នាយកអង្គការ AIM ថាទូរទស្សន៍ CNN ដាក់ចំណងជើងរឿងការរកស៊ីផ្លូវភេទខុសពីអត្ថបទ

http://www.rfa.org/khmer/news/human-rights/ ដោយ ប្រាជ្ញ ចេវ 2017-08-21

នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ ហៅកាត់ថា AIM លោក ដន ប្រ៊ូស្ទើ (Don Brewster) អះអាងថា ទូរទស្សន៍ស៊ីអិនអិន(CNN) ដាក់ចំណងជើងទាក់ទងនឹងការរកស៊ីផ្លូវភេទនៅកម្ពុជា ខុសពីអត្ថន័យក្នុងអត្ថបទដែលទូរទស្សន៍នេះចុះផ្សាយ។

លោក ដន ប្រ៊ូស្ទើ ថ្លែងដូចនេះក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការអង្គការរបស់លោកក្នុងក្រុងភ្នំពេញ នៅថ្ងៃទី២១ សីហា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបិទអង្គការមួយនេះ ដោយសារតែការចុះផ្សាយរបស់ទូរទស្សន៍ស៊ីអិនអិន ដែលដាក់ចំណងជើងថា ស្ត្រីខ្មែរត្រូវបានលក់ធ្វើជាពេស្យាចារ។

លោក ដន ប្រ៊ូស្ទើ អះអាងថា ក្រោយពីការចុះផ្សាយដោយខុសចំណងជើងនេះ លោកបានសរសេរទៅទូរទស្សន៍នេះឲ្យកែតម្រូវ ភ្លាមៗទូរទស្សន៍នេះក៏ព្រមកែតម្រូវ។ លោកបន្តថា ទូរទស្សន៍ស៊ីអិនអិន បានដឹងថា ក្មេងស្រីទាំង៣នាក់ ដែលផ្ដល់បទសម្ភាសន៍ទាំងនោះ ជាជនជាតិវៀតណាម រស់នៅកម្ពុជា។ បន្ថែមពីនេះ លោក ដន ប្រ៊ូស្ទើ អះអាងថា អង្គការរបស់លោកមិនមែនបង្កើតឡើងដើម្បីជាកេងចំណេញណាមួយពីកម្ពុជានោះទេ តែផ្ទុយទៅវិញ ជាការលើកស្ទួយនឹងប្រឆាំងការជួញដូរកុមារ និងស្ត្រីនៅកម្ពុជាតែប៉ុណ្ណឹង។