ្លាំងចាប់ពីថ្ងៃទី១៦ មេសា មក ហើយថាពលរដ្ឋបន្តធ្វើដំណើរច្រើនរហូតដល់ថ្ងៃទី២០ មេសា។ លោកអះអាងថា អ្នកធ្វើដំណើរភាគច្រើនឆ្ពោះទៅព្រំដែនថៃ ជាប់ខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ «ពេលធម្មតាអ៊ីចឹង ឡាននៅនេះមិនច្រើនទេ ឡានទើបតែច្រើនក្រោយចប់បុណ្យចូលឆ្នាំ។ ឡានខ្លះមិនមែនឡានរត់តាក់ស៊ីទេ តែគេមកឃើញមានភ្ញៀវច្រើន ក៏នាំគ្នារត់ឈ្នួលដែរទៅ។ ដល់ពេលផុតពីថ្ងៃបុណ្យទៅ មានតែឡានតាក់ស៊ីធម្មតាទេប្រចាំនៅចំណតឡាននេះ»។

ទោះជាយ៉ាងណា តម្លៃឡានតាក់ស៊ីក្រោយបុណ្យចូលឆ្នាំឡើងថ្លៃជាងថ្ងៃធម្មតា ១ម៉ឺនរៀលក្នុងម្នាក់ ដោយពីក្រុងបាត់ដំបង ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តម្លៃ ៣ម៉ឺនរៀលក្នុងម្នាក់ ដែលខុសពីថ្ងៃធម្មតាតម្លៃតែ ២ម៉ឺនរៀលក្នុងម្នាក់។ អ្នករត់តាក់ស៊ីឲ្យដឹងថា ចំនួនឡានតាក់ស៊ីនៅរង្វង់មូលព្រះនារាយណ៍នៅក្រុងបាត់ដំបង នៅអំឡុងពេលបុណ្យចូលឆ្នាំមានប្រមាណពី ៤០ ទៅ ៦០គ្រឿងក្នុងមួយថ្ងៃ៕